អ្នក​ឃ្លាំមើល​ការបោះឆ្នោត​​៖ការ​សង្កេត​ការណ៍​ផ្អែកលើ​គំរូ​មាន​ប្រសិទ្ធភាព​បំផុត​

អង្គការតម្លាភាពកម្ពុជាបានសន្យាធ្វើការវាយតម្លៃឱ្យបានឆាប់រហ័សពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ឃុំ សង្កាត់នៅថ្ងៃអាទិត្យដោយការបញ្ជូនអ្នកសង្កេតការណ៍១.១០០នាក់ទូទាំងប្រទេសកម្ពុជា តាមទូក និងឧទ្ធម្ភាគចក្រក្នុងករណីចាំបាច់។

នៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា អង្គការ USAID បានបរិច្ចាគប្រាក់ជិត២០0.០០០ដុល្លារដើម្បីជួយដល់ប្រតិបត្តិការក្នុងថ្ងៃបោះឆ្នោតដែលក្នុងនោះ ការិយាល័យបោះឆ្នោតគំរូ៤១០កន្លែងក្នុងចំណោមការិយាល័យបោះឆ្នោត២២.១៤៨កន្លែងនឹងត្រូវសង្កេតការណ៍។

លោក ព្រាប កុល ថ្លែងថា គម្រោងគឺត្រូវ ធ្វើរបាយការណ៍ឱ្យបានឆាប់ជាងអង្គការដទៃទៀត ដោយធ្វើការវាយតម្លៃឱ្យបានទូលំទូលាយ។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅសន្និសីទសាព័ត៌មានមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងនៅសន្និសីទសាព័ត៌មានមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍នឹងត្រូវដាក់ពង្រាយទៅកាន់ “តំបន់កោះ តំបន់ដាច់ស្រយាល ពួកគេប្រហែលជាចាំបាច់ត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ…ពួកគេប្រហែលជាជិះទូកទៅកាន់កោះជាដើម”។

លោក ព្រាប កុល បានមានប្រសាសន៍ថា អ្នកសង្កេតការណ៍ទាំង១.១០០នាក់ត្រូវឆ្លងកាត់ការសម្ភាស និងការពិនិត្យមើលប្រវត្តិយ៉ាងល្អិតល្អន់ដើម្បីធានាថា ពួកគេមិនជាប់ពាក់ព័ន្ធគណបក្សនយោបាយណាមួយ។អង្គការមិនមែនរដ្ឋាភិបាលប្រឆាំងអំពើពុករលួយក៏បានឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ផងដែរ។

លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលបានចុះឈ្មោះអ្នកសង្កេតការណ៍ប្រហែល១៥.០០០នាក់  បានមានប្រសាសន៍ថា ខុមហ្វ្រែល នឹងរៀបរាប់សង្ខេប ប្រាប់សាធារណជនពីលទ្ធផលមួយចំនួនរបស់ខ្លួននៅថ្ងៃអាទិត្យ ថ្ងៃច័ន្ទ និងថ្ងៃអង្គារ ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់ខ្លួននឹងមិនទាន់មានទេនៅរយៈពេលពីរខែទៀតក្រោយការបោះឆ្នោត។

លោក គឹម ឈន បានមានប្រសាសន៍ថា វាជាការសំខាន់ណាស់ក្នុងការដាក់មនុស្សនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ឬយ៉ាងហោចណាស់ក៏មានម្នាក់ដែររវាងការិយាល័យបោះឆ្នោតពីរ។

លោកបានថ្លែងថា “ប្រសិនបើយើងគ្មានភ័ស្តុតាង បើទោះជាយើងមិនមានរូបភាពពិត រូបថតពិតនៅការិយាល័យបោះឆ្នោតដែលមានបញ្ហា…ក៏យើងមិនអាចបង្ហាញថា វាបានកើតឡើងដែរ។ ខុមហ្វ្រែលព្យាយាមបង្ហាញភ័ស្តុតាងទាំងអស់”៕ សារុន

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.