NDI ត្រូវ​បាន​បញ្ឈប់​មិន​​​ឱ្យ​ធ្វើ​សកម្មភាព ហើយ​បុគ្គលិក​ជន​​​​​បរ​ទេស​ប្រឈម​បណ្ដេញ​​ចេញ

មន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូបបានបញ្ជាក់ថា បុគ្គលិកបរទេសនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលរដ្ឋាភិបាលទុកពេលឱ្យមួយសប្ដាហ៍ដើម្បីចាកចេញពីប្រទេសកម្ពុជា នឹងត្រូវបណ្ដេញចេញដោយបង្ខំ ប្រសិនបើមិនដាក់តម្កល់ឯកសាររបស់ខ្លួន បន្ទាប់ពីអង្គការដែលមានសម្ពន្ធភាពជាមួយសហរដ្ឋអាមេរិកមួយនេះត្រូវបានបញ្ជាកាលពីម្សិល មិញឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ទីបំផុត ការបណ្ដេញអង្គការ NDI ចំពោះការមិនបំពេញកាតព្វកិច្ចបង់ពន្ធ និងចុះបញ្ជី ស្របពេលរដ្ឋាភិបាលគំរាមកាន់តែខ្លាំងកាលពីពេលថ្មីនេះទៅលើអង្គការនានាដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិកនោះ បានក្លាយជាការពិតហើយ។

ក្រោយពីការប្រកាសនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើងថា បុគ្គលិកបរទេសរបស់អង្គការ NDI នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា “ដោយបង្ខំ” ប្រសិនបើពួកគេមិនព្រមចាកចេញ។

ដំណឹងថាអង្គការមិនស្វែងរកប្រាក់កម្រៃដែលធ្វើការដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យមួយនេះនឹងត្រូវបិទចោល លេចឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅមុនពេលថ្ងៃត្រង់បន្តិចកាលពីម្សិលមិញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមានខ្លឹមសារដូច្នេះថា អាជ្ញាធរ “បានឈានដល់ការសម្រេចបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងបណ្តេញុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការអំពីសេចក្តីសម្រេចនេះ”។

សេចក្ដីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ថា បុគ្គលិកបរទេសរបស់អង្គការ NDI មានប៉ុន្មាននាក់ទេ ប៉ុន្តែគេជឿថាមានមួយចំនួនតូច។

សេចក្ដីប្រកាសព័ត៌មានដដែលលើកឡើងពីច្បាប់ឆ្នាំ២០១៥ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមជ្ឈដ្ឋានទូទៅរិះគន់ចំពោះការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ ហើយចោទប្រកាន់អង្គការ NDI ថាធ្វើសកម្មភាពនៅប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីនៅក្រសួង រហូតដល់អង្គការនេះបានដាក់ពាក្យស្នើសុំចុះបញ្ជីនៅខែមិថុនាឆ្នាំមុន។

សេចក្ដីប្រកាសព័ត៌មនេះបានលើកឡើងបន្ថែមទៀតថា អង្គការ NDI ដែលបានធ្វើការនៅកម្ពុជា តាំងពីឆ្នាំ១៩៩២ នៅតែបន្តធ្វើសកម្មភាពរបស់ខ្លួន “ដោយគ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ” អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង មុនពេលចេញការព្រមានដល់អង្គការបរទេសផ្សេងទៀត។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា “អាជ្ញារធរមានសមត្ថកិច្ចក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចាត់វិធានការបែបនេះផងដែរចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលណាដែលមិនគោរពតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងច្បាប់ផ្សេងៗទៀតរបស់ព្រះរាជាណាចក្រកម្ពុជា”។

ពេលទាក់ទងក្រោយពីចេញសេចក្ដីប្រកាសព័ត៌មាននេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា បុគ្គលិកបរទេសរបស់អង្គការ NDI នឹងត្រូវបណ្ដេញចេញដោយបង្ខំ ប្រសិនបើពួកគេមិនគោរពតាមឱសានវាទរយៈពេល៧ថ្ងៃខាងលើនេះ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “គាត់នៅក្នុងប្រទេសណាក៏ត្រូវអនុវត្ត គាត់មិនត្រូវធ្វើឲ្យលើសពីច្បាប់ទេ”។ លោកមានប្រសាសន៍ទៀតថា  ”អត់មានស្ម័គ្រចិត្តអីទេរឿងនេះ អាហ្នឹងបើសិនអត់ចេញ ប្រើច្បាប់ហើយ អត់មានអីយោគយល់ទេ”។

