លោក ហ៊ុន សែន សន្យា​ពិនិត្យ​​​ និង​ព្យាបាល​កម្មករ​​ដោយ​ឥតគិត​ថ្លៃ​

កាលពីម្សិលមិញ លោក ហ៊ុន សែន បានប្រកាសថា កម្មករនិងបុគ្គលិកនៅក្នុងឧស្សាហកម្មសំខាន់ៗមួយចំនួននៅកម្ពុជានឹងអាចទទួលបានការពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃក្នុងពេលឆាប់ៗ ជាអត្ថប្រយោជន៍ថ្មីដ៏ធំមួយផ្សេងទៀតដែលកម្មករកម្ពុជានឹងទទួលបាននៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។

ការប្រកាសនេះកើតមានឡើងត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកបានប្រកាសផ្ដល់អត្ថប្រយោជន៍ថ្មីយ៉ាងច្រើនដល់កម្មករកាត់ដេរ ដែលមានចំនួនប្រហែល៧០០.០០០នាក់ នៅក្នុងអ្វីដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជាការខិតខំដើម្បីទាក់ទាញសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលគេរំពឹងថានឹងមានការប្រកួតប្រជែងប្រកៀកប្រកិតគ្នារវាងបក្សកាន់អំណាចនិងបក្សសង្គ្រោះជាតិ ដែលកៀងគរការគាំទ្របានយ៉ាងច្រើនពីកម្មករកាត់ដេរកាលពីឆ្នាំ២០១៣។

លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកបន្ទាប់ពីថ្លែងសុន្ទរកថាទៅកាន់បុគ្គលិករោងចក្រកាត់ដេរជាង៤.០០០នាក់នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា “ចាប់ពីឆ្នាំ២០១៨តទៅ កម្មករកម្មការិនីយើងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ”។

សារបង្ហោះតាមហ្វេសប៊ុកនេះមិនបានផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងដែលនឹងបង្កើនអត្ថប្រយោជន៍ថែទាំសុខភាពថ្មីដល់កម្លាំងការងារមួយផ្នែកធំនោះឡើយ និងបានបន្ថែមសម្ពាធលើវិស័យសុខាភិបាលសាធារណៈដែលកំពុងជួបបញ្ហាខ្វះមូលនិធិស្រាប់។ សារនេះមិនបានលើកឡើង ថាតើគម្រោងនេះនឹងចំណាយថវិកាអស់ប៉ុន្មាន ថាតើវានឹងរ៉ាប់រងលើការព្យាបាលជំងឺរយៈពេលវែងនិងចំណាយអស់ប្រាក់ច្រើន ឬថាតើកម្មករត្រូវធ្វើអ្វីខ្លះទើបអាចទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនោះឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាលសុទ្ធតែបដិសេធមិនធ្វើអត្ថាធិប្បាយ ឬក៏មិនអាចទាក់ទងបាន។

បន្ទាប់ពីចាកចេញពីពិធីថ្លែងសុន្ទរកថារបស់លោក ហ៊ុន សែន កាលពីម្សិលមិញ លោក ជួន ឆេង ជំនួយការរដ្ឋបាលនៅរោងចក្រ Kada Apparel Corp ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ បានស្វាគមន៍ការផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃនេះ ប៉ុន្តែបានចោទសួរអំពីពេលវេលា។

លោកបានថ្លែងថា “អ្វីដែលគាត់បានមានប្រសាសន៍ គឺមានផលល្អដល់កម្មករយើង ថាតើគាត់ចង់ទាមទារសន្លឹកឆ្នោតឬក៏អត់យើងអត់ដឹងដែរ”។

លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា មិនបានឮការសន្យារបស់លោក ហ៊ុន សែន ដោយផ្ទាល់នោះឡើយ ប៉ុន្តែថា លោកមិនចាប់អារម្មណ៍ទេ។

លោកមានប្រសាសន៍ថា “នេះជាកាតព្វកិច្ចរបស់រដ្ឋ” ក្នុងការយកចិត្តទុកដាក់លើកម្លាំងការងារនៅក្នុងប្រទេស។ លោកបានបន្ថែមថា ”ទោះបីជាគាត់មិនសន្យាក៏រដ្ឋត្រូវតែធ្វើដែរ។ កន្លងមកហ្នឹង  រដ្ឋាភិបាលយើងបានខកខានក្នុងការផ្តល់សេវាហ្នឹងដល់ពួកគាត់ អ៊ីចឹងហើយបានជាបញ្ហាសុខភាព ជាបញ្ហាចម្បងរបស់ប្រជាពលរដ្ឋ…និងជាផ្នែកមួយដែលធ្វើឲ្យពួកគាត់ប្រឈមនឹងភាពក្រីក្រ”។

លោក ស ម៉ូរ៉ា ដែលសហជីពរបស់លោកធ្វើការលើវិស័យជាច្រើនរាប់ចាប់ពីស្ថានីយប្រេងឥន្ធនៈរហូតដល់វិស័យសណ្ឋាគារបានលើកឡើងថា អត្ថប្រយោជន៍ថ្មីទាំងនេះច្បាស់ណាស់ថា គ្រោងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាឆ្នាំក្រោយ។

លោកបានថ្លែងថា “វាកៀកការបោះឆ្នោតហើយ អ៊ីឹចឹងគាត់ត្រូវព្យាយាមដើម្បីបានការគាំទ្រពីកម្មករ”។

នៅក្នុងសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន សែន មិនបាននិយាយសុំសន្លឹកឆ្នោតចំៗសម្រាប់គណបក្សប្រជាជនកម្ពុជាទេ  ប៉ុន្តែបានរិះគន់គណបក្សសង្គ្រោះជាតិដោយមិននិយាយចេញឈ្មោះចំៗ។

លោកក៏បានរៀបរាប់អំពីអត្ថប្រយោជន៍ថ្មីមួយចំនួនដែលលោកសន្យាផ្ដល់ឱ្យកម្មករកាត់ដេរកាលពីសប្ដាហ៍មុនផងដែរ។ លោកលើកឡើងថា គម្រោងសោធន៍និវត្តន៍ដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០១៩  នឹងធានាថាពួកគេនឹងទទួលបាន៨០ភាគរយនៃប្រាក់ខែដែលធ្លាប់ទទួលបានពីមុន ហើយថា ម្ចាស់ផ្ទះនៅក្បែររោងចក្រកាត់ដេរនឹងត្រូវជំរុញកុំឱ្យដំឡើងថ្លៃឈ្នួលផ្ទះនៅឆ្នាំក្រោយ។ លោកក៏បានលើកឡើងម្ដងទៀតអំពីការសន្យារបស់លោកដែលថា ប្រាក់ខែគោលសម្រាប់កម្មករនៅឆ្នាំក្រោយនឹងឡើងដល់មិនតិចជាង១៦៨ដុល្លារទេ ពីប្រាក់ខែបច្ចុប្បន្នចំនួន១៥៣ដុល្លារផងដែរ៕ ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.