​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​​មួយ​​គ្រួសារ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់ទៅ​​កាន់​ប្រទេស​វៀតណាម​វិញ​

មន្ត្រីមួយរូបបានប្រាប់ឲ្យដឹងថា ជនជាតិម៉ុងតាញ៉ាមួយគ្រួសារបានត្រឡប់ទៅប្រទេសវៀតណាមវិញកាលពីថ្ងៃពុធ បន្ទាប់ពីស្នើសុំឱ្យអាជ្ញាធរជួយបញ្ជូនពួកគេត្រឡប់ទៅប្រទេសដែលខ្លួនបានរត់គេចកាលពី២ឆ្នាំមុន ដោយច្រានចោលការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលលើកឡើងថា ពួកគេត្រូវបានចាប់ខ្លួន ហើយបណ្ដេញចេញ។

លោក ជា ប៊ុនធឿន ស្នងការរងខេត្តរតនគិរីបានមានប្រសាសន៍ថា លោក រចំ ប៊ីត និងប្រពន្ធរបស់គាត់ឈ្មោះ ពួយ អុីចាត អាយុ៣២ឆ្នាំដូចគ្នាដែលជាជនជាតិដើមភាគតិចចារ៉ាយ បានចាកចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ ជាមួយកូនស្រីពីរនាក់របស់ពួកគេ។

លោកថ្លែងថា លោកមិនដឹងពីមូលហេតុដែលគ្រួសារនេះភៀសខ្លួនពីតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាមទេ។ ទោះជាយ៉ាងណា មនុស្សរាប់រយគ្រួសារបានភៀសខ្លួនមកកាន់ខេត្តរតនគិរីចាប់តាំងពីចុងឆ្នាំ២០១៤ មក ដោយអ្នកទាំងនោះត្អូញត្អែរថា រដ្ឋាភិបាលក្រុងហាណូយ បានធ្វើទុក្ខបុកម្នេញខ្លាំងផ្នែកនយោបាយ និងសាសនា។

ស្នងការរងរូបនេះលើកឡើងទៀតថា ដំបូងឡើយគ្រួសារនេះបានស្នាក់នៅកម្ពុជា ប៉ុន្តែក្រោយមកបានទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ប៉ុន្តែបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយបានសុំឱ្យអាជ្ញាធរជួយបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ។

លោកបានថ្លែងថា “ប្ដីប្រពន្ធនេះបានត្រឡប់ពីប្រទេសថៃវិញ ហើយបានស្នាក់នៅមួយរយៈក្នុងខេត្តរតនគិរី។ ពួកគាត់បានមកសុំឱ្យអាជ្ញាធរយើងជួយបញ្ជូនពួកគាត់ត្រឡប់ទៅស្រុកវិញ”។

ហើយលោកបានច្រានចោលអត្ថបទព័ត៌មានមួយចុះផ្សាយដោយគេហទំព័រ DAP News កាលពីម្សិលមិញដែលលើកឡើងថា គ្រួសារនេះត្រូវបានឃុំខ្លួននៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង មុនពេលត្រូវបានសាកសួរ ហើយបណ្ដេញចេញ។

លោកលើកឡើងទៀតថា “គ្រួសារនេះបានមកទំនាក់ទំនងអាជ្ញាធរយើង ហើយយើងបានសម្របសម្រួលជូនពួកគាត់ត្រឡប់ទៅវៀតណាមវិញ  តាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ”៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.