លោក កឹម សុខា ចុះ​​​មូលដ្ឋាន​​​ប្រមូលមតិកែលម្អក្រោយការ​​​បោះ​​​ឆ្នោត​​​

មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ និងការស្ទាបស្ទង់ដែលគណបក្សអាចប្រើដើម្បីតម្រែតម្រង់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិរបស់ខ្លួន។

យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានឱ្យដឹងថា ការធ្វើដំណើរចុះទៅ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញដែលបានចាប់ផ្ដើមកាលពីដើមខែមុន ហើយនឹងបន្តរយៈពេល២សប្ដាហ៍ទៀតនោះ បានធ្វើឱ្យលោក កឹម សុខា ចុះទៅកាន់ស្រុកផ្សេងៗទៀត ដែលស្រុកមួយចំនួនគណបក្សធ្វើបានយ៉ាងល្អនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ និងស្រុកមួយចំនួនទៀតដែលគណបក្សធ្វើមិនទាន់បានល្អនៅឡើយ។

WP-LastImage-21-800x533លោក កឹម សុខា ដែលសាងកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នករៀបចំនៅថ្នាក់មូលដ្ឋាននោះ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យថា ដំណើរចុះទៅកាន់មូលដ្ឋានគឺជាចំណុចដំបូងក្នុងការកសាងយុទ្ធសាស្ត្រគណបក្សប្រកបដោយជោគជ័យ បន្ទាប់ពីគណបក្សទទួលបានសំឡេងឆ្នោត៤៤ភាគរយនៃសំឡេងឆ្នោតសរុបក្នុងការបោះឆ្នោតកាលពីខែមិថុនា ដែលមិនទាន់ដល់គោលដៅរបស់ខ្លួនគឺ៦០ភាគរយ។

លោកបានសរសេរថា “ដើម្បីអនុវត្តយុទ្ធសាស្ត្រឱ្យបានល្អ ត្រូវមានផែនការសកម្មភាពជាក់ស្ដែង។ ដើម្បីកសាងផែនការសកម្មភាពជាក់ស្ដែង ហើយអនុវត្តឱ្យមានប្រសិទ្ធភាព ត្រូវស្វែងយល់នូវ ‘ចំណូចខ្វះខាត ឬកំហុសឆ្គង’ របស់យើងកន្លងមក”។

យោងតាមព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សបានឱ្យដឹងថា មន្ត្រីមូលដ្ឋានត្រូវបានណែនាំឱ្យប្រមូលព័ត៌មានឱ្យបាន “ទូលំទូលាយ និងច្បាស់លាស់បំផុត” ពីតាមភូមិ ឃុំ និងឃុំ សង្កាត់របស់ខ្លួន ដោយការកំណត់អំពីអ្នកគាំទ្រ និងស្ដាប់ការលើកឡើងអំពីកង្វល់របស់ពួកគាត់។

ព្រះអង្គម្ចាស់បានមានបន្ទូលថា “មូលហេតុដែលយើងចាញ់ការបោះឆ្នោតឃុំ សង្កាត់ គឺថាយើងបានប្រើសំណាញ់ក្រឡាធំ។ គណបក្សប្រជាជនកម្ពុជាបានប្រើសំណាញ់ក្រឡាតូច…។ យើងចាប់បានតែត្រីធំប៉ុណ្ណោះ”។

គណបក្សប្រជាជនកម្ពុជាបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការកសាងបណ្ដាញគណបក្សរហូតដល់ថ្នាក់ភូមិ ដែលធ្វើឱ្យអ្នកវិភាគមួយចំនួនលើកឡើងពីការទទួលបានប្រហែល៣០ភាគរយនៃឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិថា ជាការបរាជ័យ។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិដែលបានបង្កើតឡើងចេញពីគណបក្សតូចៗពីរក្នុងឆ្នាំ២០១២ ឥឡូវនេះបានផ្ដោតលើការអនុវត្តអំពីបទពិសោធន៍នៃឃុំ សង្កាត់ ដែលខ្លួនធ្វើបានល្អទៅកាន់ឃុំ សង្កាត់ដែលខ្លួនធ្វើមិនទាន់បានល្អ។

