ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ជំរុញ​ឱ្យ​របប​លោក​ហ៊ុន សែន​​កាន់​ជំហរ​មិន​ឱនក្បាល​ដាក់​សហគមន៍​អន្តរជាតិ​

ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​សុខ ទូច​បាន​ជំរុញ​ឱ្យ​របប​លោក​ហ៊ុន សែន​បន្ត​កាន់​ជំហរ​ម៉ឹងមាត់​មិន​ឱន​ក្បាល​ដាក់​បរទេស​ ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA។​

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ ដែល​រៀប​ចំ​ឡើង​ដោយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ស្តី​ពី​ សេចក្តី​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប​ជុំវិញ​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​បណ្តោះ​អាសន្ន​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ​លោក​សុខ ទូច​អះអាង​ថា ​ទោះបី​សហភាព​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ក៏​ដោយ ​ប៉ុន្តែ​កម្ពុជា​នៅ​តែ​អាច​រស់​បាន​ និង​មិន​ស្លាប់​ជា​ដាច់​ខាត។​

លោក​សុខ ទូច​ថា​ ការ​ផ្តាច់​EBA​គឺ​ជា​ឱកាស​សម្រាប់​កម្ពុជា​ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ ស្រប​ពេល​ដែល​របប​មួយ​នេះ​កំពុង​ធ្វើ​កំណែ​ទម្រង់​ជា​បណ្តើរៗ​​ដើម្បី​ពង្រឹង​សេដ្ឋ​កិច្ច​របស់​ខ្លួន​ដោយ​មិន​ត្រូវ​យក​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ទៅ​ដោះដូរ​ជាមួយ​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​នោះ​ឡើយ។​

កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​ សហភាព​អឺរ៉ុប​បាន​ប្រកាស​អំពី​ដំណើរ​ការ​នីតីវិធី​ឈាន​ដល់​ការ​​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ​ពី​កម្ពុជា ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល ​១៨​​ខែ​ចុង​ក្រោយ​មក​នេះ។​

ចំណែក​សហ​រដ្ឋ​អាមេរិក​អះអាង​ថា ​ កម្ពុជា​នៅ​តែ​មាន​ឱកាស​ចៀស​ផុត​ពី​ផលវិបាក​អវិជ្ជមាន​ផ្នែក​សេដ្ឋ​កិច្ច​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ ​EBA​ប្រសិន​បើ​របប​លោក​ហ៊ុន សែន​ស្តា​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ​ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.