ការិយាល័យវិទ្យុ RFA និង វិទ្យុ VOA ស្ថិត​​​ក្រោម​​​ការ​​​ពិនិត្យ​​​ពិច័យ​​​

ការិយាល័យវិទ្យុពីរដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិក រួមជាមួយកាសែតខេមបូឌាដេលី និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនផង ស្ថិតក្នុងអ្វីដែលទំនងជាការពង្រីក និងការស៊ើបអង្កេតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសាធារណៈកាន់តែកើនឡើងពីការបង់ពន្ធរបស់ស្ថាប័នទាំងនេះ ដែលគេដឹងចំពោះទំនាក់ទំនងដ៏តានតឹងជាមួយរដ្ឋាភិបាល។

យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាកាលពីថ្ងៃសុក្រ ដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលនៅថ្ងៃដដែលនោះបានឱ្យដឹងថា វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) មិនបានចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារទេ ហើយមិនមានអាជ្ញាប័ណ្ណផ្សព្វផ្សាយត្រឹមត្រូវឡើយ។ លិខិតដដែលនេះបានស្នើឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ើបអង្កេតករណីនេះ។

ប៉ុន្តែលោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនទាន់បានទទួលឯកសារនេះនៅឡើយទេ ហើយទំនងជាច្រានចោលការណែនាំរបស់ខ្លួន ដោយលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយដែលមានកម្មវិធីវិទ្យុ RFA និង VOA ទេដែលជាអ្នកត្រូវទទួលខុសត្រូវចំពោះការចុះបញ្ជីជាមួយក្រសួងរបស់លោក។

លិខិតនេះធ្វើឡើងបន្ទាប់ពីមានឯកសារដាច់ដោយឡែកមួយផ្ញើពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាសែតដេលី មួយសប្ដាហ៍មុន ដែលចោទថា កាសែតនេះមិនបានបង់ពន្ធក្នុងទឹកប្រាក់ជាង៦,៣លានដុល្លារ។ ការចោទប្រកាន់នោះត្រូវបានច្រានចោលដោយលោក Bernard Krisher ចាងហ្វាងកាសែតនេះ ដែលនៅក្នុងការឆ្លើយតបកាលពីថ្ងៃពុធ លោកបានលើកឡើងថា ការរួមចំណែកសប្បុរសធម៌របស់លោកដែលលោកប៉ាន់ប្រមាណថា មានទឹកប្រាក់ដល់ទៅ៣៩លានដុល្លារនោះ គួរតែពិចារណាបញ្ចូលក្នុងទិន្នន័យរបស់រដ្ឋាភិបាល។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអាចទាក់ទងសុំការបំភ្លឺបានទេអំពីករណីនេះ។ គេមិនច្បាស់ថាតើវាទាក់ទងទៅនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីដើមខែនេះដែលស្នើឱ្យក្រុមមន្ត្រីពិនិត្យការបង់ពន្ធរបស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនឬយ៉ាងណានោះឡើយ។

លិខិតរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន ផ្ញើជូនលោក ខៀវ កាញារីទ្ធ មានខ្លឹមសារថា ការប្រើប្រាស់ទិន្នន័យដែលផ្តល់ដោយក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវិត្ថុ រកឃើញថា ស្ថានីយវិទ្យុនិងស្ថានីយទូរទស្សន៍មួយចំនួនបានអនុវត្តតាមច្បាប់ពន្ធដារ ដោយមានការលើកលែងគួរឱ្យកត់សម្គាល់ពីវិទ្យុ RFA និង VOA។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានសរសេរថា ការិយាល័យវិទ្យុទាំងពីរនេះ “បាននិងកំពុងធ្វើសកម្មភាពយកព័ត៌មាន និងផ្សព្វផ្សាយតាមរយៈការជួលម៉ោងនៅស្ថានីយវិទ្យុឯកជនមួយចំនួនក្នុងការចាក់ផ្សាយបន្តដោយមិនបានបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារឡើយ បើទោះជាមានការអញ្ជើញ និងជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដាររួចហើយក្ដី”។ លោកបានបន្ថែមថា “ដោយសារកិច្ចសហប្រតិបត្តិការរបស់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA នេះត្រូវស្ថិតនៅក្រោមសមត្ថកិច្ចនៃការចុះបញ្ជី ឬការផ្ដល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងត្រួតពិនិត្យរបស់ក្រសួងព័ត៌មាន សូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាជ្រាប និងជំរុញឱ្យវិទ្យុទាំងពីរនេះផ្ដល់កិច្ចសហការ ឬបើពុំនោះសោត សូមឯកឧត្តមមេត្តាចាត់វិធានការតឹងរ៉ឹងចាំបាច់ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមានចំពោះវិទ្យុទាំងពីរនេះ”។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកកំពុងតែធ្វើដំណើរ ហើយមិនទទួលបានលិខិតនេះទេ។ នៅពេលសួរថាតើវិទ្យុ RFA និង VOA ត្រូវចុះបញ្ជីជាមួយក្រសួងព័ត៌មានឬយ៉ាងណានោះ លោក ខៀវ កាញារីទ្ធ បានឆ្លើយតបថា “ស្ថានីយវិទ្យុដែលបានលក់ម៉ោងផ្សាយឱ្យពួកគេចាំបាច់ត្រូវ” ហើយលោកមិនបានឆ្លើយតបចំពោះសំណួរបន្ថែមឡើយ។ ស្ថានីយក្នុងស្រុកមួយចំនួននឹងត្រូវជាប់ពាក់ព័ន្ធក្នុងការផ្ដល់ម៉ោងផ្សាយ។

