ការ​​​គ្រប់គ្រង​​​មណ្ឌលកុមារ​​​កំព្រា​​​​ប្រគល់​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មូលដ្ឋាន​

យោងតាមអនុក្រឹត្យមួយដែលបានប្រកាសដល់សាធារណជនកាលពីម្សិលមិញបានឱ្យដឹងថា មណ្ឌលកុមារកំព្រានៅទូទាំងប្រទេសនឹងត្រូវដាក់ឱ្យស្ថិតក្រោមការមើលការខុសត្រូវរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងការពន្យារពេលដោយសារតែកិច្ចការរដ្ឋបាល។

អនុក្រឹត្យដែលចុះហត្ថលេខាកាលពីខែមីនា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចមានខ្លឹមសារថា កំណែទម្រង់នេះនឹងពន្លឿនការធ្វើសេចក្ដីសម្រេច និងការផ្ទេរការទទួលខុសត្រូវក្នុងការផ្ដល់សេវាទៅរដ្ឋបាលមូលដ្ឋានដែលនៅកៀកនឹងជនរងគ្រោះជាកុមារ និងកុមារដែលងាយរងគ្រោះ។ វាមានជាលើកដំបូងនៅសិក្ខាសាលាមួយដែលធ្វើឡើងនៅទីស្ដីការក្រសួងសង្គមកិច្ចកាលពីម្សិលមិញ។

លោក វង សូត បានមានប្រសាសន៍នៅសិក្ខាសាលានោះថា “តាមរយៈការផ្ទេរភារកិច្ច និងតួនាទី [ការងារ]នឹងកាន់តែប្រសើរជាងមុន និងមានប្រសិទ្ធភាពជាងមុន”។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ថ្លែងនៅក្នុងសិក្ខាសាលាដែលធ្វើឡើងនៅទីស្ដីការក្រសួងសង្គមកិច្ច ក្នុងក្រុងភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

យោងតាមអនុក្រឹត្យដដែលនេះបានឱ្យដឹងថា មន្ត្រីថ្នាក់ខេត្តនឹងមើលការខុសត្រូវមណ្ឌលកុមារកំព្រាគ្រប់គ្រងដោយរដ្ឋ ចំណែកមន្ត្រីថ្នាក់ស្រុកនឹងមើលការខុសត្រូវមណ្ឌលកុមារកំព្រាគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាល។ អនុក្រឹត្យបន្ថែមថា មន្ត្រីថ្នាក់ឃុំនឹងទទួលបន្ទុកកំណត់អត្តសញ្ញាណកុមារណាដែលត្រូវការការគាំពាររួម និងការផ្ទេរកុមារឱ្យស្ថិតក្រោមការគាំពាររបស់សហគមន៍។

លោក រស់ សុខា ប្រធាននាយកដ្ឋានសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ចបានមានប្រសាសន៍ថា ខេត្តទាំងអស់នឹងទទួលបានថវិកាប្រចាំឆ្នាំយ៉ាងតិច១៥០.០០០ដុល្លារក្នុងមណ្ឌលគាំពាររួមនីមួយៗពីរដ្ឋាភិបាល។ លោកបានថ្លែងថា វគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះសម្រាប់ថ្នាក់ដឹកនាំខេត្ត មុនពេលបន្តទៅមន្ត្រីថ្នាក់ស្រុក និងមន្ត្រីថ្នាក់ឃុំ។

លោក រស់ សុខា ថ្លែងថា ក្នុងពេលកន្លងមក ការផ្ដល់ថវិកាដើម្បីទំនុកបម្រុងកុមារចំណាយពេលយ៉ាងតិចពីរសប្ដាហ៍ឯណោះ ហើយជួនកាលដល់ទៅមួយខែឬលើសពីនេះក៏មាន ដោយសារតែការបញ្ជូនលិខិតស្នាមពីខេត្តមួយ ឬថ្នាក់ជាតិទៅកាន់ថ្នាក់បន្ទាប់។

លោកបានបន្តថា “ប៉ុន្តែឥឡូវ ដំណើរការនេះស្ថិតក្នុងដៃអាជ្ញាធរមូលដ្ឋាន។វាចំណាយពេលតែពីរឬបីថ្ងៃប៉ុណ្ណោះសម្រាប់ការដំណើរការឯកសារ និងសម្រាប់ការដកប្រាក់”។

សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីការចាប់ផ្ដើមគម្រោងសាកល្បងកាលពីថ្ងៃអង្គារ ក្នុងខេត្តបាត់ដំបង ដែលអាជ្ញាធរមូលដ្ឋានមានភារកិច្ចផ្ទេរកុមារជាង៤០០នាក់ពីតាមមណ្ឌលកុមារកំព្រាមួយចំនួនឱ្យស្ថិតក្រោមការគាំពាររបស់ក្រុមគ្រួសារ ឬសហគមន៍វិញ។ យោងតាមទិន្នន័យអង្គការយូនីសេហ្វកាលពីឆ្នាំ២០១៥ កុមារប្រមាណ១៣.០០០នាក់ ឬ ៨០ភាគរយនៃកុមារទាំងអស់ស្ថិតក្នុងការគាំពាររួមទូទាំងប្រទេស មានយ៉ាងហោចណាស់ឪពុកឬម្ដាយម្នាក់នៅមានជីវិត។

លោក សេបាស្ទៀន ស្ទ្រែងហ្គីអូ (Sebastian Strangio) អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “Hun Sen’s Cambodia” ភាពជោគជ័យនៃការផ្ទេរការទទួលខុសត្រូវនឹងពឹងផ្អែកមួយផ្នែកធំលើមន្ត្រីមូលដ្ឋាន។

កម្មវិធីនេះអាចមានឥទ្ធិពល ប្រសិនបើវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើឡើងដោយក្រុមមន្ត្រីដែលដឹងពីអ្វីដែលពួកគេកំពុងនិយាយអំពី និងក្រុមមន្ត្រីដែលបានចូលរួម ហើយចង់ដោះស្រាយបញ្ហា ប្តេជ្ញាធ្វើនោះ”៕ សារុន

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.