តុលាការ​កោះ​ហៅ​លោក​រ៉ុង ឈុន​ចូល​បំភ្លឺ​ករណី​ប្ដឹង​ក្រសួង​អប់រំ​ខណៈ​លោក​កំពុង​នៅ​ក្រៅ​ប្រទេស​

តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​កោះ​ហៅ​អតីត​សមាជិក​គណៈ​  កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គ.ជ.ប.​ លោក​រ៉ុង ឈុន​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ​ ​ករណី​ប្ដឹង​សុំ​មោឃភាព​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ដែល​បាន​លុប​ឈ្មោះ​គ្រូ​បង្រៀន​ជាង​១០​នាក់ ​ដោយ​លោក​រ៉ុង ឈុន​ និង​គ្រូទាំង​នោះ​ថា​ជារឿង​នយោបាយ។​

យោង​តាម​ដីកា​កោះ​ហៅ ​របស់​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​រស់ ពិសិដ្ឋ ​កាលពី​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ​បាន​កោះ​ហៅ​ឲ្យ​លោក​ឈុន ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នា​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​ ៩​ព្រឹក។​

តុលាការ​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា  ​ចំពោះ​សាម៉ី​ខ្លួន បើ​ពុំ​ចូល​ខ្លួន​នោះ ​តុលាការ​អាច​ទទួល​ស្គាល់​ថា ​ សេចក្ដី​អះអាង​អំពី​ចំណុច​សាក​សួរ​របស់​ភាគី​ម្ខាង​ទៀត​ជា​ការ​ពិត​បាន​ ហើយ​ចំពោះ​សាក្សី​ បើ​មិន​ព្រម​ចូល​ខ្លួន​មក​តុលាការ​ ដោយ​គ្មាន​ហេតុផល​សមរម្យ​ តុលាការ​អាច​នឹង​ផាក​ពិន័យ​ទឹក​ប្រាក់​មិន​លើស​ពី​១​លាន​រៀល​ផង​ដែរ។​

ការ​កោះហៅ​លោក​រ៉ុង ឈុន​ពី​សំណាក់​តុលាការ​ពេល​នេះ ​កើត​មាន​ឡើង​ស្រប​ពេល​លោក​រ៉ុង ឈុន​កំពុង​បំពេញ​បេសក​កម្ម​របស់​ខ្លួន​នៅ​សហ​រដ្ឋ​ អាមេរិក​នៅ​ឡើយ។ ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មករា​ លោក​រ៉ុង ឈុន ​រួម​ជា​មួយ​អតីត​គ្រូ​បង្រៀន​១០​នាក់​ផ្សេង​ទៀត​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​លោក​ហង់ ជួនណារ៉ុន​ ដោយ​ស្នើ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មករា​ ឆ្នាំ​២០១៨ ​និង​ផ្ដល់​ក្រប​ខណ្ឌ​ជា​គ្រូ​បង្រៀន​ដល់​ពួក​គេ​វិញ។​

កាល​ពី​ដើម​ឆ្នាំ​២០១៨​ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន ​និង​កីឡា ​លោក​ហង់ ជួនណារ៉ុន​បាន​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ និង​បុគ្គលិក​អប់រំ​ចំនួន​១១​នាក់​ ដែល​ជា​អតីត​មន្ត្រី​ជាប់​ឆ្នោត ​និង​មន្ត្រី​គ.ជ.ប.​ កូតា ​មក​ពី​បក្ស​ប្រឆាំង។ ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ​ធ្វើ​ឡើង​ក្រោម​ហេតុផល​ថា ​គ្រូ​បង្រៀន​ទាំង​នោះ​អវត្តមាន​ពី​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​

ក្រោយ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ​ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​លិខិត​អន្តរាគមន៍​ជា​ច្រើន​ទៅ​ក្រសួង​អប់រំ​ ទៅ​លោក​នាយក​រដ្ឋមន្ត្រី​និង​ទៅ​សហគមន៍​អន្តរជាតិ​ផង​ដែរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.