លោកសោ ចាន់ដេតថា លោកនឹងលក់នំបញ្ចុកយកប្រាក់ទៅឱ្យលោកហ៊ុន សែន សម្រាប់ជាសំណងនៃការប្តឹង

អតីត​សមាជិក​ព្រឹទ្ធ​សភា​តូតា​គណបក្ស​សម រង្ស៊ី ​និង​ជា​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​សោ ចាន់ដេត​បាន​លើក​ឡើង​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​លោក​នឹង​លក់​នំ​បញ្ចក់​ដើម្បី​យក​ប្រាក់​ទៅ​ឱ្យ​លោក​ហ៊ុន សែន​សម្រាប់​ទិញ​ថ្នាំ។​

ការ​លើក​ឡើង​បែប​ឌឺដង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ មេធាវី​តំណាង​ដោយ​លោក​ហ៊ុន សែន​បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​រូប​លោក​នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​ដោយ​ចោទ​ពី​បទ​ប្រមាថ​និង​ញុះញង់​លើ​សម្តេច​តេជោ​ហ៊ុន សែន។​នេះ​បើ​តាម​សារ​ព័ត៌មាន​ដែល​ស្និត​នឹង​របបក្រុង​ភ្នំពេញ​ ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ។​ លោក​​គី តិច ​មេធាវី​របស់​លោក​ហ៊ុន សែន​បាន​ឱ្យ​ដឹង​ថា ​លោក​សោ ចាន់ដេត​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​ទៅ​ដល់​សាធារណ​ជន​ទូទៅ ​ក្នុង​គោល​បំណង​ជេរ​ប្រមាថ​ជា​សាធារណៈ​លើ​លោក​ហ៊ុន សែន​និង​មាន​ចេតនា​ញុះញង់​ឱ្យ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដែល​អំពើ​នេះ​ស្តែង​ចេញ​ជា​ជំហរ​លើការ​រំលោភ​បំពាន​បញ្ញត្តិ​មាត្រា​៣០៧​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​

លោក​គី តិច​បាន​អះអាង​ថា ​លោក​មាន​ភ័ស្តុតាង ​ចំនួន​៣២​ទំព័រ​ ដែល​បាន​ស្រង់​ចេញ​ពី​គណនី​Facebook​ឈ្មោះ​Sor Chandeth​ដើម្បី​ដាក់​ជូន​តុលាការ​ពិនិត្យ​ និង​សម្រេច​ផង​ដែរ។​

កាលពី​ថ្ងៃទី​៩​មីនា​ គណនី​ហ្វេសប៊ុក​ឈ្មោះ​សោ ចាន់ដេត​បាន​លើក​ឡើង​ថា​ ឆ្នាំ​នេះ​លោក​ ហ៊ុន សែន​ជួប​គ្រោះ​«កំបុតករ»។ ​ហ្វេសប៊ុក​ដដែល​នេះ​បន្ត​ថា ​ ជើង​លេខ​ហោរា​សាស្ត្រ ​និង​ក្បួន​វិទ្យាសាស្ត្រ​នយោបាយ​បាន​កំណត់​ជើង​លេខ​ និង​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់​ថា ​លោក​ហ៊ុន សែន​នៅ​ឆ្នាំ​២០១៩​នេះ​កំពុង​ជួប​នឹង​ព្យុះ​សង្ឃរា​នយោបាយ​ចំនួន​៨​ទិស។​

ប្រភព​នេះ​បញ្ជាក់​ថា ​ទិស​ទី​១​របប​លោក​ហ៊ុន សែន​ត្រូវ​ប្រឈម​នឹង​សហគមន៍​អឺរ៉ុប​ជុំវិញ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ហើយ​ទីពីរ​គឺ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​តាម​រយៈ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​GSP។​ ទី​៣ ​ការ​ប្រឈម​នឹង​សហគមន៍​អន្តរជាតិ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​ទី​៤​គឺ​ប្រឈម​មុខ​នឹង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។​ ទី​៥​គឺ​បញ្ហា​រសើប​នៃ​ការ​បង្កើត​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​ខេត្ត​កោះកុង។ ​ទី​៦​ត្រូវ​ប្រឈម​នឹង​កម្លាំង​ផ្ទៃ​ក្នុង​រវាងចិន និង​យួន។ ​ទី​៨​គឺ​កម្លាំង​ក្នុង​ប្រទេស​ប្រឆាំង​នឹង​របប​នេះ ​រួម​មាន​បក្ស​សង្រ្គោះ​ជាតិ ​សង្គម​ស៊ីវិល​សហជីព ​និង​មហា​ជន ព្រម​ទាំង​ចុង​ក្រោយ​គេ​គឺ​ជំងឺ​ប្រចាំ​កាយ​របស់​លោក​ហ៊ុន សែន​ តែ​ម្តង។​

ការ​ដាក់​ពាក្យ​ប្តឹង​ពី​សំណាក់​មេធាវី​របស់​លោក​ហ៊ុន សែន​ពេល​នេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ហ៊ុន សែន​បង្ហើប​កាលពី​សប្តាហ៍​មុន​ដោយ​បង្គាប់​ឱ្យ​ក្រុម​មេធាវី​របស់​ខ្លួន​សិក្សា​ដើម្បី​ប្តឹង​ទៅ​តុលាការ​ចំពោះ​ជន​ទាំង​ឡាយ​ ដែល​បាន​ប្រមាថ​ដល់​លោក​នៅលើ​បណ្តាញ​សង្គម​ Facebook។​

ក្រៅពី​ករណី​ប្តឹង ​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​រូប​នេះ ​តុលាការ​របប​លោក​ហ៊ុន សែន​ក៏​បាន​ដាក់​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៨​ នាក់​ទៀត​ពីប​ទ«រួម​គំនិត​ក្បត់ ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។​

មន្ត្រី​ជាន់ខ្ពស់​ទាំង​នោះ​រួមមាន ​ លោក​សម រង្ស៊ី ​ លោក​អេង ឆៃអ៊ាង ​ អ្នកស្រី​មូរ សុខហួរ ​ លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ​ លោក​ហូ វ៉ាន់ ​លោក​ឡុង រី ​លោក​ម៉ែន សុថាវរិន្ទ្រ ​និង​លោក​​​តុ វ៉ាន់ចាន់៕​​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.