មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍អះអាងថា ចិន នឹងមកកម្ពុជាប្រហែល៣លាននាក់ នៅឆ្នាំ២០២០

មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍អះអាងថា ភ្ញៀវទេសចរជនជាតិចិន នឹងមកលេងប្រទេសកម្ពុជាប្រហែល៣លាននាក់ នៅឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកសូ ម៉ារ៉ា អះអាងថា យ៉ាងហោចណាស់នឹងមានភ្ញៀវទេសចរជនជាតិប្រមាណ៣លាននាក់មកដល់កម្ពុជានៅឆ្នាំ២០២០ ខាងមុខ។

ការអះអាងរបស់ លោកសូ ម៉ារ៉ា ធ្វើឡើងនៅក្នុងជំនួបជាមួយគណៈប្រតិភូមកពីប្រទេសចិន ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញនេះ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកសូ ម៉ារ៉ាថា កម្ពុជាបានជួយសម្រួលដល់ដំណើការ ផ្ដល់ទិដ្ឋាការជាច្រើនប្រភេទដល់៣ឆ្នាំ ដើម្បីសម្រួលដល់ជនជាតិចិនទាំងឡាយណាដែលមានបំណងមកទស្សនាកម្ពុជា។

ជាងនេះទៅទៀត កម្ពុជានិងចិន ក៏មានសេវាកម្មជើងហោះហើរត្រង់ ពីទីក្រុងធំៗរបស់ចិនដូចជា ទីក្រុងប៉េកាំង ហុងកុង សៀងហៃ សរុបចំនួន ១៨១ ជើងក្នុងមួយសប្ដាហ៍ ហើយពីទីក្រុងភ្នំពេញទៅកាន់ប្រទេសចិនវិញមានចំនួន ៧៦ ជើងក្នុងមួយសប្ដាហ៍ រីឯខេត្តសៀមរាបមាន៩៣ ជើងក្នុងមួយសប្ដាហ៍ និងខេត្តព្រះសីហនុ មាន១២ ជើងក្នុងមួយសប្ដាហ៍៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.