ប្រជាពលរដ្ឋ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​​​​ត្រូវបាន​​​ជម្លៀស​​​ចេញ​​​ខណៈ​​​ទឹក​​​ជំនន់​​​ទន្លេមេគង្គ​​​ហូរ​​​ទៅ​​​ទិស​​​ខាងត្បូង​​​

ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅតាមដងទន្លេក្នុងខេត្តត្បូងឃ្មុំ កាលពីម្សិលមិញត្រូវបានជម្លៀសចេញពីដងទន្លេមេគង្គដែលរងការជន់លិច រីឯខេត្តមួយចំនួនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះត្រូពិកឈ្មោះថា ‘Sonca’ កាលពីសប្តាហ៍មុននោះ បានត្រឡប់មកកាន់សភាពធម្មតាវិញ ហើយអ្នកដែលត្រូវបានជម្លៀសចេញ បានត្រឡប់មកកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ។

លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា “ឥឡូវនេះ យើងបារម្ភពីប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ពីព្រោះផ្ទះសំបែងរបស់ពួកគាត់នឹងត្រូវលិចលង់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ក្នុងផ្នែកខាងលើ” នៃទន្លេនោះ។

លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាង៣០០គ្រួសាររស់ក្នុងស្រុកត្បូងឃ្មុំ និងស្រុកចម្ការលើស្ថិតតាមដងទន្លេក្នុងខេត្តត្បូងឃ្មុំ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពកាលពីម្សិលមិញនៅពេលទឹកហៀរចេញពីទន្លេមេគង្គតាំងពីថ្ងៃសៅរ៍មក។

លោកបានថ្លែងថា “ទឹកបានហក់ឡើងក្នុងរយៈពេលបីថ្ងៃកន្លងមក ហើយថ្ងៃនេះឡើងដល់កម្រិតខ្ពស់”។ លោកបានបន្ថែមថា ផ្ទះជាង១.០០០ខ្នងស្ថិតក្នុងទឹក។

លោកមានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះបន្ថែមទៀតទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើការជន់លិចនៅតែបន្តរាលដាលនោះ។

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ក្រុមមន្ត្រីមិនទាន់មានឱកាសចុះទៅវាស់កម្រិតទឹកក្នុងតំបន់នោះនៅឡើយទេ។

ពីមុន ព្យុះបានបក់បោកកាត់ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ និងខេត្តកំពត បណ្តាលឱ្យមនុស្សយ៉ាងតិចបីនាក់បាត់បង់ជីវិត។

លោក កែវ វី មានប្រសាសន៍ថា ប៉ុន្តែប្រជាពលរដ្ឋប្រហែល៣៥០គ្រួសារក្នុងចំណោមប្រជាពលរដ្ឋប្រហែល៤១០គ្រួសារដែលត្រូវបានជម្លៀសចេញពីមុនក្នុងខេត្តព្រះវិហារនោះ ឥឡូវនេះបានត្រឡប់មកកាន់ផ្ទះសំបែងវិញហើយ។ ការខូចខាតដែលបានធ្វើការប៉ាន់ស្មានក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យតាមការប៉ាន់ស្មានឈានដល់ជាង១លានដុល្លារ៕សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.