លោកស ខេង​ថា ​ប្រើប្រាស់​កម្លាំង​ទាហាន​បង្ក្រាប​ពលរដ្ឋ​រឿង​ដីធ្លីជា​រឿង​ខុសច្បាប់​

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​លើក​ឡើង​ថា​ ការ​ប្រើប្រាស់​កម្លាំង​យោធា​ឬ​ទាហាន ​ទៅ​បង្ក្រាប​ ​ឬ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​ ឬ​ចុះ​អនុវត្ត​សាលដី​កា​របស់​តុលាការ ​គឺជា​រឿង​ខុស​ច្បាប់។​

ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារឆ្នាំ​២០១៨​ និង​ដាក់​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ព្រឹក​មិញ​ លោក​ស ខេង​អះអាង​ថា​ ការ​យក​កម្លាំង​យោធា​ទៅ​អនុវត្ត​សាលដីកា​របស់​តុលាការ​គឺ​ជារឿង​ខុស​ច្បាប់​ទាំង​ស្រុង។​ លោក​បន្ត​ថា​ អ្នក​ដែល​មាន​សិទ្ធិ​ចុះ​អនុវត្ត​ច្បាប់​គឺ​ជា​កម្លាំង​នគរបាល​យុត្តិធម៌ ​ប៉ូលិស ​កង​រាជ​អាវុធ​ហត្ថ និង​​ព្រះរាជ​អាជ្ញា​ប៉ុណ្ណោះ។​

លោក​ស ខេង ​បាន​លើក​ឡើង​ករណី​ខេត្ត​ចំនួន​ពីរ​ដែល​ប្រើប្រាស់​កម្លាំង​យោធា​ទៅ​បង្ក្រាប​ទាំង​កម្រោល​លើ​ពលរដ្ឋ​ ក្នុង​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ​ទី១​គឺនៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​ទី​២ ​គឺ​នៅ​ខេត្ត​ក្រចេះ ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ​រហូត​ដល់​មាន​ការ​បាញ់​រះ​ទៅ​លើ​ពលរដ្ឋ​ទៀត​ផង។​

លោក​បញ្ជាក់ថា  ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ការ​ប្រើ​ប្រាស់​កម្លាំង​ទៅ​បង្រ្កាប​ឬ ​ដោះស្រាយ​ទំនាស់​ជាមួយ​ពលរដ្ឋ​មិន​ត្រូវធ្វើ​ឡើង​ជា​ដាច់​ខាត​ ពីព្រោះ​អ្នក​កាន់​អំណាច​មិន​អាច​ពឹង​លើ​កាំភ្លើង​នោះទេ ប៉ុន្តែ​គេ​ត្រូវ​រក​វិធី​ដោះ​ស្រាយ​ដោយ​ឈរ​នៅ​លើ​ផ្លូវ​ច្បាប់​ប្រកប​ដោយ​ភាព​យុត្តិ​ធម៌។

ជាមួយ​គ្នានេះ​ លោក​ថា​ជំរុញ​ឱ្យ​រដ្ឋ​បាល​ខេត្ត​ទាំង​អស់ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ឱ្យ​​បាន​ត្រឹម​ត្រូវ ​ជា​ពិសេស​ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​អំពី​ការ​ប្រើប្រាស់​កម្លាំង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឬទ​ប់ទល់​ជាមួយ​ពល​រដ្ឋ ។

កាលពី​ខែ​មីនា​ឆ្នាំ​២០១៨ ​ អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​ប្រើ​កម្លាំង​ចម្រុះ ​ដោយមាន​យោធា​រាប់​សិបនាក់​ផង ​បាន​បង្រ្កាប​ដោយ​ហិង្សា​ និង​មាន​ទាំង​បាញ់​ប្រហារ​ទៅលើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ​ ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ជាច្រើ​ន​នាក់​រង​របួស។​

នៅខែ​មករា​ឆ្នាំ​២០១៩​ថ្មីៗ​នេះ ​មន្ត្រី​តុលាការ​ និង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ពិសេស​មាន​កម្លាំង​ទាហាន​ជាច្រើន​នាក់​ចុះ​អនុវត្ត​សាល​ដី​ការ​របស់​តុលាការ​ ហើយ​ក៏មាន​ការ​ផ្ទុះអំ​ពើហិង្សា​ឡើង​ រហូត​ដល់​មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​ពល​រដ្ឋ​ បណ្តាល​ឱ្យកម្មករ​សំណង់​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង​ស្ទើរតែ​ផុត​ជីវិត។​

កាលពី​ឆ្នាំ​២០១៤ ​អាជ្ញាធរ​បាន​ការ​ប្រើ​កម្លាំង​ទាហាន​និង​ កម្លាំង​សន្តិសុខ​ ខណ្ឌ​ឬ​ប្រជា​ការពារ​ដើម្បី​បង្ក្រាប​ទៅ​លើ​គណ​បក្ស​សង្រ្គោះ​ជាតិ​ និង​វាយ​ដំ​ច្រំ​ធាក់​មន្ត្រី​សង្គម​ស៊ីវិល​  ព្រម​ទាំង​វាយ​ក្រុម​អ្នក​តវ៉ា​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។​  សង្គម​ស៊ីវិល​ធ្លាប់​បាន​ថ្កោល​ទោស​ ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ខុស​ច្បាប់​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ទាំង​នោះ​ដែល​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​មនុស្ស​រំលោភ​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ​ជា​ខ្លាំង។​ ក្រុម​សង្គម​ស៊ីវិល​តែង​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កែ​ប្រែឥ​រិយាថ​អាក្រក់​ទាំង​នេះ​ ហើយ​ស្នើឱ្យ​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​បញ្ជា​និង​អ្នក​អនុវត្ត​ផ្ទាល់​នូវ​អំពើ​ខុស​ច្បាប់​ទាំង​នោះ​ផង​ដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.