ចាប់​​​ខ្លួន​​​ម្នាក់​​​ទៀត​​​ជុំ​​​វិញ​​​ការ​​​រិះ​​​គន់​​​លោក ហ៊ុន សែន តាម​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​

ក្រុមមន្ត្រីបាននិយាយថា ក្នុងការចាប់ខ្លួនថ្មីៗនេះនូវអ្នករិះគន់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមទំព័រហ្វេសប៊ុក ស្ត្រីម្នាក់ក្នុងក្រុងប៉ោយប៉ែតត្រូវបាននាំខ្លួនទៅតុលាការចំពោះការហៅលោកនាយករដ្ឋមន្ត្រីថា”អាក្បត់ជាតិ” ក្នុងការឆ្លើយតបទៅនឹងការបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមដោយគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាល។

យោងតាមលោក សិទ្ធិ លួស ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ម៉ៅ លីនដា អាយុ៣១ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់ក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីសរសេរខំមិន (comment)កាលពីថ្ងៃ សុក្រ។

លោក សិទ្ធិ លួស បានថ្លែងថា “និយាយឱ្យចំប្រដោយទៅ ពាក់ព័ន្ធនឹងការជេរប្រមាថ មាក់ងាយ បរិហារកេរ្តិ៍ជាសាធារណៈ”។

តាមរយៈសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់ Fresh News អំពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លីនណា បានចោទលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកថា បានលក់ដីរបស់ជាតិ”។

មុនហៅលោកនាយករដ្ឋមន្ត្រីថា “អាក្បត់ជាតិ” លីនដា បានសរសេរថា “ប្រទេសកម្ពុជាមិនទទួលយកអាត្រកូល ហ៊ុន សែន ឯង យកដីសម្តេចតាលក់ទេ”។

នៅពេលសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត លោក សិទ្ធិ លួស បានថ្លែងថា លីនដាសារភាពថា គាត់បានសរសេរសារបន្តុះបង្អាប់។

លោក សិទ្ធិ លួស បានថ្លែងថា “គាត់ក៏បានសារភាពថា អាហ្នឹងជា account របស់គាត់ដែលគាត់កំពុងប្រើប្រាស់ជាប្រចាំ”។ លោកបានបន្ថែមថា អតីតបុគ្គលិកកាស៊ីណូរូបនេះអះអាងថា នាង “មិនពេញចិត្ត” នឹងលោកនាយករដ្ឋមន្ត្រី។

លោកបានបន្ថែមទៀតថា “គាត់ទើបតែចាប់ផ្តើមហ្នឹង ឃើញគេជេរទៅ គាត់ជេរតាមអញ្ចឹងហា៎”។

យោងតាមលោក រឿន លីណា អ្នកនាំពាក្យតុលាការបានឱ្យដឹងថា លីនដា កំពុងត្រូវបានសាកសួរនៅសាលាដំបូងខេត្តកាលពីម្សិលមិញ។

ករណីប្រឆាំង លីនដា នេះជាករណីថ្មី បំផុតក្នុងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់លើអ្នកប្រើប្រាស់អីុនធឺណិតក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបង្ហាញពីការមិនសូវអត់ឱនចំពោះអ្នករិះគន់លោក ហ៊ុន សែន តាមប្រព័ន្ធអីុនធឺណិត។

ជារឿយៗអ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះត្រូវបានជាប់ចោទពីបទឱក្រិដ្ឋរួមទាំងបទបរិហារកេរ្តិ៍ និងបទញុះញង់ បន្ទាប់ពីរិះគន់លោក ហ៊ុន សែន តាមទំព័រហ្វេសប៊ុក។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាប្រធានអង្គការវេទិកាអនាគតបានព្រមានថា ប្រជាពលរដ្ឋតែងមានការយល់ច្រឡំថា អ្វីៗដែលពួកគាត់បានលើកឡើង ឬសរសេរតាមបណ្តាញទំនាក់ទំនងសង្គម ជាសេរីភាពបញ្ចេញមតិដោយគ្មានផលវិបាកអ្វីឡើយ។

លោកបានថ្លែងថា “នៅក្រៅគាត់អត់សូវហ៊ាននិយាយទេ ដល់ពេលហ្វេសប៊ុក គាត់ហ៊ានជ្រុល។ នេះគឺជាបញ្ហាមួយ”។

