​​​គម្រោង​​​មាន​​​បំណង​​​បញ្ជូន​​​កុមារ​​​នៅ​​​តាម​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ទៅ​​​រស់នៅ​​​ជាមួយ​​​​​​គ្រួសារ​​​វិញ

ក្រុងបាត់ដំបង-បើទោះជាពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រាក្តី ក៏កុមារប្រមាណ១៣.០០០នាក់នៅក្នុងកន្លែងមួយចំនួនទូទាំងប្រទេស យ៉ាងហោចណាស់មានឪពុកឬម្តាយនៅមានជីវិតដែរ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជាមួយមណ្ឌលកុមារកំព្រានោះ ក្រុមមន្ត្រីក្នុងខេត្តបាត់ដំបង កាលពីម្សិលមិញបានចាប់ផ្តើមកម្មវិធីសាកល្បងមួយក្នុងគោលបំណងបញ្ជូនកុមារឱ្យត្រឡប់ទៅរស់់នៅជាមួយក្រុមគ្រួសាររបស់ពួកគេវិញ។

ក្រុមមន្ត្រីបានថ្លែងថា កម្មវិធីសាកល្បងនេះនឹងតម្រូវឱ្យមណ្ឌលកុមារកំព្រាចំនួន៣៥នៅក្នុងខេត្តធ្វើការជាមួយមន្ត្រីថ្នាក់ខេត្តនិងថ្នាក់មូលដ្ឋាន និងបុគ្គលិកសង្គមដើម្បីកាត់បន្ថយឱ្យនៅត្រឹម៣០ភាគរយ ត្រឹមដំណាច់ឆ្នាំក្រោយ ដែលមានកុមារសរុប៤៤០នាក់ ។

លោក Bruce Grant ប្រធានកម្មវិធីសុខុមាលភាពកុមាររបស់អង្គការយូនីសេហ្វបានថ្លែងអំឡុងពិធីចាប់ផ្តើមនៅសាលាខេត្តបាត់ដំបងថា “កុមារគ្រប់រូបមានសិទ្ធិរស់នៅធំដឹងក្តីជាមួយក្រុមគ្រួសារ ហើយប្រសិនមិនអាចធ្វើទៅបានទេ ក៏រស់នៅក្នុងសហគមន៍ដែរ។ ការគាំពាររួមគ្នាគួរតែជាជម្រើសចុងក្រោយសម្រាប់រយៈពេលដ៏ខ្លីបំផុត”។

cam-photo-child-care-retkaកម្មវិធីសាកល្បងនេះគឺជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលដើម្បីគ្រប់គ្រងប្រព័ន្ធមណ្ឌលកុមារកំព្រាដែលមិនទាន់រៀបចំបានត្រឹមត្រូវក្នុងប្រទេសកម្ពុជាដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៥ ជាមួយនឹងយុទ្ធនាការចុះបញ្ជី និងកំណត់ទីតាំងមណ្ឌលកុមារកំព្រានៅទូទាំងប្រទេស។ វាក៏ជាជំហានដំបូងសំដៅធ្វើឲ្យប្រព័ន្ធនេះងាកចេញពីការគាំពាររបស់ស្ថាប័នឆ្ពោះទៅការគាំពារដែលផ្អែកលើសហគមន៍និងក្រុមគ្រួសារវិញ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនមានចម្ងល់ថា តើមានហានិភ័យអ្វីខ្លះដែលកុមារអាចប្រឈមនៅពេលពួកគេត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញដែលពួកគេធ្លាប់ចាកចេញនោះ។

លោក Grant បានថ្លែងថា គោលនយោបាយនេះអំពាវនាវឱ្យបុគ្គលិកមណ្ឌលកុមារកំព្រាធ្វើការវាយតម្លៃអំពីគ្រួសារកុមារគ្រប់រូបដែលរស់នៅមណ្ឌលរបស់ខ្លួនដើម្បីកំណត់ថា តើពួក គេមានសុវត្ថិភាពឬយ៉ាងណានៅពេលទៅរួមរស់ជាមួយឪពុកឬម្តាយដែលនៅមានជីវិត ឬជាមួយក្រុមគ្រួសារដែលមានសាច់ញាត់ច្រើននោះ។ លោកបានថ្លែងទៅកាន់បុគ្គលិកមណ្ឌលកុមារកំព្រាដែលចូលរួមយ៉ាងច្រើនថា ក៏មានការ “ស្នើកុំឲ្យបើកកន្លែងថ្មី ឬកុំឲ្យពង្រីកសេវាកម្មផងដែរ។

លោក រស់ សុខា ប្រធានមន្ទីរផ្នែកសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា រដ្ឋាភិបាលបានកំណត់ថា ការធ្វើឱ្យមណ្ឌលកុមារកំព្រាទូទាំងប្រទេសប្រសើរទៅបានអាស្រ័យលើការចូលរួមរបស់មន្ត្រីមូលដ្ឋាន។

យោងតាមទិន្នន័យរបស់អង្គការយូនីសេហ្វពីឆ្នាំ ២០១៥បានឲ្យដឹងថា កុមារប្រហែល៨០ភាគរយនៅក្នុងចំណោមកុមារ១៦.៥៧៩នាក់នៅក្នុងប្រទេសដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាយ៉ាងហោចណាស់មានឪពុក ឬម្តាយនៅមានជីវិតដែរ។រាជធានីភ្នំពេញ និងខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ និងខេត្តកណ្តាល មានកុមារកំព្រា៧១ភាគរយក្នុងចំណោមកុមារកំព្រាទាំងអស់ក្នុងប្រទេស ធ្វើឲ្យក្លាយជាចំណុចដ៏សំខាន់សម្រាប់គំនិតផ្តួចផ្តើមនេះ។

