លោក​រ៉ុង ឈុន​ ត្រូវ​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​បំភ្លឹ​ជា​លើក​ទី​២​ជុំវិញ​ករណី​ប្តឹង​ក្រសួង​អប់រំ​

តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​រ៉ុង ឈុន​ជា​លើក​ទី​២​ឲ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​២៧​ ខែ​មីនា​ខាង​មុខ​ករណី​ប្ដឹង​សុំ​មោឃភាព​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ដែល​បាន​លុប​ឈ្មោះ​គ្រូ​បង្រៀន​ជាង​១០​នាក់​កាលពី​ឆ្នាំ​មុន។​

​ដីកា​កោះ​ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ​ដែលសារព័ត៌ឌឹខេមបូឌាដេលីទើបទទួលបាននៅថ្ងៃនេះ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​រស់ ពិសិដ្ឋ បាន​កោះ​ហៅ​លោក​​រ៉ុង ឈុន ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នា​ថ្ងៃ​ទី​២៧ ខែមីនា ​វេលា​ម៉ោង​៩​ព្រឹក។ ​ការ​កោះហៅ​ជាលើក​ទីពីរ​នេះ​ធ្វើឡើង​ក្រោយ​ពេល​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា​និង​ជា​អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​រូប​នេះ​ទើប​នឹង​ត្រឡប់​មក​ពី​បំពេញ​បេសក​កម្ម​នៅ​សហ​រដ្ឋ​អាមេរិក​ ហើយ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។​

កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា លោក​រ៉ុង ឈុន រួម​ជា​មួយ​អតីត​គ្រូ​បង្រៀន​១០​នាក់​ផ្សេង​ទៀត​បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​លោក​ហង់ ជួនណារ៉ុន ដោយ​ស្នើ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​កាល​ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដែលបានលុបឈ្មោះពួកគាត់ចេញពីក្របខណ្ឌក្រសួងអប់រំ និងស្នើឱ្យក្រសួង​​ផ្ដល់​ក្រប​ខណ្ឌ​ជា​គ្រូ​បង្រៀន​ និងមន្ត្រីអប់រំ ដល់​ពួក​គេ​វិញ។

លោក​រ៉ុង ឈុន​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា​ លោក​នឹង​ចូល​ខ្លួន​បំភ្លឺ​ទៅ​តាម​ការ​កោះហៅ​របស់​តុលាការ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំងអស់។​

កាលពី​ខែ​មុន​ ចៅក្រម​ដដែល​នេះ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​រ៉ុង ឈុន​ម្តងរួច​មក​ហើយ​ដើម្បី​ឱ្យ​ចូល​បំភ្លឺ​ជុំវិញ​ករណី​ដដែល​នេះ ​ ប៉ុន្តែ​ពេល​នោះ​លោក​រ៉ុង ឈុន​មិន​បាន​ចូល​បំភ្លឺ​ទេ​ដោយ​លោក​កំពុង​នៅ​សហ​រដ្ឋ​អាមេរិក​នៅ​ឡើយ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.