មនុស្សបីនាក់ត្រូវបាន​​​ចោទប្រកាន់​​​ពីបទ​​​ប្រើហិង្សា​​​នៅ​​​​ខេត្ត​​​កំពត

មន្ត្រីតុលាការបានឱ្យដឹងកាលពីម្សិលមិញថា អ្នកយកព័ត៌មានម្នាក់ និងអ្នកភូមិពីរនាក់ត្រូវបានចោទប្រកាន់បណ្ដោះអាសន្នបន្ទាប់ពីមានការតវ៉ាពាក់ព័ន្ធដីសម្បទានមួយកន្លែងក្នុងខេត្តកំពតកាលពីសប្ដាហ៍មុនដែលបានផ្ទុះជាហិង្សា ដោយធ្វើឱ្យរថយន្តជាច្រើនគ្រឿងរងការខូចខាត និងធ្វើឱ្យសន្តិសុខម្នាក់រងរបួសធ្ងន់ផងដែរ។

លោក ខាន់ ចាន់សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ជា ស៊ីថា អាយុ៤២ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យកាសែតអំណាចប្រជាជន និងអ្នកភូមិឈ្មោះ សុខ ពិសី អាយុ៥២ឆ្នាំ និង ព្រឿង ប្រាណ អាយុ៤១ឆ្នាំ ត្រូវបានចោទប្រកាន់បណ្ដោះអាសន្នពីបទបង្កហិង្សា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

លោក ខាន់ ចាន់សុផល បានមានប្រសាសន៍ថា “ខ្ញុំបានណែនាំឱ្យមានការចោទប្រកាន់មនុស្សទាំងបីនាក់ពីបទប្រើអំពើហិង្សា បង្កឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ ហើយពួកគាត់នឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរ អាង សុភា ដើម្បីស៊ើបសួរបន្ត”។

មន្ត្រីកងរាជអាវុធហត្ថបាននិយាយថា ពួកគាត់ទាំងបីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសុក្រក្នុងស្រុកឈូក បន្ទាប់ពីអ្នកភូមិបានប៉ះទង្គិចជាមួយកងរាជអាវុធហត្ថ និងសន្តិសុខជុំវិញសិទ្ធិរបស់ពួកគាត់ក្នុងការការពារផ្ទះលើផ្ទៃដីទំហំ១០ហិកតាដែលបានផ្ដល់ទៅឱ្យក្រុមហ៊ុន First Biotech Investment (Cambodia) នៅក្នុងដីសម្បទានសេដ្ឋកិច្ចឆ្នាំ២០០៧។

អាជ្ញាធរចោទប្រកាន់ពួកគាត់ទាំងបីនាក់ពីបទញុះញង់អ្នកភូមិដែលប្រើដំបង ពូថៅ និងញញួរវាយបំផ្លាញរថយន្តពីរគ្រឿងរបស់ក្រុមហ៊ុន និងរថយន្តមួយគ្រឿងរបស់កងរាជអាវុធហត្ថ បន្ទាប់ពីមានការរុះរើផ្ទះ៤២ខ្នង ដែលក្រោយមកមន្ត្រីទាំងនេះបានដុតបំផ្លាញ។ កងរាជអាវុធហត្ថបាននិយាយថា ក្រុមអ្នកតវ៉ាក៏បានវាយសន្តិសុខក្រុមហ៊ុនម្នាក់យ៉ាងដំណំផងដែរ ដែលក្រោយមកត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

លោក ខាន់ ចាន់សុផល បានថ្លែងថា ជនសង្ស័យផ្សេងទៀតរហូតដល់៣០នាក់អាចប្រឈមការចាប់ខ្លួន ហើយតុលាការនឹងធ្វើការស៊ើបអង្កេតដោយប្រើរូបភាពវីដេអូដែលកងរាជអាវុធហត្ថថតបានអំឡុងការប៉ះទង្គិចគ្នាក្នុងឃុំតេជោអភិវឌ្ឍន៍។

លោកបានថ្លែងថា “យើងបានស្គាល់អត្តសញ្ញាណជនល្មើសរួចហើយ ប៉ុន្តែពួកគេបានគេចខ្លួនបន្ទាប់ពីហេតុការណ៍កើតឡើង”។

ចៅក្រម អាង សុភា បានអះអាងថា លោកទទួលបានជនសង្ស័យទាំងបីនាក់ដែលម្នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តតាំងពីថ្ងៃអាទិត្យមក ហើយពីរនាក់ទៀតកំពុងឃុំខ្លួនដើម្បីសាកសួរបន្ថែម។

ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោស ពួកគាត់ប្រឈមការជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ៥០លានរៀល។

លោក បូ សម្បត្តិ ដែលបានតាំងទីលំនៅ

លើដីដែលមានវិវាទនោះបានថ្លែងថា អំពើហិង្សាបានរារាំងដល់ផែនការរបស់ពួកគេក្នុងការតវ៉ានឹងការបណ្តេញចេញនេះ។លោកបាននិយាយថា ប្រជាពលរដ្ឋជាង១០០គ្រួសារបានចាកចេញបន្ទាប់ពីការប្រឈមមុខដាក់គ្នាដោយភ័យខ្លាចសន្តិសុខក្រុមហ៊ុននឹងតបតវិញ ដោយលោកប៉ាន់ប្រមាណថា ប្រជាពលរដ្ឋ៣០គ្រួសារមិនទាន់ចាកចេញឡើយ។

លោកបានថ្លែងថា “ខ្ញុំមានការខកចិត្តណាស់ជាមួយអាជ្ញាធរ ដោយសារតែពួកគេមិនដែលមកធ្វើអន្តរាគមន៍ទេនៅពេលដែលសន្តិសុខក្រុមហ៊ុនបាញ់គំរាមប្រជាពលរដ្ឋ និងដុតបំផ្លាញផ្ទះ។ ប៉ុន្តែនៅពេលប្រជាពលរដ្ឋតបតវិញ យើងឃើញប៉េអឹមមកដល់ ហើយឃាត់ខ្លួនប្រជាពលរដ្ឋតែម្ដង”។

លោក ស៊ឹម វុទ្ធី អភិបាលរងខេត្តបានមានប្រសាសន៍ថា ជម្លោះនេះគួរត្រូវដោះស្រាយតាមរយៈតុលាការ។ លោកបានបន្ថែមថា “អាជ្ញាធរតែងតែយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយយើងក៏មិនដែលបោះបង់ពួកគាត់ចោលដែរ”៕ សារុន

 

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.