អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​នៅ​អាមេរិក​គ្រោង​ប្តឹង​អ្នក​ដែល​បណ្តេញ​មិន​ឱ្យ​លោក​សួរ​​លោក​សម សង្ស៊ី

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប​នៅ​សហ​រដ្ឋ​អាមេរិក​ឈ្មោះ ​ជុំ សុជាតិ​ព្រមាន​ថា ​លោក​បាន​រៀបចំ​មេ​ធាវី​រួច​ហើយ​ ដើម្បី​ប្តឹង​សន្តិសុខ​លោក​សម រង្ស៊ី​ដែល​បណ្តេញ​លោក​ចេញ​ពី​វេទិកា​សាធារណៈ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

លោក​ជុំ សុជាតិ​ត្រូវ​បាន​សន្តិ​សុខ​ក្រៀក​ដៃ​ចេញ​ពី​វេទិកា​សាធារណៈ ​មួយ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កុម្ភ:​នៅ​ទីក្រុង​San Jose ​រដ្ឋ​California​មិន​ឱ្យ​លោក​ឡើង​សួរ​សំណួរ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ឡើយ។​

គណនី​ហ្វេសប៊ុក​ឈ្មោះ​សុជាតិ ជុំ​ កាលពី​ថ្ងៃ​ម្សិលមិញ​ឱ្យ​ដឹង​ថា​ លោក​បាន​ត្រៀម​មេធាវី​រួច​ហើយ​ ដោយ​គ្រោង​នឹង​ប្តឹង​សន្តិសុខ​របស់​លោក​សម រង្ស៊ី ​ដែល​បាន​បណ្តេញ​លោក​ចេញ​ពី​វេទិកា​សាធារណៈ ​ដោយ​ថា​ បាន​រំលោភ​លើ​សិទ្ធិ​របស់​ខ្លួន។​

យ៉ាង​នេះ​ក្តី​លើ​គណនី​ហ្វេសប៊ុក​របស់​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​អេង ឆៃអ៊ាង​កាលពី​ថ្ងៃ​ទី​៨​កុម្ភៈ​បញ្ជាក់​ថា​  បុរស​ចំណាស់​ម្នាក់​នេះ​ឈ្មោះ​ជុំ សុជាតិ​ពូកែខាង​សួរ​ផ្ចាញ់​ផ្ចាល​នៅ​ក្នុង​កម្ម​វិធី​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ​San Jose។ ​លោក​ថា​ កាលពី​ខែ​មីនា​ឆ្នាំ​២០១៨​ បុគ្គល​រូប​នេះ​បាន​ចូល​ទៅ​សួរ​ផ្ចាញ់​ផ្ចាល​ក្នុង​កម្ម​វិធី​វេទិកា​សាធារណៈ ​នៅ ​San Jose​ ក្នុង​វត្ត​មាន​របស់​លោក​ម្តង​រួច​ទៅ​ហើយ។​

លោក​បញ្ជាក់​ថា​ ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​លោក​ជុំ សុជាតិ​នេះ​ហើយ​បាន​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រារាំង​មិន​ឲ្យ​ឈ្មោះ​ជុំ សុជាតិ​សួរ​លោក​សម រង្ស៊ី​នៅ​ក្នុង​កម្ម​វិធី​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ​នៅ ​San Jose ​ព្រោះគេ​ដឹង​ថា​ សំណួរ​ដែល​គាត់​សួរ​​ជា​សំណួរ​ឥត​ប្រយោជន៍​ និង​បែប​ផ្ចាញ់​ផ្ចាល​នាំ​ឲ្យ​បាត់​ពេល​វេលា​សម្រាប់​អ្នក​ដទៃ​ទៀត។​

ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​លោក​គឹម សុខ​ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​ហ្វាំងឡង់​(Finland)​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​សបា្តហ៍​មុន​ថា ​បើ​ខ្លាច​សំណួរ​ផ្ចាញ់​ផ្ចាល​ ស្មើនឹង​អ្នក​សង្ស័យ​ខ្លួន​ឯង។​ លោក​បន្ត​ថា​ បើចង់​អភិវឌ្ឍ​ខ្លួន​ត្រូវ​ពង្រឹង​ស្មារតី​រួម​ក្រុម ​ឬ​បក្ស​និង​ពង្រីក​ឱកាស​ជួយ​ប្រទេស​ជាតិ​ ទោះ​អ្នក​ជា​តួ​អង្គ​វិភាគ​សង្គម​នយោបាយ​ ឬ​ជា​អ្នក​នយោបាយ​កម្រិត​ណា​ក៏​ដោយ​ ត្រូវ​ចាប់​ផ្តើម​ពី​ការ​ជម្រះ​ចម្ងល់​របស់​ប្រជា​រាស្ត្រ។​ លោក​បន្ត​ថា​ ទោះពួក​គាត់​ជា​អ្នក​គាំទ្រ​ឬ​ប្រឆាំង​អ្នក​ក៏​ដោយ​គឺ​ចាំបាច់​ណាស់​អ្នក​ត្រូវ​ហ៊ាន​ឆ្លើយ​នឹង​សំណួរ​ផ្ចាញ់​ផ្ចាល​ស្មុគ​ស្មាញ​របស់​ពួក​គាត់។​

អ្នក​វិភាគ​ឯករាជ្យ​រូប​នេះ​អះអាង​ថា​ សូម្បី​តែត្រឹម​ចម្ងល់​របស់​ពល​រដ្ឋ​អំពី​សង្គម ​អ្នក​មិន​ហ៊ាន​ប្រឈម​ឆ្លើយ​ឆ្លង​ដោយ​ការ​គោរព​ផង​ តើ​អ្នក​អាច​និយាយ​យ៉ាង​ដូច​ម្តេច​ អំពី​ការ​តម្រង់​ទិស​សកម្ម​ភាព​នយោបាយ​ជួយ​ជាតិ​ឲ្យមាន​ការ​ចូលរួម​កម្លាំង​កាន់តែ​ធំ​នោះ? ​លោក​បន្ត​ថា​ អ្នក​ខ្លាំង​ពិត​និង​សុចរិត​មិន​ក្លែង​បន្លំ​មិន​ខ្លាច​សំណួរ​ពិបាកៗ​និង​ផ្ចាញ់​ផ្ចាល​នោះ​ទេ។ ​ទោះជា​អ្នក​នយោបាយ​ឬ​អ្នក​វិភាគ​ក្តី​ គួរ​តែ​សប្បាយ​ចិត្ត​នៅពេល​ដែល​ជួប​ស្ថាន​ការណ៍​ត​ទល់​បែប​នេះ ​ពីព្រោះ​ការ​ប្រឈម​នឹង​សំណួរ​ផ្ចាញ់ផ្ចាល​គឺជា​ឱកាស​មាស​ដើម្បី​បង្ហាញ​ទេព​កោសល្យ​និង​សមត្ថ​ភាព​របស់​អ្នក។​

លោក​បន្ត​ថា​ ជាទូទៅ​សិស្ស​ពូកែ​គឺ​ជា​អ្នក​ដែល​អាច​ដោះស្រាយ​ចេញ​នូវ​លំហាត់​ពិបាក​ខ្លាំង ​ដែល​សិស្ស​ឯ​ទៀត​មិន​ចេះ​ធ្វើ។​ បើ​អ្នក​ផ្សេង​សង្ស័យ​អ្នក​មិន​ទាន់​ជា​បញ្ហា​ធំ​ទេ​ ព្រោះ​អ្នក​អាច​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ដើម្បី​បំភ្លឺ ​និង​ជម្រះ​មន្ទិល​សង្ស័យ​នៅ​ពេល​ក្រោយ​  ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ច្បាស់​ខ្លួន​ឯង​វិញ​ គ្មាន​គ្រូ​អាចារ្យ​ណា​អាច​ជួយ​តម្រង់​អ្នក​បាន​ឡើយ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.