កម្ពុជា​​​ជំរុញឱ្យអត់ធ្មត់​​​ក្នុង​​​ការ​​​​​ព្រាង​​​សេចក្តីថ្លែងការណ៍​​​អាស៊ាន និង កូរ៉េ​​​ខាងជើង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍នៅសន្និសីទសារព័ត៌មានបន្ទាប់ពីវិលត្រឡប់ពីទីក្រុងម៉ានីលថា អំឡុងខួបអាស៊ានលើកទី៥០រដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យសមាជិកនៃប្លុកក្នុងតំបន់ប្រើប្រាស់ការអត់ធ្មត់នៅក្នុងការធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រឆាំងការប្រើប្រាស់មីសីុលរបស់កូរ៉េខាងជើងដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។

លោកបានប្រសាសន៍កាលពីម្សិលមិញថា ការពិភាក្សារវាងបណ្តាប្រទេសដែលអះអាងសិទ្ធិកាន់កាប់សមុទ្រចិនខាងត្បូងដែលមានវិវាទ បានឈានទៅដល់ការធ្វើឱ្យទំនាក់ទំនងរវាងវៀតណាម ហ្វីលីពីន និង ចិនមានភាពប្រសើរឡើង ។ ទន្ទឹមនឹងនោះដែរ សេចក្តីថ្លែងការណ៍មុនៗរបស់អា៊សានប្រឆាំងនឹងកូរ៉េខាងជើងបានធ្វើឱ្យមានភាពបដិបក្ខកើនឡើងតែប៉ុណ្ណោះ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងនៅសន្និសីទសារព័ត៌មានអំឡុងខួបលើកទី៥០របស់អាស៊ាន នៅសប្តាហ៍នេះនៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងនៅសន្និសីទសារព័ត៌មានអំឡុងខួបលើកទី៥០របស់អាស៊ាន នៅសប្តាហ៍នេះនៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ប្រាក់ សុខុន បានមានប្រសាសន៍នៅសន្និសីទសារព័ត៌មានក្នុងរាជធានីភ្នំពេញថា “យើងតែងតែជំរុញយ៉ាងខ្លាំងក្លាឱ្យភាគីទាំងអស់មានភាពអត់ធ្មត់”។ សេចក្តីថ្លែងការណ៍កន្លងមកដែលប្រើប្រាស់ពាក្យសម្តីខ្លាំងៗមិនមានប្រយោជន៍ឡើយ ខណៈដែល “យើងមិនអាចស្វែងរកយុត្តិធម៌សម្រាប់គ្រប់គ្នាបាន។ យើងចង់ស្វែងរកតុល្យភាពនៅក្នុងសេចក្តីថ្លែងការណ៍ទាំងនោះ”។

ដោយលើកឡើងពីការប្រើវោហារសាស្ត្រកាលពីពេលថ្មីៗពីសហរដ្ឋអាមេរិកប្រឆាំងកូរ៉េខាងជើងដែលលោក ប្រាក់ សុខុន បានលើកឡើងថា បានបង្កើតឱ្យមាន “កំហឹងកាន់តែខ្លាំងឡើងនិងធ្វើឱ្យស្ថានការកាន់តែធ្ងន់ធ្ងរជាមួយនឹងហានិភ័យខ្ពស់” សម្រាប់គ្រប់គ្នានោះ លោកបានថ្លែងថា ការប្រើពាក្យសម្តីខ្លាំងៗធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង។

កាលពីសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានគំរាមវាយប្រហារមីសីុលទៅលើដែនកោះGuam របស់សហរដ្ឋអាមេរិក ហើយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានព្រមាន “ភ្លើងកំហឹង” ប្រសិនបើការគំរាមកំហែងនេះនៅតែបន្ត។

ទោះជាយ៉ាងណា លោក ប្រាក់ សុខុន បានថ្លែងថា ការសាកល្បងមីសីុលកាលពីពេលថ្មីៗរបស់កូរ៉េខាងជើងគឺមិនអាចទទួលយកបានឡើយ។