លោក រស់ សុខា បានមានប្រសាសន៍ថា បើទោះជារាជធានីភ្នំពេញ និងខេត្តបីផ្សេងទៀតរំពឹងថា នឹងអនុវត្តតាមក្តី ក៏ខេត្តបាត់ដំបង គឺជាខេត្តដំបូងគេក្នុងការសាកល្បងកម្មវិធីនេះ ដែលក្នុងនោះមន្ត្រីថ្នាក់ខេត្ត ស្រុក និងឃុំទទួលខុសត្រូវក្នុងការហត្ថលេខាលើការបញ្ជូនកុមារទាំងនោះទៅរស់នៅជាមួយក្រុមគ្រួសារវិញ។

ក្រុមអ្នកជំនាញបានលើកឡើងថា កុមារដែលមួយភាគធំត្រូវបានបញ្ជូនទៅមណ្ឌលកុមារកំព្រាគឺដោយសារតែភាពក្រីក្រ និងកង្វះការទទួលបានការអប់រំ និងសេវាគាំពារសុខភាព។

លោក ភួង សិទ្ធិ ប្រធានការិយាល័យសុខុមាលភាពកុមារនៃមន្ទីរសង្គមកិច្ចខេត្តបាត់ដំបងបានមានប្រសាសន៍ថា ក្នុងការទទួលយកកុមារត្រឡប់មកវិញ ក្រុមគ្រួសារទទួលបានការគាំទ្របន្ថែមពីអង្គការមិនមែនជារដ្ឋាភិបាលជាដៃគូ។

លោក ភួង សិទ្ធិ បានថ្លែងថា នៅក្នុងមណ្ឌលកុមារកំព្រាពីរដែលគ្រប់គ្រងដោយរដ្ឋ កុមារ៩៨នាក់ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ នៅពេលក្រុមមន្ត្រីបានចាប់ផ្តើមដំណើរការឲ្យពួកគេទៅរស់នៅជាមួយក្រុមគ្រួសារវិញកាលពីដើមឆ្នាំមុន។

លោកបានបន្តថា ការចាប់ផ្តើមកាលពីម្សិលមិញ ចាត់ថាជាការចាប់ផ្តើមមួយចំពោះមណ្ឌលកុមារកំព្រា៣៣ដែលគ្រប់គ្រងដោយឯកជននៅក្នុងខេត្តនេះដែលពួកគេត្រូវចាត់វិធានការដែរ។

លោក ភួង សិទ្ធិ បានថ្លែងថា ការសម្រេចបញ្ជូនកុមារត្រឡប់ទៅផ្ទះវិញគឺផ្អែកលើការពិចារណាមួយចំនួន។ លោកបានបន្តថា យើងស្នើឲ្យក្រុមមន្ត្រីចុះទៅកន្លែងនោះ។ យើងត្រូវធ្វើការវាយតម្លៃពីកម្រិតជីវភាពរបស់ក្រុមគ្រួសារ និងកក្តាផ្សេងៗមួយចំនួនទៀត។

លោកបានថ្លែងថា “ប្រសិនបើពួកគេមានបញ្ហាសុខភាព នេះគឺជាប្រភេទដែលយើងអាចសម្រេចមិនបញ្ជូនពួកគេត្រឡប់ទៅនៅជាមួយគ្រួសារវិញ”។

ក្រុមមន្ត្រីបានលើកឡើងថា ប៉ុន្តែ បើទោះជាកុមារទាំងនោះមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទៅរស់នៅផ្ទះរបស់ពួកគេវិញក្តី ក៏មានព័ត៌មានលម្អិតដែលរដ្ឋាភិបាលមិនទាន់បានដោះស្រាយនៅឡើយដើម្បីធានាឲ្យមានការបញ្ជូនកុមារទាំងនោះប្រកបដោយភាពរលូន និងមានសុវត្ថិភាពដែរ។

លោក ស៊ូ អារ៉ាហ្វាត អភិបាលរងខេត្តបានមានប្រសាសន៍ថា “នៅពេលបញ្ជូនកុមារឲ្យទៅរស់នៅក្នុងសហគមន៍របស់ពួកគេវិញពួកគេអាចប្រឈមហានិភ័យ…ដូចជាអំពើហិង្សាការធ្វើចំណាកស្រុករបស់ក្រុមគ្រួសារ និងភាពក្រីក្រក្នុងគ្រួសារជាដើម។ យើងស្នើឲ្យក្រសួង និងមន្ទីរសង្គមកិច្ចពិនិត្យលទ្ធភាពទាំងនោះ”។

អ្នកស្រី នូ ដាលីន អាយុ៥៣ឆ្នាំជាបុគ្គលិកផ្នែកសង្គមនៅអង្គការ Cambodia Children’s Trust ជាអង្គការដែលមានមូលដ្ឋានក្នុងខេត្តបាត់ដំបង ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្តីពីកម្មវិធីនេះបានមានប្រសាសន៍ ថា ដំណើរការរបស់រដ្ឋាភិបាលក៏មានភាពស្មុគស្មាញផងដែរ។

លោកស្រីបានថ្លែងថា “ក្នុងការរៀបចំឯកសារ មន្ត្រីមួយចំនួនមិនមានពេលវេលា ឬជាប់រវល់…។ឧទាហរណ៍ ក្នុងការបញ្ជូនសិស្សឲ្យត្រឡប់ទៅចូលរៀនវិញនៅពាក់កណ្តាលឆ្នាំ មិនមែនជាពេលវេលាត្រឹមត្រូវឡើយ ផ្អែកតាមប្រព័ន្ធរបស់ក្រសួងអប់រំ។មានភាពស្មុគស្មាញក្នុងការងារនេះ”៕សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.