ព្រះចៅ​អធិការ​វត្ត​ច្បារ​អំពៅ​ព្រះតេជ​ព្រះគុណ​ហោ សុខុន​ត្រូវ​បាន​ចាប់​ផ្សឹក​ ក្រោយ​ពេល​សរសើរ​លោក​ស ខេង​

អតីត​ព្រះចៅ​អធិការ​វត្ត​ច្បារ​អំពៅ​ព្រះ​តេជ​ព្រះគុណ​ហោ សុខុន​ត្រូវ​បាន​គណៈសង្ឃ​ទាំង​ពីរ​គណៈ​សម្រេច​ផ្សឹក​នៅ​យប់​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​នេះ​នៅ​វត្ត​បុទុមវតី ​ដោយ​អះអាង​ថា​ ព្រះ​សង្ឃ​អង្គ​នេះ​ធ្វើខុស​ធម៌​វិន័យ​សង្ឃ។ ​

ក្រោយ​ពេល​បាន​ផ្សឹក​រួច​មិន​បាន​មួយ​ថ្ងៃ​ផង​ព្រះ​តេជ​គុណ​ហោ សុខុន​ក៏ត្រូវ​បាន​បញ្ចប់​តួនាទី​ជាចៅ​អធិការ​វត្តច្បារ​អំពៅ​ និង​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​សម្តេច​ព្រះ​សង្ឃរាជ​ទេព វង្ស​និង​សង្ឃ​នាយក​នន្ទ ង៉ែត​ផង​ដែរ។​

ការ​សម្រេច​បញ្ចប់​តួនាទី​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​សម្រេច​មួយ​នៅ​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ ​ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​ដោយ​សម្តេច​ព្រះ​សង្ឃ​រាជ​ ទេព វង្ស​ សម្តេច​សង្ឃ​នាយក​នន្ទ ង៉ែត​រួម​និង​លោក​ទេស​រដ្ឋមន្ត្រី​ហឹម ឆែម​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា។ ​ការ​សម្រេច​ផ្សឹក​ព្រះ​សង្ឃ​អង្គ​នេះ​ធ្វើឡើង​ក្រោយ​ពេល​ព្រះអង្គ​បាន​បញ្ចេញ​សារ​រិះគន់​រដ្ឋាភិបាល​ជា​ច្រើន ​ ពិសេស​ការ​រិះគន់​បញ្ហា ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ដោយ​សហគមន៍​អឺរ៉ុប។

ចុងក្រោ​ព្រះអង្គ​បាន​ហៅ​លោក​ស ខេង​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ថា​ជា​ផ្កាយ​សំណាង​កម្ពុជា ​ដែលជា​អ្នក​ដឹកនាំ​ឈាម​ត្រជាក់​ គ្មាន​បាត​ដៃ​ប្រឡាក់​ឈាម។​ ព្រះអង្គ​ក៏​បាន​គាំទ្រ​ឱ្យ​លើក​លោក​ស ខេង ​ជា​នាយក​​រដ្ឋមន្ត្រី​ជំនួស​ លោក​ហ៊ុន សែន​ទើប​អាច​បញ្ចៀស​បញ្ហា​ផ្ទៃ​ក្នុង ​និង​រួច​ផុត​ពី​ទណ្ឌកម្ម​សេដ្ឋ​កិច្ច។​

ជាការ​ឆ្លើយ​តប​លោក​ស ខេង​បាន​ចេញ​សារ​ព្រមាន​មួយ​ថា ​ការ​សរសើរ​ដល់​រូប​លោក​នេះ​ជា​ចេតនា​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​និង​មាន​ចេតនា​មិន​ល្អ។ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រះ​តេជ​ព្រះគុណ​ហោ សុខុន​ក៏ត្រូវ​បាន​ចាប់​ផ្សឹក​ទាំង​កម្រោល ​ក្រោម​ហេតុផល​ថា ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ នៃព្រះ​ពុទ្ធសាសនា​តែម្តង៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.