តំណាង​​​ពលករ​​​ស្នើ​​​សុំឱ្យមាន​​​ការ​​​បោះឆ្នោត និង​​​ចុះឈ្មោះបោះ​​​ឆ្នោត​​​​​​នៅ​​​ថៃ

តំណាងពលករដែលនិយាយថា ពួកគាត់តំណាងឱ្យពលករចំណាកស្រុកកម្ពុជារាប់ម៉ឺននាក់ក្នុងប្រទេសថៃកាលពីម្សិលមិញបានដាក់ញត្តិចំនួនបីទៅស្ថានទូតរបស់ខ្លួនក្នុងទីក្រុងបាងកកជំរុញឱ្យមានការបោះឆ្នោតនិងការចុះឈ្មោះពីក្រៅប្រទេសនៅមុនការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ។

បញ្ហានេះ ដែលក៏ត្រូវបានលើកឡើងផងដែរដោយគណបក្សសង្គ្រោះជាតិក្នុងរដ្ឋសភា នឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាង១លាននាក់បាត់បង់សិទ្ធិបោះឆ្នោត ដោយការស្នាក់នៅធ្វើការងារក្នុងប្រទេសថៃ ហើយអ្នកដែលគេគិតថា មានការគាំទ្រលើសលប់ចំពោះគណបក្សប្រឆាំង។

ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរសម្រុកនាំគ្នាទៅធ្វើលិខិតឆ្លងដែននៅនាយដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងខណ្ឌច្បារអំពី រាជធានីភ្នំពេញ កាលពីខែកក្កដា។ Hannah Hawkins
ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរសម្រុកនាំគ្នាទៅធ្វើលិខិតឆ្លងដែននៅនាយដ្ឋានលិខិតឆ្លងដែននៃក្រសួងមហាផ្ទៃក្នុងខណ្ឌច្បារអំពី រាជធានីភ្នំពេញ កាលពីខែកក្កដា។ Hannah Hawkins

ច្បាប់បោះឆ្នោតបច្ចុប្បន្ននេះតម្រូវឱ្យពួកគាត់ត្រឡប់មកស្រុកកំណើតរបស់ខ្លួននៅពេលចុះឈ្មោះ និងត្រឡប់មកម្តងទៀតដើម្បីបោះឆ្នោត ហើយបញ្ហាមួយទៀតគឺចំណាយប្រាក់ច្រើន និងត្រូវការពេលវេលាច្រើនផងដែរ។

លោក លី រតនរស្មី អាយុ៣៥ឆ្នាំបាននិយាយថា គាត់ជាតំណាងម្នាក់ក្នុងចំណោមតំណាងពលករប្រាំមួយនាក់ដែលបានចុះហត្ថលេខា និងបានដាក់ញត្តិកាលពីម្សិលមិញ។

គាត់បាននិយាយថា “យើងស្នើសុំឱ្យគាត់ជួយសម្រួលក្នុងការចុះឈ្មោះបោះឆ្នោតនៅក្នុងស្ថានទូតប្រចាំនៅក្នុងប្រទេសថៃ”។ ការចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅខែកក្កដា គ្រោងចាប់ផ្ដើមនៅថ្ងៃសុក្រ។

គាត់បាននិយាយថា ប្រសិនបើការចុះឈ្មោះ និងការបោះឆ្នោតនៅស្ថានទូតមិនអាចធ្វើទៅបានទេនោះ ពួកគាត់ចង់ឱ្យមានការអនុញ្ញាតឱ្យធ្វើនៅតាមព្រំដែន ពីព្រោះពលករច្រើនណាស់មិនអាចសុំច្បាប់ឈប់សម្រាកបានដើម្បីទៅស្រុកកំណើតរបស់ខ្លួន។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថា ច្បាប់ការងារថៃរារាំងពលករចំណាកស្រុកមិនឱ្យបង្កើតជាសហជីព ឬធ្វើជាសមាជិកគណៈកម្មាធិការសហជីពដែលមានអំណាចជ្រើសរើសមេដឹកនាំសហជីពឡើយ។

លោក លី រតនរស្មី បាននិយាយថា ហេតុដូច្នោះហើយ តំណាងពលករខ្មែរបានរៀបចំពលករប្រហែលពី២.០០០ទៅ៣.០០០នាក់ក្រៅផ្លូវការផ្អែកលើតំបន់ភូមិសាស្ត្រ។

គាត់បានបន្ថែមថា ញត្តិទាំងបីនេះត្រូវបានផ្ញើទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី រដ្ឋសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

កាលពីម្សិលមិញ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងដដែលពីជំហររបស់គណៈកម្មាធិការនេះថា ខ្លួនមិនមានសមត្ថកិច្ចលើបញ្ហានេះទេ ពីព្រោះច្បាប់បោះឆ្នោតមិនអនុញ្ញាតឱ្យមានការបោះឆ្នោតពីក្រៅប្រទេសឡើយ ហើយថា ទាល់តែមានការធ្វើវិសោធនកម្ម ទើបស្ថានប័ននេះអាចធ្វើបាន។

កាលពីដើមខែនេះ គណបក្សសង្គ្រោះជាតិបានស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋដែលរស់នៅក្រៅប្រទេសចុះឈ្មោះ និងបោះឆ្នោតនៅតាមស្ថានកុងស៊ុល ឬស្ថានទូត និងស្នើឱ្យ គ.ជ.ប បង្កើតការិយាល័យបោះឆ្នោតនៅតាមព្រំដែនផងដែរ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា សំណើនេះកំពុងពិនិត្យនៅឡើយ មុនពេលដាក់ឱ្យសម័យប្រជុំពេញអង្គធ្វើការបោះឆ្នោត៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.