អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ច្រានចោល​ការ​ទទួល​ខុសត្រូវ​ករណី​បាញ់​អ្នក​ស្រុក​ឲ្យ​របួស​ធ្ងន់ម្នាក់​

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បាន​ប្រកាស​ថា ​ក្រុម​កម្លាំង​សមត្ថ​កិច្ច​របស់​ខ្លួន​មិន​បាន​ប្រើ​អំពើ​ហិង្សា​បាញ់​រះទៅ​លើ​ពល​រដ្ឋ​តវ៉ា​ករណី​ដី​ធ្លី​ជាមួយ​លោក​ឧកញ៉ា​ស៊ីវ គង់ទ្រីវ ​ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​ធ្ងន់​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ទី​២៤​មករា​ ក្នុង​ពេល​កង​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង លោក​ហួត វិចិត្រ​ចុះ​អនុវត្ត​សាលដីកា​ឱ្យភាគី​ឈ្នះក្តី​​គឺ​លោក​ឧកញ៉ា​ស៊ីវ គង់ទ្រីវ ​និង​ភរិយា​ឈ្មោះ​ហុង សួន​ ដែល​អ្នក​ភូមិ​អះអាង​ថា​ បាន​រំលោភ​យក​ដី​ពលរដ្ឋ​នៅ​តំបន់​ពយម៉ាចូវ​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ជាង៧០​ហិកតា ​ធ្វើ​ជា​កម្ម​សិទ្ធិ​ តាម​រយៈ​ការ​ប្រើប្រាស់​តុលាការ។​

ការ​ចុះ​អនុវត្ត​សាលដីកា​នោះ​បាន​បណ្តាល​ឲ្យ​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថ​កិច្ច​ជាមួយ​ពលរដ្ឋ។​ ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នោះ ​កម្លាំង​ចម្រុះ​អាជ្ញាធរ​ខេត្ត​បាន​បង្ក្រាប​ដោយ​ហិង្សា និង​បាញ់​គ្រាប់​ពិត​ជាច្រើន​គ្រាប់​ទៅ​លើ​ពលរដ្ឋ​ដើម្បី​តបត​ ទៅ​នឹង​ការ​គប់​ដុំ​ថ្ម ​ដប​សាំង ​និង​ដុត​កង់ឡាន​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន។​

ហេតុ​ការណ៍​នោះ​បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ​ពៅ សារ័ត្ន​ ដែល​ជា​កម្មករ​សំណង់​នៅ​ក្បែរ​នោះ​ត្រូវ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ធ្លុះ​ដៃ​ម្ខាង​បៀម​ជាប់​នឹង​ឆ្អឹង​ខ្នង​ ហើយ​មនុស្ស​ជាច្រើន​នាក់ទៀត​ត្រូវ​របួស​ដោយ​សារ​ការ​វាយ​ដំ​ពី​សំណាក់​អាជ្ញាធរ​ផង​ដែរ។​

លោក​ពៅ សារ័ត្ន​ត្រូវ​បាន​គេ​ទុកចោល​ជាច្រើន​ម៉ោង​ ដោយ​សមត្ថ​កិច្ច​មិន​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​នោះ​ទេ​ លុះល្ងាច​ថ្ងៃ​ដដែល ​ទើប​លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ឬ​ពេទ្យលោក​សង្ឃ​នៅ​ទីក្រុង​ភ្នំពេញ។​

អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះ​សីហនុ​លោក​ឱ សារឿន​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ​ករណី​បាញ់​ប្រហារ​នេះ​ សមត្ថ​កិច្ចខេត្ត​មិន​ទទួល​ខុសត្រូវ​ឡើយ​ ដោយ​សារ​អាជ្ញាធរ​មិន​បាន​ប្រើ​ប្រាស់​កាំភ្លើង​បាញ់​ទៅ​ពល​រដ្ឋ​ទេ ​ទោះបីជា​ពេល​បង្ក្រាប​នោះ​សមត្ថ​កិច្ច​មាន​កាំភ្លើង​ក៏​ដោយ។​ លោក​ថា​ ករណី​បាញ់នេះ​អាច​មាន​ជន​ទី​៣ ​ដែល​ឆក់​ឱកាស​បាញ់​ទៅ​លើ​ពលរដ្ឋ​បង្ក​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ដែល​សមត្ថ​កិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត។​

