អតីត​បុគ្គលិក​The Cambodia Daily​ធ្វើ​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​ដល់​មរណភាព​របស់​ចាងហ្វាង​កាសែត​នេះ​

ក្រុម​សង្គម​ស៊ីវិល​និង​ក្រុម​អតីត​បុគ្គលិក​របស់​កាសែត​ The Cambodia Daily​រាប់​រយ​នាក់​កាលពី​ថ្ងៃ​ម្សិលមិញ ​រហូត​ដល់​ថ្ងៃនេះ​បាន​នាំគ្នា​ធ្វើ​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​ និង​ពិធី​រាប់​បាត​ឧទិ្ទស​កុសល​ផលបុណ្យ​ដល់​លោក​Bernard Krisher​ចាងហ្វាង​កាសែត​The Cambodia Daily​នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ ទីក្រុង​ភ្នំពេញ។​

អតីត​អ្នក​កាសែត​The Cambodia Daily​និង​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​រ៉យទ័រ​ (Reuters)​លោក​ប្រាក់ ចន្ធុល​មាន​ប្រសាសន៍​ថា ​ក្នុង​នាម​លោក​ជា​អតីត​បុគ្គលិក​របស់​កាសែត​The Cambodia Daily​ លោក​មាន​ការ​សោក​ស្តាយ​និង​អាឡោះ​អាល័យ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​លោក​Bernard Krisher។ ​លោក​បន្ត​ថា​ The Cambodia Daily​នេះ​ជា​ស្ថាប័ន​កាសែត​ឯករាជ្យ​ពិត​ប្រាក​ដែល​ធ្វើ​ការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។​ លោក​ប្រាក់ ចន្ធុល​បន្ត​ថា​ ស្ថាប័ន​កាសែត​មួយ​នេះ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ជំនាញ​ខាង​ផ្នែក​សារ​ព័ត៌មាន​ ដល់​អ្នក​កាសែត​ជា​ជន​ខ្មែរ​និង​បរទេស​ដែល​មិន​ទាន់​មាន​ជំនាញ​ជា​អ្នក​កាសែត។​

លោក​បន្ត​ថា​ ក្រៅពី​ជួយ​កសាង​សាលា​នៅ​តាម​ជន​បទ​ជាង​៥​រយ​ខ្នង​ ​លោក​Bernard Krisher​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​សិស្ស​ក្រីក្រ​និង​បង្កើត​កម្ម​វិធី​ជំនួយ​មនុស្ស​ធម៌​មួយ​ឈ្មោះ ​HOPE ​ប្រចាំ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុ​ក្នុង​ទី​ក្រុង​ភំ្នពេញ​ ដែល​ជួយ​ព្យាបាល​ដល់​បុគ្គលិក​The Cambodia Daily​និង​ប្រជាជន​ក្រីក្រ​ដទៃ​ទៀត​ដោយ​មិន​គិត​ថ្លៃ។​

លោក​Bernard Krisher​ប្រធាន​អង្គការ​ជំនួយ​ពិភព​លោក​សម្រាប់​កម្ពុជា​និង​ជា​ស្ថាបនិក​របស់​សារ​ព័ត៌មាន​The Cambodia Daily​បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​គាំង​បេះដូង ​កាលពី​ថ្ងៃ​ទី​៥​ ខែ​មីនា​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ក្នុង​វ័យ​៨៧​ឆ្នាំ។​

មរណភាព​របស់​លោក​Bernard Krisher​ត្រូវ​បាន​ក្រុម​គ្រួសារ​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ ក្រោយពី​ការ​រៀបចំ​ពិធី​បញ្ចុះ​សព​លក្ខណៈ​ឯកជន​មួយ​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.