លោក​ហ៊ុន សែន​​បញ្ជាក់​ជា​ថ្មី​ថា ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​  មិន​ធ្វើឱ្យ​កម្ពុជា​ស្លាប់​នោះ​ទេ​

មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ហ៊ុនសែន​អះអាង​ជា​ថ្មី​ថា  របប​របស់​លោក​នឹង​មិន​ស្លាប់​ទេ ​ទោះបី​ជា​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ក៏​ដោយ។​

ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​សន្និបាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៨​និង​ លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៩​នៅ​ក្រសួង​មហា​ផ្ទៃ ​នៅ​រសៀល​នេះ ​លោក​ហ៊ុន សែន​បាន​អះអាង​ជា​ថ្មី​ថា​ កម្ពុជា​មិន​បារម្ភ​ចំពោះ​វិធាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​សំណាក់​សហភាព​អឺរ៉ុប​ឡើយ ​ហើយ​លោក​នឹង​មិន​យក​អធិប​តេយ្យ​ភាព​ របស់​ខ្លួន​ទៅ​ដោះដូរ​នឹង​EBA​នោះ​ដែរ។​

លោក​បញ្ជាក់​ថា​ ការ​ដក​ EBA​គឺ​ប្រៀប​ដូច​ជា​ការ​សម្លាប់​ ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ ​ចំណែក​របប​របស់​លោកនៅ​តែ​អាច​រស់​បាន​ បើទោះ​បីជា​ត្រូវ​បាត់​បង់​ជើង​មួយ​ចំហៀង​ក៏​ដោយ ​គ្រាន់តែ​កម្ពុជា​មិន​អាច​ក្លាយ​ជា​ប្រទេស​មាន​បាន​ទៅ​រួច។​ លោក​ហ៊ុន សែន​ដែល​កំពុង​និយាយ​អំពី​បញ្ហា ​EBA​ទាំង​ទឹក​មុខ​ក្រហម​និង​មាន​សំឡេង​ញ័រៗ​ផង​នោះ ​បញ្ជាក់​ថា ​ពេល​នេះ​ជា​ពេល​មួយ​ដែល​កម្ពុជា​ក្តាប់​គ្រប់​យ៉ាង​ក្នុង​ដៃ ​យមិន​ឱ្យ​នរណា​ប្រមាថ​មាក់​ងាយ​បាន​ឡើយ។​

ជាមួយ​គ្នា​នេះ ​លោក​បែរ​ជា​​ណែនាំ​មន្ត្រី​របស់​លោក​ហើយ​ក៏​គ្រោង​ជួប​ជាមួយ​កម្មករ​ដើម្បី​ណែនាំ​មិន​ឱ្យខ្វាយ​ខ្វល់​ពី​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​នោះ​ដែរ។​

សហភាព​អឺរ៉ុប ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ប្រកាស​ដំណើរ​ការ​នីតិវិធី​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្ដោះ​អាសន្ន​ពី​កម្ពុជា​ ដោយ​អះអាង​ថា ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ត្រូវ​ដក​ហូត​វិញ​  ប្រសិន​បើកម្ពុជា​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ។ ​ក្រោយ​ការ​សម្រេច​នេះ ​ស្ថាប័ន​ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក​ហ៊ុន​សែន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ ដោយ​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​ និង​ថា​ ជារឿង​អយុត្តិ​ធម៌​បំផុត​ ដោយ​អឺរ៉ុប​បាន​មើល​រំលង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​កន្លង​មក​ទៀត​ផង។​ ​

ប៉ុន្តែ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​ណែនាំ​ឱ្យ​មេ​ដឹកនាំ​កម្ពុជា​វិលទៅ​រក​កិច្ច​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ​និង​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ព្រមទាំង​សិទ្ធិ​មនុស្ស​ឡើង​វិញ​ឱ្យ​បាន​ឆាប់​ ដើម្បី​រួច​ផុត​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ដោយ​ថា ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឲ្យ​បាន​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល​ និង​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន។​

អ្នក​វិភាគ​ព្រមាន​ថា ​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ ​វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ រហូត​អាច​ឈាន​ទៅ​មាន​វិបត្តិ​សង្គម​កាន់តែ​ខ្លាំង​ថែម​ទៀត​ផង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.