អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​ ថាបញ្ហារក្សា EBAគឺស្ថិតនៅលើដៃរដ្ឋាភិបាល

អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អ្នកស្រី​រ៉ូណា ស្មីត​បាន​លើក​ឡើង​ថា​ បញ្ហា​ការ​សម្រេច​ចិត្ត​ដើម្បី​បន្ដ​ជជែក​គ្នា​ជុំវិញ​បញ្ហា​EBA​គឺ​ស្ថិត​លើ​រដ្ឋាភិបាល​ជា​អ្នក​ធ្វើ ​ដោយ​ថា នៅ​ក្នុង​ភាព​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ ឬ​កិច្ច​ព្រម​ព្រៀង​ណាមួយ​ជាមួយ​ដៃ​គូ​ម្ចាស់​ជំនួយ​នោះ​គឺ​ស្រេច​តែ​ទៅ​លើ​រដ្ឋាភិបាល។​

ថ្លែង​ក្រោយ​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​លោក​អង្គ វង្សវឌ្ឍនា ​នា​ព្រឹក​នេះ​ អ្នក​ស្រី​រ៉ូណា ស្មីត​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ដ​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ប្រសិន​បើ​កម្ពុជា​ចង់​បន្ដ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ របស់​អឺរ៉ុប​នោះ។​

យ៉ាងណា​ក៏​ដោយ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កន្លង​មក​បាន​ប្រកាស​ជា​ច្រើន​លើក​រួច​មក​ហើយ​ថា​ រដ្ឋាភិបាល​នឹង​មិន​អោន​ក្បាល​ដើម្បី​ដោះ​ដូរ​ចំពោះ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ណា​មួយ​នោះ​ឡើយ។​

លោក​ហ៊ុន សែន​ក៏​បាន​ប្រកាស​ពី​កំណែ​ទម្រង់​របស់​ខ្លួន​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ផង​ដែរ។​ លោក​ថែម​ទាំង​ណែនាំ​ឲ្យ​មន្ត្រី​របស់​ខ្លួន​​យក​លេស​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មួយ​នេះ​ដើម្បី​សម្លាប់​ជីវិត​គណបក្ស​ប្រឆាំង​ និង​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ទៀត​ផង។​

កាល​ពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ សហ​ភាព​អឺរ៉ុប​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដែល​ឈាន​ទៅ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​នៅ​ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ចំណែក​សហ​រដ្ឋ​អាមេរិក​ក៏​បាន​អំពាវ​នាវ​ឱ្យ​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​ស្តារ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ​ព្រម​ទាំង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ដោយ​ថា​ ដើម្បី​គេច​ផុត​ពីការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​ពី​សហ​ភាព​អឺរ៉ុប។​

សហ​រដ្ឋ​អាមេរិក​បាន​ណែនាំ​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​តម្កល់​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​ផល​ប្រយោជន៍​នយោបាយ​និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.