ដំណោះ​​​ស្រាយ​​​ជំុវិញ​​​វិវាទដីធ្លី​ទាក់ទិន​​​ចម្កា​​​​រ​​​អំពៅ​​​​​មិន​​​បញ្ចូល​​​សហគមន៍​​​មួ​​​យ​​​ចំនួន​​​​​​

កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគម្រោងដោះស្រាយវិវាទដីធ្លីរាប់ឆ្នាំរវាងអ្នកភូមិរាប់ពាន់នាក់ និងឧកញ៉ាស្ករសដែលមានខ្នងក្រាស់នៅដើមខែក្រោយ ប៉ុន្តែសហគមន៍ដែលរងផលប៉ះពាល់មិនត្រូវបានបញ្ចូលទាំងអស់នោះឡើយ។

វិវាទដ៏រាំរៃុ៉នេះមានជាប់ពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនចម្ការអំពៅ រួមមានទាំងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលអ្នកភូមិចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនៅក្នុងការបណ្តេញចេញដ៏ហិង្សា និងការទន្ទ្រានយកដីធ្លីផង។ សហភាពអឺរ៉ុបដែលជាអ្នកនាំចូលស្ករសពីកម្ពុជាបានចាប់ផ្តើមធ្វើការលើគម្រោងផ្តល់សំណងសម្រាប់គ្រួសាររងផលប៉ះពាល់ជាង៣ឆ្នាំមកហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយអានដោយលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី រដ្ឋាភិបាលបានប្រកាសថា ក្រុមការងារមួយនឹងត្រូវបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយសម្រាប់អ្នកភូមិនៅក្នុងខេត្តចំនួន៣នៅថ្ងៃទី៣ខែតុលា។ សេចក្តីសម្រេចនេះកើតមានឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

WP-LastImage-60-800x533លោក សេង ឡូត បានថ្លែងនៅខាងក្រៅការិយាល័យក្រសួងរបស់លោកកាលពីម្សិលមិញ ខណៈអ្នកភូមិប្រហែល៨០នាក់មកពីខេត្តកោះកុងប្រមូលផ្តុំគ្នាដើម្បីរង់ចាំលទ្ធផលនៃកិច្ចប្រជុំថា “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ការងារនេះឱ្យមន្ទីររៀបចំដែនដី ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ ដើម្បីប្រមូលអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងទីតាំងដីវិវាទក្នុងរយៈពេល៣០ថ្ងៃ”។

ក្រុមការងារនេះនឹងបង្កើតនៅក្នុងសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សាលាស្រុកស្រែគរ ក្នុងខេត្តកោះកុង និងសាលាស្រុកត្បែងមានជ័យ និងសាលាស្រុកជ័យសែនក្នុងខេត្តព្រះវិហារ ដែលស្ថិតនៅក្បែរៗសហគមន៍រងផលប៉ះពាល់។

អ្នកនាំពាក្យរូបនេះ បានមានប្រសាសន៍ថា “ក្រសួងរៀបចំដែនដី ចង់អញ្ជើញអ្នកភូមិពាក់ព័ន្ធក្នុងវិវាទដីធ្លីឱ្យមកបំពេញបែបបទនៅតាមទីតាំងដែលបានលើកឡើងខាងលើចាប់ពីថ្ងៃទី៤ខែកញ្ញាដល់ថ្ងៃទី៣ខែតុលា”។

លោក អ៊ាង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា ដែលធ្វើការជាមួយសហគមន៍រងការបណ្តេញចេញដោយសារក្រុមហ៊ុនចម្ការអំពៅនោះបានលើកឡើងកាលពីម្សិលមិញថា លោកមានចម្ងល់អំពីទំហំដ៏តូចនៃគម្រោងនេះ។

លោក អ៊ាង វុទ្ធី បានគូសបញ្ជាក់ថា មានអ្នកភូមិរងផលប៉ះពាល់ក្នុងខេត្តផ្សេងៗទៀត រួមមានរាប់រយនាក់ក្នុងខេត្តឧត្តរមានជ័យ ជាកន្លែងដែលការបណ្តេញចេញត្រូវបានកត់ត្រាទុកបានយ៉ាងល្អដោយអង្គការសិទ្ធិមនុស្ស ព្រមទាំងស្រុកផ្សេងៗទៀតក្នុងខេត្តទាំងបីនោះដូចជាស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺជាដើម។

ពេលទាក់ទងសួរនាំអំពីបញ្ហាថា តើហេតុអ្វីបានជាស្រុកទាំង៤នោះត្រូវបានជ្រើសរើសលោក សេង ឡូត បានលើកឡើងថា មានតែស្រុកទាំងនោះទេ ដែលជាសហគមន៍រងផលប៉ះពាល់ដោយសារការបណ្តេញចេញពីចម្ការអំពៅ។

អ្នកភូមិជនជាតិដើមភាគតិចគួយប្រហែល៤០នាក់ដែលរងផលប៉ះពាល់ដោយសារចម្ការអំពៅមួយកន្លែងក្នុងខេត្តព្រះវិហារបានដាក់ញត្តិជូនស្ថានទូតចិនកាលពីម្សិលមិញ។ អ្នកភូមិទាំងនោះបានសុំឱ្យស្ថានទូតនេះជួយស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យលុបចោលដីសម្បទានសេដ្ឋកិច្ចទំហំ២០.០០០ហិកតា ដែលមានការបោះទុនវិនិយោគសរុបជាង១ពាន់លានដុល្លារ និងដែលផ្តល់ទៅឱ្យក្រុមហ៊ុន Lan Feng និងក្រុមហ៊ុន Rui Feng  ព្រមទាំងក្រុមហ៊ុនចម្ការអំពៅមានជាប់ពាក់ព័ន្ធ៣ផ្សេងទៀត ។

អ្នកភូមិម្នាក់ឈ្មោះ មាស គឹមហែម បានចោទប្រកាន់ក្រុមហ៊ុនទាំងនេះថា ទន្ទ្រានយកដីនៅខាងក្រៅដីសម្បទានសេដ្ឋកិច្ចដែលខ្លួនទទួលបាន ហើយបានបំពុលប្រភពទឹកនៅក្បែរៗនោះ។

អ្នកភូមិរូបនេះ បាននិយាយថា “យើងចង់ឱ្យរដ្ឋាភិបាលចុះបញ្ជីព្រៃសហគមន៍សម្រាប់ជនជាតិដើមភាគតិច ប៉ុន្តែ អាជ្ញាធរខេត្តបានបដិសេធ”។ អ្នកស្រី មាស គឹមហែម បានបន្តថា “ពួកគេបានប្រាប់យើងថា ដីនេះគឺជារបស់រដ្ឋ”។

ជុំ សុភឿត អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិ៥នាក់ដែលបានជួបជាមួយតំណាងស្ថានទូតចិនបានលើកឡើងថា មន្ត្រីស្ថានទូតបានទទួលយកញត្តិនេះ ហើយបានសន្យាបញ្ជូនទៅឱ្យឯកអគ្គរដ្ឋទូតពិចារណា៕ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.