ជម្លោះ​​​ព្រំដែន​​​រវាង​​​កម្ពុជា​​​​​​​​​ និង​​​ឡាវ​​​​​​​​​នាំ​​​ឱ្យ​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​​​​ ខ​​​្លួន​​​​​​​​​អ្នក​​​​​​រិះគន់រដ្ឋាភិបាល​​​​​​​មួយ​​​រូប​​​

អ្នករិះគន់រដ្ឋាភិបាលយ៉ាងញឹកញយមួយរូបត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពេលមានជម្លោះព្រំដែនក្នុងរយៈពេលខ្លីជា មួយប្រទេសឡាវ ដែលនាំឱ្យមានការចល័តរថពាសដែកឆ្លងកាត់តាមវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីចរចារកដំណោះស្រាយ។

ជម្លោះការទូតដ៏ឆាប់រហ័សនេះកើតចេញពីទាហានឡាវមួយក្រុមដែលមន្ត្រីរដ្ឋាភិបាលលើកឡើងថា បានចូលកាន់កាប់ទឹកដីមួយកន្លែងចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង។ ជម្លោះនេះមិនបណ្តាលឱ្យមានការរងរបួស ឬការបាត់បង់ជីវិតទេ ប៉ុន្តែ អ្នកនយោបាយកម្ពុជាមួយរូបឈ្មោះ សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីសរសេរសារបង្ហោះតាមហ្វេសប៊ុករិះគន់លោក ហ៊ុន សែន និងមេបញ្ជាការយោធា។

រថយន្តយោធាធ្វើដំណើរឆ្លងកាត់វិមានឯករាជ្យក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
រថយន្តយោធាធ្វើដំណើរឆ្លងកាត់វិមានឯករាជ្យក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃសុក្រ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ភាពតានតឹងក្នុងពេលថ្មីៗនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែតមួយនៅវិមានសន្តិភាព ហើយលើកឡើងថា “ខ្ញុំត្រូវការហោះទៅ ប្រទេសឡាវភ្លាមដើម្បីទៅជួបនាយករដ្ឋមន្ត្រីឡាវសួរឱ្យច្បាស់ ‘ ដកឬមិនដក'”?។

បន្ទាប់ពីលោក ហ៊ុន សែន បានទៅដល់ទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃសៅរ៍ ហើយជួបជាមួយសមភាគីឡាវគឺលោក ថោងលន់ ស៊ីស៊ូ លីត នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទារសែតរួមគ្នាដោយអំឡុងពេលនោះលោក  ថោងលន់ ស៊ីស៊ូលីត បានយល់ព្រមដកទ័ពរបស់លោកទៅវិញ។

យោងតាមវីដេអូផ្លូវការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន លោក ថោងលន់ ស៊ីស៊ូលីត បានមានប្រសាសន៍ថា “ខ្ញុំបានចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធដកកងទ័ពចេញពីតំបន់នោះមិនឱ្យហួសពីព្រឹកថ្ងៃស្អែកទេ”។

ទាហានឡាវបានចូលកាន់កាប់តំបន់នោះតាំងពីខែមេសាមកម្លេ៉ះហើយគណៈកម្មាធិការព្រំដែនចម្រុះកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយពេញលេញនៅឡើយពាក់ព័ន្ធជម្លោះទឹកដីនេះ។

ការដកកងទ័ពទៅវិញនេះត្រូវបានបញ្ជាក់ដោយលោក ស្វាយ ញ៉ន មេបញ្ជាការយោធានប្រចាំខេត្តស្ទឹងត្រែងដែលលើកឡើងកាលពីម្សិលមិញថា ទាហានឡាវបានដកថយចេញពីតំបន់មានជម្លោះទៅវិញបន្ទាប់ពីសន្និសីទកាសែតកាលពីថ្ងៃសៅរ៍។

លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានមានប្រសាសន៍ថា “គេចាកចេញអស់នៅម៉ោង៤រសៀលម្សិលមិញ ហើយស្ថានភាពក្លាយជាធម្មតាឡើងវិញ”។

កងទ័ពកម្ពុជាក៏បានត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញដែរកាលពីម្សិលមិញ ក្រោយពីមានបទបញ្ជាពីលោក ហ៊ុន សែន នេះបើយោងតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ដោយបានលើកឡើងថា “នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាថា នឹងខិតខំបន្តដោះស្រាយរាល់បញ្ហាជាមួយគ្នា ដោយការចរចា ការយោគយល់ និងដោយមិត្តភាព ដើម្បីកុំឱ្យឧប្បត្តិហេតុបែបនេះ កើតឡើងជាថ្មីម្តងទៀតជាដាច់ខាតរវាងប្រទេស និងប្រជាជនទាំងពីរ”។

ពេលវេលា និងដំណោះស្រាយដ៏ឆាប់រហ័សនៃជម្លោះនេះបានធ្វើឱ្យលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងទាញការសន្និដ្ឋានភ្លាមៗថា អាចមានហេតុផលបង្គាប់នៅក្នុងនោះ និងបាននាំឱ្យមានការឈានដល់ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរផងដែរ។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានចាប់ខ្លួននៅក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ។ រូបថតៈ Fresh News
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានចាប់ខ្លួននៅក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ។ រូបថតៈ Fresh News