ក្រោយ​ពេល​លោក​ពៅ សារ័ត្ន​ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​ពាក្យ​ចរាម​អារ៉ាម​ថា​ លោក​បាន​ទទួល​មរណភាព​ ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក។​

គេហ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​សាលា​ខេត្ត​ព្រះ​សីហនុ​នៅ​ថ្ងៃ​នេះ​បាន​អះអាង​ថា ​មក​ដល់​ពេល​នេះ​ លោក​ពៅ សារ័ត្ន​ជាជន​រង​គ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​នោះ ​តែ​មិន​បាន​បាត់បង់​ជីវិត​ដូច​ការ​ចុះផ្សាយ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​នោះទេ ។​ ការ​អះអាង​នេះ ​ធ្វើឡើង​ក្រោយ​ពេល​អភិបាល​ខេត្ត​ព្រះ​សីហនុ ​លោក​យន្ត​ មីន​ តំណាង​រាស្ត្រ​ និង​មន្ត្រី​ខេត្ត​នេះ​មួយ​ចំនួន​បាន​ចូល​សួរ​សុខ​ទុក្ខ ​លោក​ពៅ សារ័ត្ន​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​កាលពី​ព្រឹកមិញ​នេះ។​

បច្ចុប្បន្ន​គ្រួសារ​លោក​ពៅ សារ័ត្ន​ កំពុង​ប្រឈម​កង្វះ​ថវិកា​សម្រាប់​សម្រាក​ព្យាបាល​របួស​ ហើយ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​អាច​កម្រើក​ដៃ​ជើង​របស់​ខ្លួន​បាន​នៅ​ឡើយ។ ​លោក​ពៅ សារ័ត្ន​ត្រូវ​បាន​អ្នក​ទៅជួប​សួរសុខ​ទុក្ខ​និយាយ​ថា ​លោក​អាច​ប្រឈម​នឹង​ពិការ​ភាព​ថែម​ទៀត​ពី ព្រោះ​របួស​បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាច្រើន។​

ក្រៅ​ពី​ពលរដ្ឋ​ត្រូវ​បាន​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​ហើយ​នោះ ចំណែក​ពល​រដ្ឋ​ ៦​នាក់​ទៀត​​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ផង​ដែរ​នៅ​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​ចម្រុះ​ទៅ​លើ​ការ​តវ៉ា​របស់​ ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លីនោះ​ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ដដែល​ពួកគេ​ត្រូវ​បាន​ដោះលែង​វិញ​ ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ និង​ការ​បង់ប្រាក់​មួយ​ចំនួន​ទៅ​ឲ្យ​សមត្ថ​កិច្ច​ខេត្ត​ជាថ្នូរ​ទៅនឹង​ការ​ដោះលែង។​

ទោះបី​យ៉ាង​នេះ​ក្តី ​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​Licadho ​លោក​អំ សំអាត​ដែល​ឃ្លាំមើល​ករណី​នេះ​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily ​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​អាជ្ញាធរ​ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​ និង​ប្រើប្រាស់​អំពើ​ហិង្សា​ដ៏ធ្ងន់ធ្ងរ​លើពល​រដ្ឋ​ទាំង​នេះ។​

លោក​បន្ត​ថា​ ព្រឹត្តិ​ការណ៍​ហិង្សា​នៅ​ពេល​នោះ​ គឺ​បង្ហាញ​ពី​ភាព​សាហាវ​ព្រៃផ្សៃ​របស់​អាជ្ញាធរ​ ដែល​បាន​វាយ​ដំច្រំ​ធាក់​ទៅ​លើ​ពលរដ្ឋ​ បើទោះ​បីពល​រដ្ឋ​ខ្លះ​ត្រូវ​បាន​សមត្ថ​កិច្ច​ដាក់​ខ្នោះ​ព័ទ្ធ​ដៃមក​ក្រោយ​ និង​ដេក​ផ្កាប់​មុខ​ទៅ​លើដី​ហើយ​ក៏​ដោយ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.