សមាជិកសភាអាមេរិកពីររូប ស្នើច្បាប់ពន្លឿនការដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅឬGSPពីកម្ពុជា

តំណាងរាស្រ្តអាមេរិកពីររូបគឺលោកAlan Lowenthal និងលោកSteve Chabotបានដាក់សេចក្តីស្នើច្បាប់ដើម្បីឲ្យរដ្ឋបាលលោកប្រធានាធិបតី Donald Trumpចាត់វិធានការពិនិត្យ និងដកប្រព័ន្ធអនុគ្រោះពន្ធទូទៅឬGSPពីកម្ពុជាដោយពួកគេចោទថា របបលោកហ៊ុន សែនមានការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារធ្ងន់ធ្ងរ។

លោកAlan Lowenthal និងលោកSteve Chabot បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយជាសាធារណៈកាលពីម្សិលមិញថា ក្រោមការដឹកនាំនៃរបបហ៊ុន សែនជិត៤០ឆ្នាំមកនេះមានការរំលោភសិទ្ធិមនុស្ស ការគំរាមកំហែង ការបំភិតបំភ័យនិងការធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរជាពិសេសការរៀបចំការបោះឆ្នោតដោយគ្មានភាពត្រឹមត្រូវនិងយុត្តិធម៌ព្រោះរបបលោកហ៊ុន សែនបានផាត់ចោលគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំ។

សមាជិកសភាលោក Alan Lowenthalបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាននោះថា របបរបស់លោកហ៊ុនសែនបានរារាំងជានិច្ច នូវការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់។ មិនតែប៉ុណ្ណោះរបបមួយនេះបានធ្វើឱ្យប៉ះពាល់ដល់ឆន្ទៈរបស់ពលរដ្ឋដែលចង់បានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ហើយប្រែក្លាយរបបនេះជារបបផ្តាច់ការ។

របបលោកហ៊ុន សែន តែងប្រើប្រាស់ ការបំភិតបំភ័យ ការគំរាមកំហែង អំពើហិង្សា និងឃាតកម្ម សម្រាប់ជាមធ្យោបាយក្តោបក្តាប់អំណាចដោយបំផ្លាញនីតិរដ្ឋនិងរំលោភលើសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា។ ចំណែកលោកSteve Chabotអះអាងថា លោកហ៊ុនសែនត្រូវតែទទួលខុសត្រូវចំពោះការបំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលកើតមានកន្លងមក។

លោកថា តាមរយៈសកម្មភាពរបស់លោកហ៊ុន សែនទាំងនេះវាជាពេលវេលាសម្រាប់សហរដ្ឋអាមេរិកវាយតម្លៃឡើងវិញនូវការអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជាដែលនាំចូលមកលក់ក្នុងទីផ្សារសហរដ្ឋអាមេរិក។ កាលពីខែមករាកន្លងទៅ សមាជិកព្រឹទ្ធសភាពីររូបពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យគឺលោកTed Cruz ពីរដ្ឋ TexasនិងលោកChris Coonsពីរដ្ឋ Delawareធ្វើសេចក្តីស្នើច្បាប់មួយឈ្មោះThe Cambodia Trade Act CTA) ដែលនឹងតម្រូវឲ្យប្រធានាធិបតីស.រ.អា.សើរើពិនិត្យឡើងវិញនូវការអនុគ្រោះពន្ធពីស.រ.អា.ថា តើត្រូវផ្តាច់ ត្រូវព្យួរឬត្រូវកាត់បន្ថយលើទំនិញរបស់កម្ពុជាមកលក់នៅទីផ្សារអាមេរិក។

កម្មវិធីអនុគ្រោះពន្ធតាមប្រព័ន្ធអនុគ្រោះពន្ធហៅតាមអង់គ្លេសថា Generalized System of Preferences(GSP)ស.រ.អា.បានផ្តល់ដល់កម្ពុជានៅឆ្នាំ១៩៩៧ ដើម្បីជួយដល់សេដ្ឋកិច្ចស្រុកខ្មែរ។ ចាប់ពីពេលនោះមក កម្ពុជាដឹកផលិតផលកាត់ដេររបស់ខ្លួនទៅលក់នៅសហរដ្ឋអាមេរិកឥតបង់ពន្ធមានទឹកប្រាក់រាប់ពាន់លានដុល្លារហើយដែលនាំឲ្យកម្ពុជាចំណេញពីការអនុគ្រោះពន្ធរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។ កាលពីឆ្នាំ២០១៨ស.រ.អា.បានបន្តផ្តល់ការអនុគ្រោះពន្ធក្រោមប្រព័ន្ធGSPនេះដល់កម្ពុជាទៀត៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.