លោក សម រង្ស៊ី បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្ស្ិលមិញដោយអះអាងថា “ថ្មីៗនេះប្រទេសវៀតណាម បានបញ្ជាឱ្យប្រទេសឡាវបង្ករឿងបន្តិចបន្តួចនៅតាមព្រំដែនរវាងប្រទេសឡាវ និងកម្ពុជា។បំណងរបស់ប្រទេសវៀតណាមគឺចង់ឱ្យប្រជារាស្ត្រខ្មែរឈប់គិតពីការឈ្លានពានក្នុងទ្រង់ទ្រាយធំរបស់ប្រទេសវៀតណាមមកលើទឹកដីប្រទេសកម្ពុជា”។

លោក សម រង្ស៊ី មិនបានផ្តល់ភ័ស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកទេ។

លោក មាស នី អ្នកវិភាគនយោបាយឯករាជ្យមានការប្រយ័ត្នប្រយែងជាងមុនដោយលើកឡើងថា លោកមិនមែនជាអ្នកជំនាញបច្ចេកទេសខាងជម្លោះព្រំដែនទេ ហើយមិនអាចនិយាយបានទេថា តើជម្លោះេនះជារឿងនយោបាយ ឬយ៉ាងណានោះ ។ លោកមាស នី ក៏បានគូសបញ្ជាក់ពីភាពស្រដៀងគ្នាទៅនឹងជម្លោះមុនៗដែលកើតឡើងរង្វង់រយៈពេលមុនថ្ងៃបោះឆ្នោតផងដែរ។

ដោយសំដៅដល់ជម្លោះនៅក្នុងខេត្តព្រះវិហារមុនការបោះឆ្នោតមុនឆ្នាំ២០០៨ លោកបានថ្លែងថា “អ្វីដែលកើតឡើងពេលនេះស្រដៀងនឹងវិបត្តិដែលយើងធ្លាប់ជួបដែរ គឺជម្លោះព្រំដែនជាមួយថៃនៅជិតដល់ថ្ងៃបោះឆ្នោត”។

លោកបានគូសបញ្ជាក់ថា ជម្លោះព្រំដែនអាចផ្តល់ផលចំណេញសម្រាប់គណបក្សកាន់អំណាច ហើយក៏មានមន្ទិលលើពេលវេលានៃជម្លោះជាមួយប្រទេសឡាវផងដែរ។ លោកបានសួរថា “ប្រជាពលរដ្ឋនាំគ្នាចោទសួរជាសំណួរថា “ហេតុអីបានជាវាក្លាយទៅជាវិបត្តិចំពេលហ្នឹង [កាលពីសប្តាហ៍មុន]?'”។

ខណៈជម្លោះនេះមិនបានបណ្តាលឱ្យនរណា ម្នាក់របួស ឬបាត់បង់ជីវិតរហូតមកទល់ពេលនេះនោះ យ៉ាងហោចណាស់មានអ្នកនយោបាយខ្មែរម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើអត្ថាធិប្បាយពាក់ព័ន្ធករណីនេះ។

លោក សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីបង្ហោះសាររិះគន់ធ្ងន់ៗលើលោកនាយករដ្ឋមន្ត្រី និងមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍។

លោក សួន សេរីរដ្ឋា បានលើកឡើងថា “សេនាប្រមុខដាក់បញ្ជាឱ្យកងទ័ពត្រៀមប្រយុទ្ធដាក់ឱសានវាទឱ្យសត្រូវ…តែឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា!”។

លោកបានលើកឡើងបន្តថា “ពេលសង្គ្រាម កើតឡើងជាមួយនឹងប្រទេសឡាវនោះ លទ្ធផលវានឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ! គឺកូនខ្មែរ កងទ័ពជាតិនឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា…ហើយមេទ័ពចោរនឹងឡើងបុណ្យស័ក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង!”។

លោក ឈុំ សុជាតិ បានលើកឡើងថា អាជ្ញាធរ បានចាប់ខ្លួនលោក សួន សេរីរដ្ឋា ដោយសារលោកមើលងាយកងទ័ពខ្មែរទាំងអស់។

លោកបានមានប្រសាសន៍ថា “គាត់ត្រូវបានចាប់ខ្លួនដោយសារមើលងាយប្រជាពល រដ្ឋខ្មែរយ៉ាងខ្លាំង”។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានលើកឡើងថា លោក សួន សេរី រដ្ឋាត្រូវបានចាប់ខ្លួនដោយសារការលើកឡើងរបស់លោក ញុះញង់ឱ្យទាហានមិនគោរពតាមបទបញ្ជាររបស់មេបញ្ជាការ។

លោក សួន សេរីរដ្ឋា ដែលជាអ្នករិះគន់លោក ហ៊ុន សែន ជាយូរមកហើយត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាភេរវករកាលពីឆ្នាំ២០១៣ ហើយត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ប៉ុន្តែបានវិលត្រឡប់ចូលមកក្នុងប្រទេសវិញត្រឹមតែ២ឆ្នាំក្រោយប៉ុណ្ណោះ បន្ទាប់ពីទទួលបានការព្រះរាជទានលើកលែងទោសដោយគ្មានការពន្យល់៕ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.