វិសោធនកម្មច្បាប់​​អនុញ្ញាត​ឲ្យ​​​បោះឆ្នោត​ពីបរទស​​​បញ្ជូន​ទៅ​​សភា​ហើយ​

កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តការសិក្សាបន្ថែមលើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតដែលនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកខ្មែរជាង១លាននាក់បានបោះឆ្នោតពីបរទេស។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមកិច្ចប្រជុំកាលពីម្សិលមិញបានមានប្រសាសន៍ថា ច្បាប់ដែលស្នើឡើងដោយគណបក្សសង្គ្រោះជាតិនេះមានបំណងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងការបោះឆ្នោត រួមទាំងអ្នកដែលធ្វើការទៅបរទេសផង។

លោកបានថ្លែងថា “យើងត្រូវតែធានាថា ពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់គាត់ក្នុងការជ្រើសរើសអ្នកតំណាងរបស់គាត់ដោយងាយស្រួល”។ លោកបានបន្តថា “បើសិនជាយើងមិនធ្វើវិសោធនកម្មទេ ដូច្នេះការអនុវត្តសិទ្ធិរបស់គាត់គឺលំបាកហើយ”។

ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា  នៅក្នុងកិច្ចប្រជុំបិទទ្វារនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានព្រឹទ្ធសភា និងដែលមានសមាសភាពតំណាងរាស្ត្រគណបក្សប្រជាជនប្រាំមួយរូប និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំរូបនេះបានបោះឆ្នោតបញ្ជូនសេចក្តីស្នើវិសោធនកម្មនេះទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាហើយ។

អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មការជំនាញដែលមានសមាសភាពប្រាំរូបមកពីគណបក្សប្រជាជនកម្ពុជា និងបួនរូបមកពីគណបក្សសង្គ្រោះជាតិ “នឹងសិក្សា ស្រាវជ្រាវ គេធ្វើវិភាគ វាយតម្លៃ ហើយបញ្ជូនលទ្ធផលនៃការសន្និដ្ឋានរបស់ខ្លួនជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ”។

លោកលើកឡើងបន្ថែមទៀតថា បន្ទាប់មកគណៈកម្មាធិការអចិន្ត្រៃយ៍នឹងធ្វើការសម្រេចថា តើនឹងត្រូវបញ្ជូនសេចក្ដីស្នើច្បាប់នេះទៅសម័យប្រជុំពេញអង្គដើម្បីធ្វើការបោះឆ្នោត ឬក៏ច្រានចោល។

ដោយសល់ពេលមិនដល់មួយឆ្នាំទៀតនឹងដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា សេចក្តីស្នើច្បាប់របស់គណបក្សសង្គ្រោះជាតិនេះនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតនៅតាមស្ថានទូត ឬស្ថានកុងស៊ុលនៅបរទេស ហើយអនុញ្ញាតឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្កើតការិយាល័យបោះឆ្នោតនៅតាមបណ្ដោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។

ទោះជាយ៉ាងណា អ្នកវិភាគមួយរូបបានលើកឡើងថា ច្បាប់នេះទំនងជាមិនត្រូវបានអនុម័តទេ ព្រោះវាមិនផ្ដល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាទេ នៅក្នុងការផ្ដល់សិទ្ធិបោះឆ្នោតដល់ពលករចំណាកស្រុកដែលមួយភាគធំទៅបរទេសដើម្បីស្វែងរកការងារមានប្រាក់ខែខ្ពស់ជាងនៅក្នុងស្រុក  ហេតុដូច្នេះរដ្ឋាភិបាលប្រហែលជាមិនពេញចិត្តនឹងច្បាប់នេះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មួយរូបបានលើកឡើងកាលពីដើមខែនេះថា សំណើវិសោធនកម្មនេះនឹងមិនអាចអនុវត្តបានទេដោយសារ “ឧបសគ្គផ្លូវច្បាប់ បច្ចេកទេស និងហិរញ្ញវត្ថុ”។

អ្នកនាំពាក្យរូបនោះថ្លែងថា គណបក្សសង្គ្រោះជាតិត្រូវស្វែងរក “ថវិកាបម្រុងទុក” ឬទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដើម្បីអនុម័តវិសោធនកម្មនេះដែលនឹងអនុញ្ញាតឱ្យពលរដ្ឋខ្មែរប្រមាណ១,៥លាននាក់ដែលរស់នៅ ឬធ្វើការនៅបរទេសបានបោះឆ្នោត៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.