អតីត​មេ​បក្ស​ប្រឆាំង​នៅតែ​ប្រកាស​ពី​គម្រោង​ចូលស្រុក​ ខណៈ​កម្លាំង​ទ័ព​របស់​លោក​ហ៊ុន សែន​ត្រៀម​កម្ចេច​លោក​និង​ក្រុម​របស់​លោក​

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​លោក​សម រង្ស៊ី​នៅតែ​អះអាង​ថា​ លោក​នឹង​វិល​ចូល​សុ្រក​វិញ​ឱ្យ​ខាងតែ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។​

គម្រោង​ចូល​ស្រុក​វិញ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ប្រកាស​ឡើង​ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ឡូវែល​ សហ​រដ្ឋ​អាមេរិក ​កាលពី​ថ្ងៃទី​២០​មករា​ ដោយ​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​នេះនៅ​ក្រៅ​ប្រទេស​សម្រេច​គាំទ្រ​ឱ្យ​លោក​សម រង្ស៊ី​វិល​ចូល​កម្ពុជា​វិញ​ ប៉ុន្តែ​ពួកគេ​ ត្រូវ​ត្រៀម​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូចជា​កៀង​គរ​កម្លាំង​មហាជន​ទៅ​ទទួល​ឬ​អម​ដំណើរ​លោក​​ចូល​ស្រុក​ឱ្យ​បាន​ច្រើន​  ​រៀបចំ​ផែនការ​ថវិកា​ និង​ចំណុច​មួយ​ចំនួន​ទៀត។​

ទោះជាយ៉ាង​ណាក៏ដោយ​ក្រុម​មេទ័ព​កំពូលៗ​ក្នុង​របប​លោក​ហ៊ុន សែន​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់​ដោយ​ត្រៀម​កម្លាំង​កម្ចេច​លោក​សម រង្ស៊ី​និង​បក្សពួក​របស់​លោក​ចោល​តែម្តង​ ប្រសិន​បើ​ហ៊ាន​ជាន់ដី​ស្រុក​ខ្មែរ​មែន​នោះ។​ ពួកគេ​ព្រមាន​ថា​ អតីត​មេ​បក្ស​ប្រឆាំង​រូបនេះ​កំពុង​ជាប់​ទោស ​និង​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន។​

លើសពី​នេះ​ទៀត​ ក្រុម​កងទ័ព​ដែល​ស្មោះ​ស្ម័គ្រ​នឹង​របប​លោក​ហ៊ុន សែន ក៏បាន​ស្បថ​សច្ចា​ថា ​នឹង​ការពារ​របប​នេះ​ឱ្យខាង​តែ​បាន​ ដោយ​មិន​ឱ្យក្រុម​អតីត​បក្ស​ប្រឆាំង ​ឬ​ក្រុម​ណាមួយ​អាច​ផ្តួល​រំលំបាន​ឡើយ។​

កាល​ពីថ្ងៃ​ទី​២៥​មករា​ លោក​សម រង្ស៊ី​បាន​អំពាវ​នាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ​កុំ​ស្តាប់​បញ្ជា​របស់​លោក​ហ៊ុន សែន​ដែល​លោក​ថា​ ជា​នាយក​រដ្ឋមន្ត្រី​ខុស​ច្បាប់ ​និង​ជា​ចោរ​ប្លន់​អំណាច​ពី​ប្រជា​រាស្ត្រ។​

លោក​ស្នើឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ សូមកុំ​ប្រើ​អាវុធ​បាញ់​ប្រហារ​មក​លើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ តាម​បញ្ជា​ជន​ផ្តាច់​ហ៊ុន សែន។​ លោក​សមរង្ស៊ី​អះអាង​ថា​ អ្នក​ដែល​មាន​កាំភ្លើង​ក្នុង​ដៃ​ត្រូវ​រក្សា​ទុក​កាំភ្លើង​ទាំង​នោះ​ដើម្បី​ការពារ​ខ្លួន​ឯង​ ការពារ​ប្រជា​រាស្ត្រ ​និង​ការពារ​ទឹកដី​ប្រទេស​កម្ពុជា​ ដែល​ជា​មាតុ​ភូមិ​សម្រាប់​ទាំង​អស់​គ្នា​វិញ​ប្រសើរ​ជាង។ ​ជាង​នេះទៅ​ទៀត​ លោក​ជុំរុញ​ឲ្យ​ក្រុម​យោធា​កុំការ​ពារ​របប​ផ្តាច់ការ​ខុស​ច្បាប់​សព្វថ្ងៃ​ ដែល​កើត​ចេញ​មក​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨។​

សង្រ្គាម​ពាក្យ​សម្តី​រវាង​អ្នក​នយោបាយ​ខ្មែរ​នៅតែ​ឡើង​កំដៅ​ជាបន្ត​បន្ទាប់​ ហាក់បី​ដូច​ជារក​ចំណុច​រួម​មិន​បាន​ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​គំរាម​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​ប្រយោជន៍​ជាតិ​យ៉ាង​ច្រើន ​ហើយ​ប្រយោជន៍​ជាតិ​ទាំង​នោះ​ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​អ្នក​តាម​ដាន​សង្គម​បារម្ភ​ថា​ នឹង​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​រង​ការ​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ។​

ជាង​នេះ​ទៅទៀត​ សហគមន៍​អន្តរជាតិ​តែង​ស្នើ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ អ្នក​នយោបាយ​ខ្មែរ​ វិល​ទៅ​រក​តុចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​ជាមួយ​ជាតិ​សាសន៍​ខ្លួន​ឯង​​ដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស​និង​នីតិ​រដ្ឋ​នៅ​កម្ពុជា​ឡើង​វិញ​ ដោយ​ឈរ​នៅ​លើ​គោល​ការណ៍​ឯកភាព​ជាតិ ​និង​ប្រយោជន៍​ជាតិ​ជា​ធំ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.