ពលករ​ចំណាកស្រុក​​​យ៉ាង​ច្រើន​សម្រុក​ទៅ​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​​

កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។

អ្នកទាំងនេះបានផ្អើលនាំគ្នាទៅកាន់នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើលិខិតឆ្លងដែន។ ការកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកទៅធ្វើលិខិតឆ្លងដែននេះកើតមានឡើងក្រោយពីច្បាប់ថ្មីៗត្រូវបានអនុម័តនៅក្នុងប្រទេសថៃ នាំឱ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដែលធ្វើការនៅទីនោះដោយគ្មានលិខិតស្នាមត្រឹមត្រូវ រត់ភៀសខ្លួនមកស្រុកវិញក្នុងរយៈពេលពីរសប្ដាហ៍មកនេះ។

ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរសម្រុកនាំគ្នាទៅធ្វើលិខិតឆ្លងដែននៅនាយដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងខណ្ឌច្បារអំពី រាជធានីភ្នំពេញ កាលពីម្សិលមិញ។ Hannah Hawkinsនី
ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរសម្រុកនាំគ្នាទៅធ្វើលិខិតឆ្លងដែននៅនាយដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងខណ្ឌច្បារអំពី រាជធានីភ្នំពេញ កាលពីម្សិលមិញ។ Hannah Hawkins

អ្នកទាំងនេះស្ថិតក្នុងចំនួនពលករខ្មែររាប់ាន់នាក់ដែលភៀសខ្លួនពីប្រទេសថៃ។ ពួកគាត់បានអង្គុយលើដី ខណៈពេលពួកគាត់រង់ចាំគេហៅឈ្មោះរបស់ខ្លួន  ឬឈរផ្តុំគ្នាដោយគ្មានរបៀបរៀបរយនៅខាងក្រៅបន្ទប់ធ្វើលិខិតស្នាម។

លោក កុយ កែម អាយុ២៨ឆ្នាំ ជាកម្មករសំណង់ដែលធ្វើការនៅខេត្តភាគអាគ្នេយ៍ឈុនប៊ូរី (Chonburi) ប្រទេសថៃនិយាយថា គាត់បានធ្វើដំណើរពីខេត្តបន្ទាយមានជ័យ មកដល់កន្លែងធ្វើលិខិតឆ្លងដែនេនះនៅម៉ោងប្រហែល៨ព្រឹក ហើយបានដាក់ពាក្យស្នើសុំនៅពេលថ្ងៃត្រង់។

បុរសរូបនេះនិយាយថា គាត់បានភៀសខ្លួនពីប្រទេសថៃ ជាមួយពលករខ្មែរប្រាំពីរនាក់ទៀតកាលពីប្រាំថ្ងៃមុន បន្ទាប់ពីថៅកែរបស់គាត់ប្រាប់ពួកគាត់ថា អាជ្ញាធរកំពុងចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់។ គាត់បានបន្តថា “ខ្ញុំខ្លាចប៉ូលិសចាប់ខ្លួន”។

គាត់បានប្រាប់ថា ក្រុមហ៊ុនរបស់គាត់ជាអ្នកចេញថ្លៃធ្វើលិខិតឆ្លងដែនសម្រាប់ពួកគាត់ទាំងប្រាំបីនាក់ ហើយគាត់គ្រោងត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីធ្វើលិខិតស្នាមរួច។

ស្ត្រីជាកម្មករសំណង់ម្នាក់ទៀតឈ្មោះ ជា ណាធី អាយុ២០ឆ្នាំ និយាយថា គាត់ធ្វើការនៅក្នុងប្រទេសថៃរយៈពេល៤ឆ្នាំមកហើយ ហើយគាត់បានត្រឡប់មកស្រុកវិញកាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីថៅកែរបស់គាត់លែងមានលទ្ធភាពសូកប៉ាន់អាជ្ញាធរថៃ “ដើម្បីកុំឱ្យគេចាប់ខ្លួនពួកយើង”។

ស្ត្រីរូបនេះនិយាយទៀតថា គាត់រំពឹងថា លិខិតឆ្លងដែនរបស់គាត់ដែលថៅកែជាអ្នកចេញថ្លៃចំណាយនឹងត្រូវចំណាយពេលរាប់ខែទម្រាំតែធ្វើរួច។គាត់ប្រាប់ថា គាត់ត្រូវការប្រាក់ ដូច្នេះគាត់គ្រោងវិលត្រឡប់ទៅប្រទេសថៃវិញនៅចន្លោះពេលរង់ចាំនេះ។ គាត់លើកឡើងថា “ខ្ញុំនឹងត្រឡប់ទៅថៃ វិញតាមច្រករបៀង។ ខ្ញុំនឹងប្រថុយ”។

មុនពេលចេញច្បាប់ថ្មីៗទាំងនេះនៅក្នុងប្រទេសថៃ ដែលផ្តន្ទាទោសធ្ងន់ធ្ងរចំពោះពលករចំណាកស្រុកដែលគ្មានលិខិតស្នាមត្រឹមត្រូវ នាយកដ្ឋានលិខិតឆ្លងដែនទទួលបានពាក្យស្នើសុំលិខិតឆ្លងដែនប្រហែល១.០០០ក្នុងមួយថ្ងៃ នេះបើយោងតាមការបញ្ជាក់ពីលោក ព្រំ ចាន់សុខា ប្រធាននាយកដ្ឋាននេះ។ លោកមានប្រសាសន៍ថា ទោះជាយ៉ាងណា ចាប់តាំងពីពេលនោះមក ទំហំការងាររបស់នាយកដ្ឋានបានកើនឡើង។

