លោក​ហ៊ុន សែន​ទៅ​វៀតណាម​គោរព​សព​អតីត​ប្រធាន​រដ្ឋ​វៀតណាម​

លោក​ហ៊ុន សែន​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ ​ទៅ​កាន់​ទីក្រុង​ហាណូយ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ នា​រសៀល​ថ្ងៃ​នេះ​​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​អតីត​ប្រធាន​រដ្ឋ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ​លោក​ឡេ ដឹកអាញ់​ ដែល​បាន​ទទួល​មរណ​ភាព​កាល​ពី​ថ្ងៃ​ទី ​២២​ ខែ​មេសា ​ដោយ​ជរាពាធ។​

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា​AKP​បាន​លើក​ឡើង​ថា ​លោក​ឡេ​ដឹក​អាញ់ ​គឺ​ជា​ឧត្តម​សេនីយ៍​ជាន់ខ្ពស់​ដែល​បាន​ដឹក​នាំ​កម្លាំង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សហ​រដ្ឋ​អាមេរិក​កាល​ពី​ទស​វត្ស​១៩៧០​ ហើយ​លោក​ក៏​ជា​មេទ័ព​ជាន់​ខ្ពស់​ដែល​ដឹក​នាំ​កម្លាំង​កងទ័ព​វៀតណាម​វាយ​រលំ​របប​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​១៩៧៩។​

មិន​ត្រឹមតែ​ជា​មេ​ទ័ពជាន់​ខ្ពស់​ដឹក​នាំ​កម្លាំង​វាយ​របប​ប៉ុល ពត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អត្ថ​បទ​ប្រវត្តិ​សាស្ត្រ​មួយ​ចំនួន​បញ្ជាក់​ថា ​លោកលោក​ឡេ ដឹកអាញ់​ក៏​ជា​មេ​ផែន​ការ​ក​៥​ក្នុង​ទស​វត្ស​១៩៨០​ ដែល​ជា​ផែន​ការ​ទប់ទល់​ការ​ត្រឡប់​មក​វិញ​របស់​ខ្មែរក្រហម​ និង​បញ្ហា​អាថ៌​កំបាំង​មួយ​ចំនួន​ទៀត។​

ផែន​ការ​ក​៥​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​ស្លាប់​ដោយ​សារការ​សកម្ម​ភាព​ផែនការ​នោះ ​ដូច​ជា​ត្រូវ​ជាន់​មីន​ស្លាប់ ​គ្រុន​ចាញ់ ​ហើយ​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន ​ព្រម​ទាំង​ត្រូវ​ប្រយុទ្ធ​តតាំង​នឹង​ក្រុម​ខ្មែរ​ក្រហម​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ​ហើយ​ផែន​ការ​នោះ​គឺ​ជា​រនាំង​ការពារ​រដ្ឋាភិបាល​អាយ៉ង​ក្រុង​ភ្នំពេញ​ ដែល​មាន​លោក​ហ៊ុន សែន​ដឹក​នាំ​នា​ពេល​នោះ។​

លោក​ឡេ ដឹកអាញ់​ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​ប្រធានាធិបតី​និង​ ជា​ប្រធាន​រដ្ឋវៀតណាម​មួយ​រយៈ​ពេល​ផង​ដែរ។​

ដំណើរ​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន​ទៅ​គោរព​សព​អតីត​មេ​ដឹក​នាំ​វៀតណាម​នេះ គ្មាន​វត្ត​មាន​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ឡើយ​ហើយ​ក្រុម​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​លោក​ហ៊ុន សែន​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៣​ ខែ​ឧសភា៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.