មន្ត្រីក្រសួង​ផ្តល់ព៏ត៌មានមិនត្រូវគ្នា​ពាក់ព័ន្ធ​​​បម្រាម​លើវិទ្យុ​អាស៊ីសេរី និងវិទ្យុសម្លែងសហរដ្ឋអាមេរិក​

កាលពីម្សិលមិញ មន្ត្រីក្រសួងព័ត៌មាន បានផ្តល់ព័ត៌មានមិនត្រូវគ្នាជុំវិញបញ្ហាថា តើរដ្ឋាភិបាលកំពុងពិចារណាច្បាប់ថ្មីដែលរារាំងស្ថានីយវិទ្យុនានាមិនឱ្យលក់ម៉ោងសម្រាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA) ដែលសុទ្ធតែទទួលបានជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកឬយ៉ាងណា ដោយធ្វើឲ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងអំពីជោគវាសនារបស់ការិយាល័យវិទ្យុទាំងពីរនេះនៅកម្ពុជា។

កាលពីម្សិលមិញ អ្នកយកព័ត៌មានបានស្នើឱ្យលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងនេះបញ្ជាក់អំពីពាក្យចចាមអារ៉ាមដែលថា ស្ថានីយវិទ្យុក្នុងស្រុកនានា នឹងត្រូវហាមឃាត់មិនឱ្យលក់ម៉ោងផ្សាយសម្រាប់កម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិកនៅដើមខែកញ្ញា។

លោកបានថ្លែងថា “វាកំពុងស្ថិតក្នុងការពិចារណា”។ លោកបានបន្ថែមថា “រាល់ការសម្រេចទាំងអស់ត្រូវមានការឯកភាពពីក្រសួងព័ត៌មាន។ ប៉ុន្តែ ខ្ញុំមិនទាន់បានឃើញ [សេចក្តីប្រកាស] ជាផ្លូវការនៅឡើយទេ…សម្រាប់ពេលនេះខ្ញុំមិនអាចផ្តល់ព័ត៌មានលម្អិតបានទេព្រោះខ្ញុំអត់មានអ្វីដែលជាផ្លូវការនៅក្នុងដៃឡើយ”។

លោក អ៊ុក គឹមសេង បានលើកឡើងទៀតថា លោកអត់ដឹងទេថា តើពេលណាច្បាប់នេះនឹងចេញនោះ។

លោកបានមានប្រសាសន៍ថា “ខ្ញុំកំពុងរង់ចាំការសម្រេចពីថ្នាក់លើរបស់ខ្ញុំ”។ លោកបានបន្ថែមថា រាល់ការប្រកាសណាមួយនឹងត្រូវបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក។

ប៉ុន្តែ នៅពេលសួរអំពីលទ្ធភាពនៃបម្រាមនេះ លោក ខៀវ កាញារីទ្ធ ដែលជាចៅហ្វាយរបស់លោកបានឆ្លើយតបក្នុងទំព័រហ្វេសប៊ុកថា ផែនការនេះ “មិននិយាយពីវិទ្យុ RFA/VOA ឡើយ”។

លោកមិនបាននិយាយលម្អិត ឬឆ្លើយតបទៅនឹងសំណួរចុងក្រោយអំពីការអត្ថាធិប្បាយរបស់លោក អ៊ុក គឹម សេង កាលពីព្រឹកថ្ងៃនោះឡើយ។

ទាំងវិទ្យុ RFA និង VOA មិនអាចទាក់ទងសុំការបំភ្លឺបានទ។ ការិយាល័យវិទ្យុទាំងពីរនេះទិញម៉ោងផ្សាយពីស្ថានីយវិទ្យុក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាដើម្បីផ្សាយបន្ត។

នៅក្នុងលិខិតមួយច្បាប់កាលពីដើមខែនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសុំឱ្យ ខៀវ កាញារីទ្ធ ពិនិត្យការចុះបញ្ជីរបស់ការិយាល័យវិទ្យុទាំងពីរនេះទាក់ទងនឹងការរំលោភបំពានកាតព្វកិច្ចបង់ពន្ធ។

លោក អ៊ុក គឹមសេង បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រសួងកំពុងប្រមូលព័ត៌មានបច្ចុប្បន្នភាពអំពីការផ្សព្វផ្សាយរួមទាំងបុគ្គលិកបច្ចុប្បន្ន និងទីតាំងការិយាល័យ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ “បរទេស” ផ្សេងទៀតផងដែរ។ លោកមិនបាននិយាយលម្អិតឡើយនៅពេលដែលត្រូវបានសុំឱ្យកំណត់ថា តើប្រព័ន្ធផ្សព្វផ្សាយ”បរទេស” ណាដែលលោកចង់សំដៅនោះ។

លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំដ៏មានប្រជាប្រិយមួយរូប កាលពីម្សិលមិញបានមានប្រសាសន៍ថា លោកមិនដឹងអំពីព័ត៌មានណាមួយដែលថាក្រសួងមានគម្រោងដកម៉ោងផ្សាយកម្មវិធីរបស់វិទ្យុ RFA ឬ VOA ចេញឡើយ ហើយបានលើកឡើងថា ស្ថានីយវិទ្យុរបស់លោកដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមិនខ្វល់នឹងបទបញ្ជាបែបនេះឡើយ។

លោក ម៉ម សូណង់ដូ បានថ្លែងថា “មិនអាចធ្វើអ្វីស្រេចតែចិត្តទេ”។ លោកបានបន្ថែមថា “បើយើងយកអាកម្លាំងអំណាចអីមកបង្ខំគេមកធ្វើ មិនត្រូវច្បាប់ទេ”។

លោកស្រី ឈួន វិជ្ជនី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៅវិទ្យុមហានគរ បានមានប្រសាសន៍ថា ស្ថានីយវិទ្យុរបស់លោកស្រីមិនទទួលបានសេចក្តីជូនដំណឹងណាមួយអំពីការកែប្រែការផ្សាយពីរលើកក្នុងមួយថ្ងៃរបស់វិទ្យុ RFA និង VOA ឡើយ។

លោកស្រីបានថ្លែងថា ស្ថានីយរបស់លោកស្រីត្រូវតែពិចារណាបើមានបទបញ្ជារបស់ក្រសួងឱ្យធ្វើដូច្នេះ៕ ស៊ុយឈាង និង សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.