លោកប្រាប់ថា កៅស៊ូតង់ត្រូវបានដំឡើងសម្រាប់អ្នករង់ចាំនៅខាងក្រៅជ្រកថ្ងៃ ខណៈមន្ត្រីរបស់លោកធ្វើការបន្ថែមម៉ោង។ លោកបញ្ជាក់ថា ជាធម្មតាការិយាល័យនេះបើកនៅម៉ោង៨ព្រឹក ហើយបិទនៅម៉ោង៤រសៀល។ “ឥឡូវ ពេលខ្លះយើងបើករហូតដល់ម៉ោង៦កន្លះល្ងាច”។ មន្ត្រីម្នាក់ឈ្មោះ ទិត្យ វ៉ាន់ថា ដែន និយាយថា កាលពីម្សិលមិញ មានអ្នកដាក់ ពាក្យស្នើសុំជាង៣.០០០នាក់នៅកន្លែងធ្វើលិខិតឆ្លងដែនស្ថិតក្នុងខណ្ឌច្បារអំពៅនេះ ជាកន្លែងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាធ្វើលិខិតឆ្លងដែន។

ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរសម្រុកនាំគ្នាទៅធ្វើលិខិតឆ្លងដែននៅនាយដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងខណ្ឌច្បារអំពី រាជធានីភ្នំពេញ កាលពីម្សិលមិញ។ Hannah Hawkins
ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរសម្រុកនាំគ្នាទៅធ្វើលិខិតឆ្លងដែននៅនាយដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងខណ្ឌច្បារអំពី រាជធានីភ្នំពេញ កាលពីម្សិលមិញ។ Hannah Hawkins

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា យោងតាមក្រសួងការងារ ប្រហែល៣០០.០០០នាក់ក្នុងចំណោមពលករខ្មែរជាង១លាននាក់ដែលធ្វើការនៅក្នុងប្រទេសថៃ គ្មានឯកសារស្របច្បាប់ទេ ក្នុងនោះរួមមានទាំងលិខិតឆ្លងដែនផងដែរ។

ពួកគាត់បានឆ្លងដែនទៅធ្វើការនៅក្នុងប្រទេសថៃ ដោយសារទទួលបានប្រាក់ឈ្នួលខ្ពស់ជាងនៅក្នុងស្រុក។ យោងតាមកាសែតបាងកកប៉ុស្តិ៍ឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសថៃ គឺប្រហែល៩ដុល្លារក្នុងមួយថ្ងៃ។ ទោះបីជានៅក្នុងប្រទេសកម្ពុជា គ្មានការកំណត់ប្រាក់ឈ្នួលអប្បបរមាស្ដង់ដាក្ដី ក៏អង្គការមិនមែនរដ្ឋាភិបាលប្រឆាំងភាពក្រីក្រមានឈ្មោះថា Care Cambodia បានលើកឡើងថា កម្មករសំណង់នៅក្នុងប្រទេសកម្ពុជា ទទួលបានប្រាក់ឈ្នួលចន្លោះពី៥ដុល្លារទៅ៧ដុល្លារក្នុងមួយថ្ងៃ។

ច្បាប់ថ្មីនៅក្នុងប្រទេសថៃ ផ្តន្ទាទោសដាក់ពន្ធនាគារពលករដែលគ្មានលិខិតស្នាមត្រឹមត្រូវរហូតដល់ទៅ៥ឆ្នាំ។ បន្ទាប់ពីការភ័យស្លន់ស្លោ និងការភាន់ច្រឡំបានបណ្តាលឱ្យមានការរត់ភៀសខ្លួនភ្លូកទឹកភ្លូកដីក្នុងចំណោមពលករចំណាកស្រុកនៅក្នុងប្រទេសនេះ ដែលភាគច្រើនជាពលរដ្ឋខ្មែរ ជនជាតិភូមា និងជនជាតិឡាវ រដ្ឋាភិបាលបានប្រកាសថា ការអនុវត្តច្បាប់ទាំងនោះនឹងត្រូវផ្អាករហូតដល់ថ្ងៃទី០១ ខែមករា។

កាលពីម្សិលមិញ លោក ត្រយ ឌូលី (Troy Dooley) អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) មានប្រសាសន៍ថា ចំនួនពលករវិលត្រឡប់មកវិញបានថយចុះ ហើយស្ថានភាពបាន ”ត្រឡប់ទៅរកសភាពធម្មតាវិញ” ហើយនៅច្រកអន្តរជាតិប៉ោយប៉ែត ដែលជាច្រកធំបំផុតនៅតាមបណ្តោយព្រំដែនថៃ។

លោកបានលើកឡើងទៀតថា កាលពីថ្ងៃច័ន្ទ ពលរដ្ឋខ្មែរចំនួន១៩២នាក់បានឆ្លងកាត់ច្រកព្រំដែននេះ ហើយជាមធ្យមក្រោមស្ថានភាពធម្មតា មានពលរដ្ឋខ្មែរត្រឡប់មកវិញប្រហែល២០០នាក់ ឬតិចជាងនេះ។

លោកមានប្រសាសន៍ថា “ចំនួនបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីថ្ងៃទី៤ ខែមករា” ហើយការកើនឡើងចំនួនអ្នកវិលត្រឡប់មកវិញដល់ប្រហែល៦០០នាក់កាលពីថ្ងៃអាទិត្យ អាចបណ្ដាលមកពីមួយចំនួនធំនៃអ្នកដែលត្រូវគេបណ្ដេញចេញពីប្រទេសម៉ាឡេស៊ី ដែលមានការបង្ក្រាបស្រដៀងគ្នាដូចនៅក្នុងប្រទេសថៃ៕ សុខុម

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.