គ.ជ.ប​​​ ត្រូវ​​​បាន​​​ជំរុញ​​​ឲ្យអនុញ្ញាត​​​ឲ្យ​​​ពល​​​ករ​​​អាច​​​ចុះឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្រៅប្រទេស​​​

កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានខិតខំសាជាថ្មីជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើយ៉ាងណាអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោតបាន ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបក៏បានស្នើផងដែរឲ្យគណៈកម្មាធិការនេះរកមូលដ្ឋានមកគាំទ្រការអះអាងរបស់ខ្លួនដែលថា ច្បាប់បច្ចុប្បន្នត្រូវធ្វើវិសោធនកម្មដើម្បីឲ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះបាននោះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលម្តងហើយម្តងទៀតចំពោះសំណើរបស់គណបក្សប្រឆាំង និងអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យដែលនឹងជួយឲ្យពលករខ្មែរជាង១លាននាក់អាចចុះឈ្មោះបោះឆ្នោតបាន។ ពួកគេបានព្យាយាមម្តងទៀត អំឡុងកិច្ចពិភាក្សារៀបចំដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) នៅក្នុងរាជធានីភ្នំពេញដើម្បីពិភាក្សាអំពីសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីការចុះឈ្មោះបោះឆ្នោតរបស់គ.ជ.ប។

IMG_7540លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(និកហ្វិច) បានលើកឡើងថា វាមិនលំបាកទេហើយបញ្ហាបច្ចេកទេសក៏មិនចំណាយប្រាក់អស់ច្រើនដែរ នៅក្នុងការអនុញ្ញាតឲ្យពលករខ្មែរធ្វើការនៅក្រៅប្រទេសអាចចុះឈ្មោះបាន និងសូម្បីបោះឆ្នោតក៏បានដែរនៅកន្លែងដែលពួកគេរស់នៅ ហើយជួយឲ្យពួកគេមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយ និងចំណាយប្រាក់អស់ច្រើនក្នុងការធ្វើដំណើរមកស្រុកកំណើតវិញ។

លោកបានថ្លែងថា “ពួកគាត់ទៅចុះឈ្មោះ នៅទូតខ្មែរយើងនៅតាមប្រទេសហ្នឹងទៅបោះឆ្នោតហើយគេបញ្ជូនសន្លឹកឆ្នោតមកស្រុកខ្មែរ មកសរុបក៏បានដែរ។ អត់មានអីពិបាកទេ។ បញ្ហាបច្ចេកទេស ខ្ញុំមើលទៅអត់មានចំណាយថវិកាច្រើនទេ ខ្ញុំខ្លាចតែបញ្ហាឆន្ទៈនយោបាយទេដែលធ្វើមិនកើត”។

លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់បានលើកឡើងថា វាមានការងាយស្រួលទេនៅក្នុងការបោះឆ្នោតសម្រាប់ពលករខ្មែរជាង១លាននាក់នៅប្រទេសថៃ រួមជាមួយនឹងពលករខ្មែររាប់មឺុននាក់ផ្សេងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង ។

លោកបានមានប្រសាសន៍ថា “ជម្រើសដ៏ល្អបំផុតសម្រាប់ធានាសិទ្ធិរបស់ពួកគាត់ហ្នឹងមានសិទ្ធិក្នុងការបោះឆ្នោតបានហ្នឹងគឺបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនិងការិយាល័យបោះឆ្នោតនៅកន្លែងស្ថានទូត ឬស្ថានកុងស៊ុល”។ លោកបានបន្តថា “ឧទាហរណ៍ដូចនៅថៃអ៊ីចឹង យើងមានស្ថានទូតយើងនៅទីក្រុងបាងកក ហើយយើងមានស្ថានកុងស៊ុលយើងនៅ [ខេត្ត] ស្រះកែវ”។

លោកបានលើកឡើងថា ជម្រើសដ៏ល្អបំផុតបន្ទាប់ទៀតដែលក៏ធ្លាប់ត្រូវបានច្រានចោលដោយ គ.ជ.ប ដែរនោះ គឺត្រូវបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្នុងទឹកដីកម្ពុជា ប៉ុន្តែ ក្បែរព្រំដែនថៃដើម្បីជួយពលករខ្មែរនៅក្នុងប្រទេសថៃមិនចាំបាច់ចំណាយប្រាក់អស់ច្រើនដើម្បីធ្វើដំណើត្រឡប់មកខេត្តដែលជាស្រុកកំណើតរបស់ខ្លួន។

លោក ឌី ភីរុណ អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានលើកឡើងថា លោកនឹងបញ្ជូនសំណើទាំងនេះទៅ គ.ជ.ប ដែលមានសមាជិក៩រូបប៉ុន្តែ ថា លោកជឿជាក់ថា គ.ជ.បនឹងតម្រូវឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហ្នឹង។

លោកបានថ្លែងថា “ជាគោលការណ៍ការចុះឈ្មោះគឺនៅក្នុងឃុំសង្កាត់ដែលគាត់ត្រូវបោះឆ្នោត អ៊ីចឹងគាត់រស់នៅឃុំសង្កាត់ណាគាត់ត្រូវចុះឈ្មោះក្នុងឃុំសង្កាត់នោះ គឺច្បាប់បោះឆ្នោតមិនតម្រូវឲ្យយើងចុះឈ្មោះនៅក្រៅប្រទេសទេ”។

ប៉ុន្តែ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនយល់ស្របឡើយហើយបានស្នើឲ្យ គ.ជ.ប គូសបញ្ជាក់ឲ្យបានច្បាស់ថា តើច្បាប់ត្រង់ម្រាត្រាណាដែលហាមឃាត់មិនឲ្យមានការចុះឈ្មោះនៅក្រៅប្រទេស។

លោកបានមានប្រសាសន៍ថា ”សូមបញ្ជាក់ថា ច្បាប់មិនបានហាមឃាត់ទេ។ ច្បាប់បានផ្តល់សិទ្ធិទៅ គ.ជ.បជាអ្នកអនុវត្តទៅតាមលទ្ធភាពដែលអាចធ្វើបាន។

លោកបានថ្លែងបន្តថា “បើ គ.ជ.ប ថាការងារមួយចំនួនធ្វើមិនកើតដោយសារច្បាប់  សូម គ.ជ.បបញ្ជាក់មក ច្បាប់មាត្រាណា ហើយ ចង់កែយ៉ាងម៉េច យើងខ្ញុំនឹងត្រៀមខ្លួនដើម្បីស្នើច្បាប់ហ្នឹងភ្លាម មិនទុកឲ្យលើសមួយសប្តាហ៍ទេ។

គ.ជ.បគ្រោងចាប់ផ្តើមចុះឈ្មោះសម្រាប់ ការបោះឆ្នោតជាតិនៅឆ្នាំក្រោយចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី៩ខែវិច្ឆិកា ។

គណបក្សតូចៗមួយចំនួនក៏បានចូលរួម កិច្ចពិភាក្សានោះដែរ។ ខុមហ្វ្រែលបានលើកឡើងថា ក៏មានការអញ្ជើញគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចឲ្យមកចូលរួមដែរ ប៉ុន្តែ គណបក្សនេះមិនបានបញ្ជូនតំណាងមកចូលរួមទេ៕ ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.