លោកបានមានប្រសាសន៍ថា “បណ្តាប្រទេសអាស៊ានទាំងអស់មិនពេញចិត្តនឹងសកម្មភាពរបស់កូរ៉េខាងជើងដែលបន្តរំលោភបំពានកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ”។ លោកបានបន្ថែមថា “វាជាការប្រមាថដល់សហគមន៍អន្តរជាតិទាំងមូល និងជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់…។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យកូរ៉េខាងជើងពិចារណាឡើងវិញអំពីសកម្មភាព របស់ខ្លួនដោយបោះ បង់ការសាកល្បងមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន”។

យោងតាមទីភ្នាក់ងារព័ត៌មានអាប៉េ (Associated Press) បានឱ្យដឹងថា ប្រទេសកម្ពុជា បានជំទាស់នឹងសេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីកូរ៉េខាងជើងអំឡុងការចរចាកាលពីចុងសប្តាហ៍ ហើយបានព្យាយាមប្រើប្រាស់ពាក្យដែលមិនសូវធ្ងន់។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងនៅសន្និសីទសារព័ត៌មានអំឡុងខួបលើកទី៥០របស់អាស៊ាន នៅសប្តាហ៍នេះនៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងនៅសន្និសីទសារព័ត៌មានអំឡុងខួបលើកទី៥០របស់អាស៊ាន នៅសប្តាហ៍នេះនៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ការគាំទ្ររបស់កម្ពុជាសម្រាប់កូរ៉េខាងជើងស្ថិតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាននោះ ទំនងជាកេរដំណែលនៃទំនាក់ទំនងការទូតយូរអង្វែងដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៦០នៅពេលដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានបង្កើតមិត្តភាពផ្ទាល់ព្រះអង្គជាមួយប្រធានាធិបតី គីម អីុលស៊ុង ស្ថាបនិកកូរ៉េខាងជើង។

លោកបានថ្លែងថា “ប្រទេសកម្ពុជាយល់បែបនេះគឺ៖ មិនគាំទ្រកូរ៉េខាងជើងប៉ុន្តែ បង្ហាញការអាណិតអាសូរ”។

លោកបានបន្ថែមថា កាលពីខែឧសភាព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា ព្រះអង្គមានគម្រោងយាងទៅកាន់ប្រទេសនេះដោយព្រះអង្គឯងដើម្បីបញ្ចុះបញ្ចូលមេដឹកនាំប្រទេសនេះ កុំឱ្យធ្វើសង្គ្រាមដោយសារតែទំនាក់ទំនងការទូតយូរអង្វែងនេះ ដែលបិតាព្រះអង្គបានបង្កើតឡើង។

លោក មាស នី បានថ្លែងថា ប៉ុន្តែ វាមានផលចំណេញតិចតួចណាស់សម្រាប់កម្ពុជាក្នុងការបន្តនៅភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ  ព្រោះ “យើងមិនបានឃើញផលប្រយោជន៍ ណាមួួយពីកូរ៉េខាងជើងទេ”។

ប៉ុន្តែ លោក Paul Chambersសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Asean Community Studies នៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃបានមានប្រសាសន៍ថា នេះគឺជាការបង្ហាញភាពស្មោះត្រង់មួយទៀតចំពោះប្រទេសចិន។

លោកបានលើកឡើងនៅក្នុងអីុម៉េលថា “កម្ពុជាជំរុញឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ និងបន្ថយភាពតានតឹង ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ដើរតួនាទីជាប្រទេសដែលទំនងជាអព្យាក្រឹតនៅក្នុងកិច្ចការនេះ ប៉ុន្តែ ក្នុងនោះក៏ព្យាយាមបង្ហាញដល់ប្រទេសចិនផងដែរដែលជាសម្ពន្ធមិត្តដ៏ស្មោះត្រង់បំផុតរបស់ក្រុងប៉េកាំងក្នុងចំណោមប្រទេសសមាជិកអាស៊ាន”។

លោកបានបន្ថែមថា “បើទោះជាការផ្តល់យោបល់របស់កម្ពុជាជាទូទៅសំដៅដល់កូរ៉េខាងជើងក្តី ក៏ការលើកឡើងរបស់លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែអត់ធ្មត់”៕សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.