អតីត​អភិបាល​ខេត្ត​តាកែវ​បដិសេធ​ថា​ លោក​មិន​បាន​សម្លាប់​ស្រី​កំណាន់​ឈ្មោះ​ចេវ សុវឌ្ឍនា​ឡើយ​

អតីត​អភិបាល​ខេត្ត​តាកែវ​លោក​ ឡាយ វណ្ណៈ​ បដិសេធ​នៅ​ចំពោះ​ចៅក្រម​សាលាដំបូង​ កាលពី​ម្សិលមិញ​ថា​ លោក​មិន​បាន​ធ្វើ​ឃាតស្រី​កំណាន់​របស់​លោក​ឈ្មោះ​ចេវ សុវឌ្ឍនា​​នោះទេ។​

លោក​បន្ត​ថា​ អ្នកស្រី​ចេវ សុវឌ្ឍនា​បាន​ធ្វើ​អត្តឃាត​ចងក​ដោយ​ខ្លួន​ឯង។​

ការ​អះអាង​របស់​លោក​ឡាយ វណ្ណៈ​ធ្វើឡើង​ក្រោយពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ស្តាប់​សក្ខីកម្ម​របស់​លោក​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថា ​លោក​បាន​សម្លាប់​ស្រី​កំណាន់​របស់​លោក​​ឈ្មោះ​ចេវ សុវឌ្ឍនា ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨​ក្នុង​ខេត្ត​តាកែវ។​

លោក​ឡាយ វណ្ណៈ ​និង​បង​ប្រុស​របស់​លោក​ឈ្មោះ​ ឡាយ ណារិទ្ធ​ អតីត​ស្នង​ការ​រង​ខេត្ត​តាកែវ ​តៃកុង​ឡាន​របស់​លោក​ ឡាយ វណ្ណៈ ឈ្មោះ ​ម៉េន សាម៉ៃ​ និង​អ្នក​បម្រើ​ក្នុង​ផ្ទះ​អ្នក​នាង​ ចេវ សុវឌ្ឍនា ​ឈ្មោះ​ ជឹម វុធ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ក្នុង​អំពើ​ឃាតកម្ម​នេះ​ផង​ដែរ​ ហើយ​ពួកគេ​ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ចាប់​តាំង​ពី​ ខែ​មេសា​ឆ្នាំ​២០១៨។​​

លោក​ឡាយ វណ្ណៈ​បាន​ស្បថ​នៅ​ចំពោះ​មុខ​តុលាការ​ថា​ ​ប្រសិន​បើ​​លោក​លើក​ដៃ​សម្លាប់​ស្រី​កំណាន់​របស់​លោក​មែន ​ សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ប្រល័យ​ជីវិត​ទៅ​ចុះ ​ហើយ​សូម​ឱ្យ​លោក​ធ្លាក់​នរក​៩​ជាន់ ​កុំ​ចាប់​ជាតិ ។​  ប្រសិន​បើ​លោក​បាន​ធ្វើ​ដូច្នេះ សូម​ឱ្យ​លោក​និង​គ្រួសារ​របស់​របស់​លោក​ស្លាប់​តៃហោង ​ហើយ​សូម​ឱ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​ប្រល័យ​អ្នក​ដែល​បង្កើត​សក្ខីកម្ម​ក្លែងក្លាយ​ដើម្បី​ធ្វើ​បាប​លោក​និង​បង​ប្រុស​របស់​លោក៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.