កាលពីសប្តាហ៍មុន លោក សួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំជុំវិញការបង្ហោះសារក្នុងទំព័រហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្ត្រី និងមេដឹកនាំយោធា។ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដូចគ្នានេះកាលពីខែមុន ចំពោះការចោទប្រកាន់ លោក ហ៊ុន សែន ថានៅពីក្រោយការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីឆ្នាំមុនក្នុងវីដេអូបន្តផ្ទាល់តាមទំព័រហ្វេសប៊ុក។

កាលពីខែកុម្ភៈ ពលករចំណាកស្រុកអាយុ២៧ឆ្នាំម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំជុំវិញការបង្ហោះសារក្នុងទំព័រហ្វេសប៊ុកគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី។ វ៉ែន សុភាព មកពីខេត្តព្រៃវែងបានបង្ហោះសារចំនួនពីររួមទាំងការសរសេរសារជាមួយរូបភាពវីដេអូនោះផងដោយលើកឡើងថា”ហ៊ុន សែន អើយ ថ្ងៃេនះជាថ្ងៃអន្សារបស់អ្នកហើយ”។ ជននេះអះអាងថា ខ្លួនមិនដឹងថា ការបង្ហោះសារក្នុងទំព័រហ្វេសប៊ុកដូចនេះខុសច្បាប់ឡើយ។

នៅក្នុងករណីមួយក្នុងចំណោមករណីលេចធ្លោបំផុត និស្សិត គង់ រ៉ៃយ៉ា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែកាលពីខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីអំពាវនាវឱ្យធ្វើ “បដិវត្តន៍ពណ៌” តាមបណ្តាញទំនាក់ទំនងសង្គម។ និស្សិតវិទ្យាសាស្ត្រនយោបាយអាយុ២៥ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនពេលកំពុងដើរទៅរៀននៅសាកលវិទ្យាល័យខេមរៈ ក្នុងរាជធានីភ្នំពេញ។

លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវទទួលខុសត្រូវចំពោះសកម្មភាពណាមួយតាមបណ្តាញទំនាក់ទំនងសង្គម។ លោកបានថ្លែងថា “មតិវានៅហ្វេសប៊ុកក៏ដោយ ឬនិយាយជាសាធារណៈតាមវិទ្យុក៏ដោយ តាមប្រព័ន្ធផ្សេងៗក៏ដោយ វាដូចតែគ្នាហ្នឹង បានន័យថា មានការទទួលខុសត្រូវដូចគ្នា”។

លោកបានបន្ថែមថា “វាមានច្បាប់ដែលអនុញ្ញាតឱ្យមាន restriction ហ្នឹង ប្រសិនបើញុះញង់ ហិង្សា គំរាមកំហែងសម្លាប់អីហ្នឹងអាហ្នឹងគួរតែចាប់ខ្លួនហើយអាហ្នឹង”។

លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានយល់ស្របថា អ្នកប្រើប្រាស់ហ្វេសប៊ុកត្រូវមានការប្រយ័ត្នប្រយែងនៅពេលបញ្ចេញ មតិរិះគន់រដ្ឋាភិបាលតាមប្រព័ន្ធអីុនធឺណិត ហើយមិនគួរយល់ខុសពីសន្តិសុខជាតិនោះទេនៅពេលឃើញប្រទេសផ្សេងអនុញ្ញាតឱ្យមានសេរីភាពទូលំទូលាយក្នុងការរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួន។

លោក សុក សំអឿន បានមានប្រសាសន៍ ថា “យើងមានសិទ្ធិបញ្ចេញមតិ ក៏ប៉ុន្តែមិនអាច ក្នុងច្បាប់វាមានចងច្រើនណាស់ មិនអាចប៉ះពាល់ទៅដល់សន្តិសុខជាតិ កិត្តិយសអ្នកដទៃ ហើយមួយទៀតជួនកាលអ្នកខ្លះ គាត់មើលក្នុងហ្វេសប៊ុក អញ្ចឹងទៅគាត់ដូចជាឃើញប្រទេសគេ គេដៀលត្មេះ ឬរិះគន់ប្រធានាធិបតីគេអញ្ចឹង គាត់ស្មានថា គាត់អាចធ្វើបានដូចគេដែរ”។

លោកបានបន្ថែមថា ជាមួយនឹងការពង្រីកនិយមន័យនៃសន្តិសុខជាតិ សន្តិសុខសង្គមនិងការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកដទៃដូច្នេះ “សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ក៏វារួញដែរ”៕សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.