មន្ត្រីម្នាក់​​​និយាយ​​​ថា ផ្ទះមួយ​​​ចំនួន​​​សាងសង់​​​ក្នុង​​​ឧទ្យាន​​​បុរាណអង្គរ​​​​​​ប្រហែល​​​ជា​​​ត្រូវ​​​បាន​​​អនុគ្រោះ​​​

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋជាង១០០នាក់ដែលបានអំពាវនាវឱ្យអាជ្ញាធរខេត្តសៀមរាបផ្អាកការរុះរើសំណង់របស់ពួកគាត់ដែលសាងសង់ក្នុងឧទ្យានបុរាណអង្គរនោះ ប្រហែលជាត្រូវបានអនុ ញ្ញាតមិនធ្វើការរុះរើទេ។

លោក លី សំរិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងពិភាក្សាជា មួួយអាជ្ញាធរអប្សរាដែលជាស្ថាប័នគ្រប់គ្រងឧទ្យានអង្គរអំពីថាតើផ្ទះដែលជ្រើសរើសទាំងនោះអាចចៀសផុតពីការរុះរើឬយ៉ាងណា។

លោក លី សំរិទ្ធ បានថ្លែងថា “ខ្ញុំបានចុះ ឈ្មោះប្រជាពលរដ្ឋទាំងនោះក្នុងបញ្ជីមួយហើយខ្ញុំបានបញ្ជូនឈ្មោះពួកគាត់ទៅអាជ្ញាធរ អប្សរារួចហើយ ដោយសុំឱ្យពួកគេពិនិត្យឡើងវិញថា តើពួកគាត់គួរតែទទួលបានការអនុគ្រោះនៃការរុះរើដែរឬអត់”។

លោកបានថ្លែងថា ប្រជាពលរដ្ឋជាង១០គ្រួសារទំនងជានឹងទទួលបានការអនុគ្រោះប្រសិនបើក្រុមមន្ត្រីរកឃើញថា ពួកគាត់បានដាក់ជូនសំណើទៅអាជ្ញាធរអប្សរាមុនការសាងសង់នោះ បើទោះជាពួកគាត់មិនដែលទទួលបានការអនុញ្ញាតពីស្ថាប័ននេះក៏ដោយ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋផ្សេងទៀតដែលបានសាងសង់ផ្ទះឆ្ងាយពីប្រាសាទដ៏ល្បីល្បាញនៃតំបន់បេតិកភណ្ឌពិភពលោកនេះ ទំនងជានឹងទទួលបានការអនុគ្រោះផងដែរ។

លោក លឹម ប៊ុនធា អាយុ៤៣ឆ្នាំដែលបានសាងសង់ផ្ទះក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបបាននិយាយថា ប្រពន្ធរបស់គាត់បានទៅសាលាខេត្តកាលពីថ្ងៃ ច័ន្ទជាមួយប្រជាពលរដ្ឋជាង១០០នាក់ទៀតដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលខេត្ត។

គាត់បាននិយាយថា “អាជ្ញាធរខេត្តមិនបានផ្តល់ដំណោះស្រាយដល់ពួកយើងទេ ប៉ុន្តែ ពួកគេបានសន្យាថា នឹងយកសំណូមពររបស់យើងទៅពិភាក្សាជាមួយអាជ្ញាធរអប្សរា”។

លោក លី សំរិទ្ធ បានមានប្រសាសន៍ថា មន្ត្រីខេត្តកំពុងពិភាក្សាជាមួយលោក ស៊ុំ ម៉ាប់ប្រធានអាជ្ញាធរអប្សរា ប៉ុន្តែ មិនទាន់មានសេចក្តីសម្រេចនៅឡើយទេ។

លោក លី សំរិទ្ធ បានថ្លែងថា ខណៈដែលករណីគ្រួសារមួយចំនួនកំពុងត្រូវបានពិនិត្យមើលនោះ “យើងនឹងផ្អាកការរុះរើសំណង់ទាំងនោះមួយរយៈសិន”។

អ្នកភូមិបានធ្វើការតវ៉ាពីការរុះរើផ្ទះនិងតូបលក់ដូរជាង៥០០ដែលអាជ្ញាធរអប្សរាលើកឡើងថា ត្រូវបានសាងសង់ខុសច្បាប់នៅក្នុងឧទ្យាននេះ រយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា។

ប្រជាពលរដ្ឋបានអះអាងថា អាជ្ញាធរមិនបានហាមឃាត់ពួកគាត់កុំឱ្យសាង់សង់នោះឡើយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បី ទាក់ទាញសន្លឹកឆ្នោត។ឯកសារបង្ហាញថា អតីតចៅសង្កាត់គណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើពាក្យសុំសាងសង់មួយចំនួន។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា លោកមិនដឹងពីការពិភាក្សារវាងអាជ្ញាធរអប្សរានិងអាជ្ញាធរខេត្តឡើយ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់លោក លី សំរិទ្ធ ដែលថា ផ្ទះមួយចំនួនប្រហែលជាមិនត្រូវបានរុះរើនោះ។

លោក ឡុង កុសល បានថ្លែងថា អាជ្ញាធរបានរុះរើផ្ទះនិងតូបលក់ដូរ៧៦ក្នុងឧទ្យានអង្គរចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃច័ន្ទ ដោយអ្នកភូមិបានយល់ព្រមរុះរើសំណង់៤៤ទៀតដោយស្ម័គ្រចិត្ត ហើយសំណង់មួយចំនួនត្រូវបានរុះរើរួចហើយ។ លោកបានថ្លែងថា ការរុះរើបានបន្តកាលពីម្សិលមិញ៕សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.