លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្តេជ្ញា​ទប់ស្កាត់​មិន​ឱ្យ​មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស​ជា​ថ្មី​ទៀត​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​ជា​មេដឹក​នាំ​ប្រទេស​យូរ​ជាង​គេ​នៅ​តំបន់​អាស៊ី​គឺ​លោក​ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ប្រកាស​ប្រឆាំង​ និង​ប្តេជ្ញា​មិនឱ្យ​បរទេស​ណា​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ជា​ដាច់ខាត​ ដោយ​លោក​អះអាង​ថា​​ដើម្បី​ការពារ​សន្តិភាព​ដែល​លោក​រក​បាន​ទាំង​លំបាក ​និង​ដោយ​កម្រ។​

លោក​អះអាង​ថា​ ឥទ្ធិពល​នៃ​ការ​ជ្រៀត​ជ្រែក​ពី​សំណាក់​បរទេស​បាន​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។​

លោក​ហ៊ុន សែន​ក៏​បាន​លើក​ឡើង​ពី​ប្រទេស​Venezuela​ជា​ឧទាហរណ៍ ​ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ ដូណាល់ត្រាំ​សម្រេច​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ប្រកាស​ទទួល​ស្គាល់​ប្រធាន​រដ្ឋ​សភា​ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​Juan Guaido​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​បណ្ដោះ​អាសន្ន​ជំនួស​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​Nicolas Maduro។​

លោក​អះអាង​ថា ​លោក​មិន​យល់​សោះ ​នៅពេល​ដែល​អាមេរិក​ និង​ប្រទេស​មួយ​ចំនួន​សម្រេច​ប្រកាស​ទទួល​ស្គាល់​មេបក្ស​ប្រឆាំង​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ជំនួស​ប្រធានាធិបតី​ដែល​មិន​ទាន់​ចុះចេញ​ពី​តំណែង​នៅ​ឡើយ។ ​លោក​ថា​ នេះ​ហើយ​គឺ​ជាការ​ជ្រៀត​ជ្រែក​កិច្ចការ​ ផ្ទៃ​ក្នុង​នោះ។​ លោក​ហ៊ុន សែន​ព្យាករណ៍​ថា​ នៅ​ពេល​ដ៏​ខ្លីខាង​មុខ​នេះ​ប្រទេស​Venezuela​នឹង​ផ្ទុះ​សង្គ្រាម​ក្នុង​ស្រុក​ជា​មិនខាន។​

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា​ លោក​ហ៊ុន សែន​ហាក់​កំពុង​ព្រួយ​បារម្ភ​ពី​អនាគត​នៃ​របប​ដឹកនាំ​របស់​លោក​ថា​ អាច​នឹង​មាន​វាសនា​អាក្រក់​ ប្រសិន​បើ​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​មែន​នោះ។​

កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​នឹង​កម្ចេច​ក្រុម​ណា​ដែល​ហ៊ាន​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​ ឬ​ថា​ ជាក្រុម​បដិវត្ត​ពណ៌​ជាដើម។ ​សារ​ព្រមាន​របស់​លោក​លោក​ហ៊ុន សែន​មិន​ត្រឹមតែ​ព្រមាន​ដល់​ក្រុម​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​កង​កម្លាំង​ដែល​មិន​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​ និង​កម្លាំង​មាន​គំនិត​ក្បត់​នៃ​របប​របស់​លោក​គឺ​ជា​ក្រុម​ដែល​ត្រូវ​បំផ្លាញ​ចោល ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​នោះ​មាន​លទ្ធភាព​ផ្តួល​រំលំ​លោក​ឬ​ធ្វើ​រដ្ឋប្រហារ​មក​លើ​របប​របស់​លោក​នោះ​ឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.