លោកបាននិយាយពីសមាជិកគណបក្សនៅថ្នាក់មូលដ្ឋានថា “អំឡុងកិច្ចប្រជុំ យើងស្ដាប់ពួកគាត់។ យើងសុំឱ្យពួកគាត់និយាយអំពីអ្វីដែលជាបញ្ហា”។

យោងតាមលោក យឹម សុវណ្ណ ដែលបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអំពីវីធីនៃការប្រមូលទិន្នន័យនោះបានឱ្យដឹងថា លោក កឹម សុខា ចាប់អារម្មណ៍ក្នុងការប្រមូលព័ត៌មានអំពីប្រជាប្រិយភាពរបស់មន្ត្រីជាប់ជាប់ និងថ្នាក់ដឹកនាំគណបក្ស។

លោកបានមានប្រសាសន៍ថា “យើងនឹងបែកចែកកម្លាំង ពេលវេលា និងធនធានរបស់យើងទៅកាន់កន្លែងដែលយើងទទួលបានការគាំទ្រតិចតួចនៅឡើយ”។

កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិបានសរសេរនៅក្នុងអុីម៉េលកាលពីខែមិថុនាថា មន្ត្រីគណបក្សក៏នឹងប្រមូលតួលេខអំពីការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុផងដែរ ថាតើ “ប្រជាពលរដ្ឋប៉ុន្មានគ្រួសារជំពាក់បំណុល ពួកគាត់ជំពាក់ប៉ុន្មាន ហើយថាតើស្ថានភាពសងបំណុលរបស់ពួកគាត់ដូចម្ដេច” ដើម្បីភ្ជាប់ពួកគាត់ជាមួយសេវាទាំងនេះ។ កញ្ញាមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេកាលពីម្សិលមិញ។

លោកស្រី ជុំ សោភ័ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោក កឹម សុខា បានប្រើកិច្ចប្រជុំនៅទីនោះកាលពីថ្ងៃអាទិត្យជំរុញឱ្យមន្ត្រីទាំងអស់តាមដានឱ្យបានដិតដល់ពីកង្វល់របស់សមាជិកបក្សតាមរយៈកិច្ចប្រជុំ និងការស្ទង់មតិ។

លោកស្រី ជុំ សោភ័ណ បានថ្លែងថា “គាត់ផ្ដាំផ្ញើឱ្យសកម្មជនយើងពង្រឹងរចនាសម្ព័ន្ធថ្នាក់ក្រោម និងចុះទៅជួបអ្នកគាំទ្រថ្នាក់ក្រោម…ចុះជួបដល់ផ្ទះរបស់ពួកគាត់” ដើម្បីស្ដាប់កង្វល់របស់ពួកគាត់។

សកម្មជនគណបក្សបានប្រាប់លោក កឹម សុខា ថា វោហារសាស្ត្របែបហិង្សារបស់សមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យពួកគាត់បារម្ភផងដែរ។

ដោយសំដៅដល់ការគំរាមកាលពីសប្ដាហ៍មុនរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចថានឹងវ៉ែអ្នកតវ៉ាដែលជំទាស់នឹងលទ្ធផលបោះឆ្នោតនោះ លោកស្រីបានថ្លែងថា “គាត់ថា គេ [គណបក្សប្រជាជនកម្ពុជា]មានលុយ មានអំណាច ឥឡូវហ្នឹងថែមទាំងព្រមានវ៉ៃនឹងគល់ឫស្សីអីអញ្ចឹង”។

ដោយលើកឡើងពីការគំរាមនៅមុនការបោះឆ្នោតដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រីបានបន្ថែមថា “ពួកគាត់មួយចំនួនពិតជាខ្លាចថា បើយើងចូលរួមការតវ៉ា យើងប្រហែលជាត្រូវគេវ៉ៃបាក់ធ្មេញ”។

រដ្ឋាភិបាលបាននិយាយសម្រាលពីការលើកឡើងរបស់មន្ត្រីទាំងពីររូបនោះថា គ្រាន់តែជាការព្រមានចំពោះការធ្វើបដិវត្តដែលនឹងអាចកើតមានប៉ុណ្ណោះ៕ សារុន (រាយការណ៍បន្ថែមដោយ Matt Surrusco)

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.