អ្នកនាំពាក្យវិទ្យុ RFA និង VOA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ វិទ្យុ RFA និង VOA ត្រូវបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលអាមេរិក ហើយតែងតែប្រកាន់ជំហររិះគន់លើរដ្ឋាភិបាលកម្ពុជា បង្កឱ្យមានការចោទប្រកាន់ពីសំណាក់មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួនថា ការិយាល័យផ្សព្វផ្សាយនេះគឺជាយន្តការឃោសនាក្នុងន័យបង្កើតឱ្យមានបដិវត្តន៍។

កាសែតខេមបូឌា ដេលី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដោយលោក Bernard   Krisher ែដលមានដើមកំណើតអាមេរិក និងជាអតីតអ្នកសាព័ត៌មានមានមូលដ្ឋាននៅទី ក្រុងតូក្យូបានក្លាយជាសប្បុរសជន។

នៅក្នុងការឆ្លើយតបរបស់លោកផ្ញើជូនលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃពុធ លោក Bernard Krisher បានបង្ហាញពីការរួមចំណែករបស់លោកតាមរយៈអង្គការមិនមែនរដ្ឋាភិបាលចំនួនពីរដែលលោកលើកឡើងថា បានសាងសង់សាលារៀន៥៦១ខ្នង គិតជាទឹកប្រាក់ប្រមាណ៣៩លានដុល្លារ ព្រមទាំងកាសែត ដេលី ផង ដែលលោកហៅថា ជា “សហគ្រាសសង្គម” សំដៅបណ្ដុះបណ្ដាលអ្នកសារព័ត៌មានកម្ពុជា និងផ្ដល់ព័ត៌មានត្រឹមត្រូវផងដែរ។

លោកបានសរសេរនៅក្នុងលិខិតមួយច្បាប់អមដោយអុីម៉េលភ្ជាប់មកជាមួយដោយមានច្បាប់ចម្លងមូលប្បទានបត្រកាលពីពេលថ្មីៗដែលបានបង់ទៅឱ្យក្រសួងអប់រំ ដែលមូលប្បទានបត្រនីមួយៗមានទឹកប្រាក់រាប់ម៉ឺនដុល្លារឯណោះថា “តាំងពីពេលចាប់ផ្តើមមក ខ្ញុំមិនដែលយកប្រាក់ខែ ហើយក៏មិនដែលចំណេញពីកាសែត ខេមបូឌា ដេលី ដែរ”។ លោកបានបន្ថែមថា “រាល់កម្រៃទាំងអស់ចំណាយទៅលើសាលារៀនទាំងនោះ”។

លោកបានសរសេរថា “កាសែតខេមបូឌា ដេលី និងរូបខ្ញុំបានរួមចំណែកយ៉ាងច្រើនក្នុងការគាំទ្រដល់តម្រូវការជាតិកម្ពុជា។ទាំងនេះគួរតែត្រូវបានសរសើរ។ ខ្ញុំជំទាស់ការដែលថា ខ្ញុំជំពាក់អគ្គនាយកដ្ឋានពន្ធដារនូវទឹកប្រាក់ ២៥.៧៥៦.០១៥.៦៩៥រៀល”។

លោកស្រី Deborah Krisher-Steel ចាងហ្វាងរងកាសែតនេះ និងជាកូនស្រីរបស់ លោក Bernard Krisher បានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា លោកស្រីបានទិញទ្រព្យសកម្មមួយចំនួននៃទ្រព្យសកម្មរបស់កាសែត ដេលី ពីឪពុករបស់លោកស្រី ហើយបានបញ្ចូលទ្រព្យសកម្មនោះជាអាជីវកម្មថ្មីកាលពីដើមឆ្នាំនេះ។

លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានមានប្រសាសន៍ថា លោកដឹងថា គ្មានច្បាប់ណាតម្រូវឱ្យវិទ្យុ VOA និង RFA ចុះបញ្ជីជាមួយក្រសួងណាមួយឡើយ ហើយបានសួរពីការកំណត់ពេលចាត់វិធានការលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល។

លោកបានថ្លែងថា កម្មវិធីវិទ្យុទាំងពីរនេះបានផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ។ខ្ញុំបារម្ភថា វាដល់ពេលចេញលិខិតទាំងនេះ ពីព្រោះវាដល់ពេលសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំក្រោយ។ពួកគេព្យាយាមដាក់សម្ពាធថ្មី”៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.