ទោះជាយ៉ាងណា លោកគូសបញ្ជាក់ថា លោកមិនដឹងច្បាស់ពីមូលហេតុដែលក្រសួងការបរទេសមិនឆ្លើយតបការដាក់ពាក្យស្នើសុំចុះបញ្ជីរបស់ NDI កាលពីជាង១៥ខែមុនទេ។ លោកថ្លែងថា “គេមានហេតុផលច្បាស់លាស់ជាមួយអង្គការអស់ទាំងហ្នឹង គេមិនធ្វើផ្តេសផ្តាសនោះទេ”។

ទាក់ទិនបញ្ហានេះអ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ហើយចំណែកឯអង្គការ NDI ដែលទទួលបានមូលនិធិពីប្រភពផ្សេងៗជាច្រើនក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។

វិទ្យាស្ថាននេះមិនមែនជាអង្គការមិនស្វែងរកប្រាក់កម្រៃទី១ទេដែលត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសកម្ពុជា។នៅឆ្នាំ២០០៥ អង្គការបរិស្ថានក្លូបលវីតណេស (Global Witness) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីអង្គការនេះត្រូវបានដាក់ជំនួសជាអ្នកឃ្លាំមើលព្រៃឈើរបស់រដ្ឋាភិបាលកាលពីពីរឆ្នាំមុននោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានគំរាមបណ្ដេញអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ និងរដ្ឋធានីវ៉ាស៊ីនតោននេះចេញពីកម្ពុជា កាលពីឆ្នាំ២០០១ បន្ទាប់ពីខ្លួនបានចេញរបាយការណ៍ចោទប្រកាន់រដ្ឋាភិបាលថាជាអ្នកកាប់ឈើខុសច្បាប់ ហើយមិនចាត់វិធានការឱ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់ការកាប់ឈើខុស។ លោក ហ៊ុន សែន បានដកថយវិញ នៅពេលអង្គការនេះបានធ្វើការសុំទោសចំពោះការបញ្ចេញរបាយការណ៍នេះទៅដល់ប្រព័ន្ធផ្សព្វផ្សាយដោយមិនបានពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល។

ការបណ្ដេញវិទ្យាស្ថាន NDI កើតមានឡើងមិនដល់១សប្ដាហ៍ផងទេ បន្ទាប់ពីឯកសារបានបែកធ្លាយតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក និងត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការនយោបាយរវាងអង្គការ NDI និងគណបក្សប្រឆាំង ចំពេលមានភាពតានតឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះរវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនានាដែលគាំទ្រសហរដ្ឋអាមេរិក។

ឯកសារមួយទៀតទម្លាយដោយទំព័រហ្វេសប៊ុកគាំទ្ររដ្ឋាភិបាលមានឈ្មោះ កូនខ្មែរ (Kon Khmer) កាលពីយប់ថ្ងៃអង្គារ បង្ហាញពីសារអេឡិចត្រូនិកមួយកាលពីឆ្នាំ២០១១ ផ្ញើចេញដោយលោកស្រី ជូឡុង សូមួរ៉ា តំណាងរាស្ត្រគណបក្សប្រឆាំង និងត្រូវជាភរិយារបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួន ដែលក្នុងនោះលោកស្រីបានរៀបរាប់លម្អិតអំពីការប្រជុំជាមួយអង្គការ NDI អង្គការមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ (National Endowment for Democracy) និងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute)។

នៅក្នុងសារអេឡិចត្រូនិកនោះ ដែលភាពគួរឱ្យជឿជាក់បាននៃខ្លឹមសាររបស់វាមិនត្រូវបានបញ្ជាក់ លោកស្រី ជូឡុង សូមួរ៉ា អះអាងថា លោកស្រីបានសង្កត់ធ្ងន់ពីភាពស្រដៀងគ្នារវាងប្រទេសកម្ពុជា ប្រទេសទុយនេស៊ី និងប្រទេសលីប៊ី ហើយបានបន្ថែមថា អង្គការទាំងបីបានសន្យាស្មោះត្រង់នឹងគណបក្ស សម រង្ស៊ី ដែលបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សដើម្បីបង្កើតគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១២។ ទោះជាយ៉ាងណា លោកស្រី ជូឡុង សូមួរ៉ា មិនអាចទាក់ទងបានទេតាមរយៈសារអេឡិចត្រូនិក។

អត្ថបទព័ត៌មានមួយចុះផ្សាយក្នុងគេហទំព័រព័ត៌មាន Fresh News ដែលជាពាំនាំពាក្យរបស់រដ្ឋាភិបាល បានចោទប្រកាន់អង្គការទាំងបីថាជា “ឆ្មប” បង្កើតគណបក្សសង្គ្រោះជាតិដែលជា “មេខ្លោងជួយបក្សប្រឆាំងរៀបចំការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា”។

វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) សុទ្ធតែត្រូវបានចោទប្រកាន់ដែរថា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធ និងចុះបញ្ជី។ កាសែត ខេមបូឌា ដេលី ដែលបណ្ណាធិការរបស់ខ្លួនជាពលរដ្ឋអាមេរិក ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបញ្ជាឱ្យបង់ពន្ធដែលមិនបានធ្វើសវនកម្មចំនួន៦,៣លានដុល្លារ និងគំរាមបិទចោលក្នុងពេលដ៏ខ្លីខាងមុខ  ប្រសិនបើមិនព្រមបង់ពន្ធត្រឹមថ្ងៃទី៤ ខែកញ្ញា។

កាលពីម្សិលមិញ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដែលទំនងជាចំអកឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំុវិញការបិទអង្គការ NDI និងកាសែត ខេមបូឌា ដេលី។

លោកបានសរសេរថា “យុទ្ធសាស្ត្រនយោបាយបង្កើតលេសបិទអង្គការសង្គមសុីវិលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា បានបង្ហាញឲ្យមតិសាធារណៈមើលឃើញថា ជនមានអំណាចខ្លាំងកំពុងស្ថិតក្នុងភាពអស់សង្ឃឹមក្នុងការឈ្នះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ”។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ថា អង្គការ NDI ក៏បានធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាដែរ ហើយបានអះអាងថា អង្គការនេះធ្វើសកម្មភាពនៅប្រទេសកម្ពុជា ដោយមិនលម្អៀង។

ស្ថានទូតនេះបានលើកឡើងថា “អង្គការ NDI មានភាពមិនលម្អៀង ហើយធ្វើការជាមួយគណបក្សធំៗទាំងអស់ រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។ នៅឆ្នាំ ២០១៧ អង្គការ NDI បានធ្វើការបណ្តុះបណ្តាលគណបក្សប្រជាជនកម្ពុជា លើការទាក់ទងគ្នាជាមួយផ្នែកខាងក្រៅ ការធ្វើផែនការលើយុទ្ធនាការ ការសង្កេតការណ៍បោះឆ្នោត និងកំណត់សារទៅកាន់អ្នកបោះឆ្នោត” ហើយបានចាត់ទុកការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Fresh News ថា “មានភាពមិនត្រឹមត្រូវ ហើយមានភាពលម្អៀង”។

ស្ថានទូតនេះបានចោទសួរថា “នៅក្នុងរយៈពេលតែ២ខែប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ប្រកបដោយជោគជ័យនៅប្រទេសកម្ពុជា ការសម្រេចចិត្តបិទអង្គការ NDI ធ្វើឲ្យមានការចោទជាសំណួរដ៏សំខាន់មួយថា តើរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ?”។

លោក ឆាលស៍ ស៊ែនទីអេហ្គោ (Charles Santiago) ប្រធានសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (APHR) បាលើកឡើងពីការព្រួយបារម្ភអំពីការសម្រេចបិទអង្គការ NDI តាមរយៈច្បាស់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយបានលើកឡើងថា វាទំនងជាផ្នែកមួយនៃការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរិះគន់នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏សំខាន់នៅឆ្នាំក្រោយ។

លោកបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា “យើងមានការព្រួយបារម្ភខ្លាំងចំពោះការប្រកាសរបស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះថា ខ្លួននឹងបង្ខំឱ្យបិទប្រតិបត្តិការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងបណ្ដេញបុគ្គលិកបរទេសរបស់អង្គការនេះក្នុងរយៈពេល៧ថ្ងៃ”។

លោកបានលើកឡើងទៀតថា “កន្លងមក APHR និងអ្នកផ្សេងទៀតធ្លាប់បានបង្ហាញការព្រួយបារម្ភខ្លាំងរួចមកហើយអំពីបទប្បញ្ញត្តិនានានៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការប្រើប្រាស់បទប្បញ្ញត្តិទាំងនោះក្នុងផ្លូវមិនត្រឹមត្រូវដែលអាចកើតមាន។ ការបិទអង្គការ NDI ដោយមិនទុកឱកាសគ្រប់គ្រាន់ដើម្បីឱ្យពួកគេឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ បានធ្វើឱ្យការព្រួយបារម្ភទាំងនេះកើតមានជាថ្មី”។

លោកបានបន្តថា “ការពិតដែលនេះកើតមានឡើងក្នុងបរិបទបង្កើនការគាបសង្កត់លើសេរីភាពបញ្ចេញមតិ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា គឺកាន់តែព្រួយបារម្ភ ហើយវាទំនងជាបង្ហាញពីការបន្តព្យាយាមរបស់គណបក្សកាន់អំណាចដើម្បីពង្រឹងអំណាចនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំក្រោយ”៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.