មន្រ្តី​យោធា​ជាន់ខ្ពស់​អះអាង​ថា​ កម្ពុជា​គ្មាន​គំរោង​ទម្លាក់​សក្តិ​ឧត្តម​សេនីយ៍​យោធា​និង​ប៉ូលិស​នោះ​ទេ​

រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​នាយ​ឧត្តម​សេនីយ៍​នាង​ផាត ​នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​នេះ​អះអាង​ថា​ គ្មាន​គម្រោង​ទម្លាក់​សក្តិ​នាយ​ទាហាន​នោះ​ទេ។​ ការ​អះអាង​របស់​លោក​នាង ផាត​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំ​ខែ​មេសា ​និង​លើក​ទិស​ដៅ​ការ​ងារ​បន្ត​សម្រាប់​ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ។​

លោក​នាង ផាត​បញ្ជាក់​ថា​ ចំពោះ​ពាក្យ​ចចាម​អារាម​ដែល​ថា​ ក្រសួង​ការពារ​ជាតិ​មាន​គម្រោង​ទម្លាក់​សក្តិ​មេ​ទាហាន​មិន​មែន​ជា​ការណ៍​ពិត​ទេ​ហើយ​លោក​ប្រាប់​នាយ​ទាហាន​ទាំងអស់​កុំ​មាន​ការ​ភ្ញាក់​ផ្អើល។​

ប៉ុន្តែ​លោក​មិន​ទាន់​ទាត់​ចោល​ព័ត៌មាន​និង​សារ​សំឡេង​ដែល​បែក​ធ្លាយ​របស់​លោក​ហ៊ុន សែន​ដែល​មាន​គ្រោង​ទម្លាក់​ផ្កាយ​ក្រុម​ឧត្តម​សេនីយ៍​នោះ​ទេ។​ កាល​ពីថ្ងៃ​ទី​២៧​ខែ​មេសា ​លោក​ហ៊ុន សែន​មេ​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​ គ្រោង​បន្ថយ​ចំនួន​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​៤​ក្នុង​ជួរ​កងទ័ព​ឱ្យ​នៅ​សល់​ត្រឹម​២​ នាក់​ ប៉ុណ្ណោះ​ដោយ​ម្នាក់​គឺ​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ​និង​ម្នាក់​ទៀត​ជា​អគ្គ​មេ​បញ្ជាការ​កងទ័ព។​

នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​របស់​លោក​ហ៊ុន សែន​ផ្ញើទៅ​មន្រ្តី​ថ្នាក់​ក្រោម​របស់​លោក​បញ្ជាក់​ថា ​នេះ​ជា​កំណែ​ទម្រង់​កាត់​បន្ថយ​ទាំង​ផ្កាយ​នៅ​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​មហា​ផ្ទៃ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.