សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិន​សុខ​ចិត្ត​ចំពោះ​ការ​យក​ពន្ធ​អង្ករ​របស់​កម្ពុជា​ឆាប់​រហ័ស​ពេក​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាង​ថា​ ការ​សម្រេច​យក​ពន្ធ​លើ​ស្រូវ​អង្ករ​របស់​កម្ពុជា​មាន​ភាព​ប្រញាប់​ប្រញាល់​ពេក ​ដែល​ធ្វើឲ្យ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ត្រៀម​ខ្លួន​មិន​ទាន់។​

សេចក្ដី​ថ្លែង​ការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២២​មករា​ហើយ​ដែល​សារ​ព័ត៌មាន​The Cambodia Daily​ទើប​ទទួល​បាន​ ​បាន​ឲ្យ​ដឹង​ថា ​ វិធាន​ការ​របស់​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៦​ ខែ​មករា ​កន្លង​ទៅ ​បាន​យក​ពន្ធ​ទៅ​លើ​អង្ករ​ក្រអូប​របស់​កម្ពុជា​ចំនួន៤​​ប្រភេទ។​

សហព័ន្ធ​ស្រូវ​អង្ករ​របស់​កម្ពុជា​អះអាង​ថា​ ខ្លួន​នឹង​ធ្វើ​ការ​តវ៉ា​ចំពោះ​វិធាន​ការ​របស់​សហភាព​អឺរ៉ុប​នេះ។ ​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​មន្រ្តី​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​អះអាង​ថា​ ខ្លួននៅ​តែ​បន្ត​រក្សា​ជំហរ​ពិភាក្សា​ជាមួយ​កម្ពុជា​អំពី​បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធEBA។​ ស្នងការ​នៃ​គណៈ​កម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជ​កម្ម​ អ្នកស្រី​​Cecelia Malmstrom​បាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​Twitter​របស់​អ្នក​ស្រី​កាលពី​​ម្សិលមិញ​ ថា ​អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ប្រាក់ ​សុខុន​ជជែក​​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​​និង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​លើកលែង​ពន្ធ​នេះ។​ 

អ្នកស្រី​ឲ្យដឹង​ទៀត​ថា ​សហភាព​អឺរ៉ុប​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ការ​គោរព​សិទិ្ធ​មនុស្ស ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។​

រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា​លោក​ប្រាក់​ សុខុន​កំពុង​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ ជាមួយ​សហភាព​អឺរ៉ុប​ ក្នុង​ទីក្រុង​ប្រ៊ុសសែល​(Brussel)​ ប្រទេស​ប៊ែលហ្សិច​(Belgium)​ដោយ​មាន​ការ​អញ្ជើញ​​ពី​អ្នកស្រី​Federica Mogherini​ដែល​ជា​អនុប្រធាន​នៃ​គណៈ​កម្មាធិការ​អឺរ៉ុប។​

ចំណែក​ក្រុម​អ្នក​ជំនួញ​កម្ពុជា​ប្រមាណ​៤០​ស្ថាប័ន​រួមទាំង​ប្រធាន​សភា​ សភា​ពាណិជ្ជ​កម្ម​កម្ពុជា​លោក​គិត ម៉េង​ផង​ កាលពី​ម្សិលមិញ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ញើទៅ​កាន់​ស្នងការ​ពាណិជ្ជ​កម្ម​សហ​ភាព​អឺរ៉ុប​ លោកស្រី ​Cecilia Malmström​ឲ្យ​ចៀសវាង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.