Opinion

ចាង​ហ្វាង​កាសែត​ខ្មែរ​ថាមស៍​បកស្រាយ​ ក្រោយ​រង​ការ​ចោទ​ពី​អតីត​បុគ្គលិក​របស់​ខ្លួន​ពីបទ​បៀតបៀន​ផ្លូវភេទ​

ចាង​ហ្វាង​កាសែត​ខ្មែរ​ថាមស៍​លោក​T. Mohan​ ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ថា ​លោក​បាន​បៀត​បៀន​ផ្លូវភេទ​ទៅ​លើ​អតីត​បុគ្គល​ស្រី​ជាជន​ជាតិ​ហ្វីលីពីន​ម្នាក់។​

លោក​ T. Mohan​បាន​ប្រាប់​សារ​ព័ត៌មាន​សំឡេង​ប្រជា​ធិបតេយ្យ​VOD​ តាម​រយៈ​លិខិត​សង្ខេប​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​ លោក​មិន​បាន​បំពាន​ឬ ​បៀតបៀន​ផ្លូវភេទ​ទៅ​លើ​អតីត​បុគ្គលិក​របស់​ខ្លួន​ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ព័ត៌មាន​ជីវិត​កម្សាន្ដ​ និង​សង្គម​គឺ​អ្នកស្រី ​April Reposar​នោះ​ឡើយ។ ​លោក​ថា​ ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​មក​លើ​រូប​លោក​ពី​សំណាក់​អតីត​បុគ្គលិក​រូប​នោះ ​ជា​រឿង​ប្រតិដ្ឋ​ឡើង​ក្នុង​គោល​បំណង​ចង់​បង្ខូច​កិត្តិយស​របស់​លោក​ និង​ស្ថាប័ន​កាសែត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​

ចាងហ្វាង​កាសែត​ខ្មែរ​ថាមស៍​រូប​នេះ​ថែម​ទាំង​បាន​បរិហារ​អំពី​ចរិត​បុគ្គល​របស់​អ្នកស្រី​April Reposar​ជា​ច្រើន​ផ្សេង​ទៀត​ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ជាក់លាក់​ណា​មួយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ឱ្យ​បាន​លម្អិត​ទាក់ទង​ការ​ចោទ​ប្រកាន់​របស់​អតីត​បុគ្គលិក​របស់​ខ្លួន​នោះ​ឡើយ។​

លោក​ T. Mohan​លើក​ឡើង​ទៀត​ថា ​អតីត​បុគ្គលិក​រូប​នេះ​តែងតែ​ខ្ចី​លុយ​របស់​លោក​ជា​ញឹកញាប់ ​ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ​លោក​មិន​ព្រម​ឲ្យ​ខ្ចី ដែល​នេះ​ហេតុផល​មួយ​ធ្វើ​ឲ្យ​នាង​ខឹង​សម្បារ​នឹង​លោក។​

ទោះបីយ៉ាង​ណា​ក្នុង​លិខិត​ចំហ​មួយ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ដែល​ផ្ញើជូន​ទៅ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​កម្ពុជា ​អតីត​បុគ្គលិក​កាសែត​ខ្មែរ​ថាមស៍​ ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ជីវិត​កម្សាន្ដ​និង​សង្គម ​អ្នកនាង​April Reposar​លាត​ត្រដាង​ថា ​ចាងហ្វាង​កាសែត​ខ្មែរថាមស៍​ លោក​T. Mohan​បាន​បៀត​បៀន​ផ្លូវ​ភេទ​លើ​រូប​នាង​ដោយ​ សន្យា​ថា​ គេ​នឹង​ផ្តល់​លុយ​ចាយ​ប្រចាំ​ខែ​​ឲ្យ​តែ​នាង​យល់​ព្រម​រួម​ដំណេក​ជាមួយ​ថៅ​កែ​រូប​នេះ។​

លិខិត​នេះ​បញ្ជាក់​លម្អិត​ថា ​កាលពី​អំឡុង​ខែ​ឧសភា​កន្លង​ទៅ​ពោល​គឺ​ក្រោយ​ពិធី​ជប់លៀង​បញ្ចប់​អាណត្តិ​អតីត​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក​George Edgar​ ពេល​នោះ​លោក​T. Mohan​បាន​បបួល​នាង​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ហើយ​បាន​សុំ​នាង​រួម​ដំណេក​ជាមួយ​ ដោយ​សន្យា​ផ្ដល់​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ​ ព្រម​ទាំង​ផ្គត់ផ្គង់​របស់​របរ​ផ្សេងៗ​ទៀត​ដល់​នាង​ប្រចាំ​ខែ។​

ប៉ុន្តែ​អ្នក​នាង​April Reposar​បាន​បដិសេធ​ និង​ព្យាយាម​គេច​វេស​មិន​ទទួល​យក​សំណើ​លោក​T. Mohan​ហើយ​ចុង​ក្រោយ​នាង​សម្រេច​ចិត្ត​ដាក់​ពាក្យ​លាឈប់​ពីការ​ងារ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​ឧសភា។​

អ្នកនាង​April Reposar​រៀបរាប់​ទៀត​ថា ​ក្រោយមក​លោក ​T-Mohan​ដឹង​រឿង​នេះ​ ហើយ​បាន​ហាម​ប្រាម​នាង​មិន​ឲ្យ​និយាយ​រឿង​នេះ​ឲ្យ​អ្នក​ផ្សេង​ដឹង​នោះ​ទេ​និង​បង្គាប់​ឲ្យ​នាង​លុប​សារ​ឆ្លើយ​ឆ្លងគ្នា​ទាំងអស់​ចោល ​ដោយ​លើក​ហេតុផល​ថា​ ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​កាសែត​មួយ​នេះ។​

អ្នក​នាង​បាន​ចាត់​ទុក​ថា​ ទង្វើ​របស់​លោក​T. Mohan​ជា​ទង្វើ​«គ្មាន​វិជ្ជាជីវៈ»​ និង​មិន​អាច​ទទួល​យក​បាន។​ អ្នកនាង​April Reposar​ឲ្យ​ដឹង​ផង​ដែរ​ថា​ មូលហេតុ​ដែល​អ្នក​នាង​ទម្លាយ​រឿង​នេះ​ដោយសារ​អ្នកនាង​បាន​ទៅ​ដល់​ប្រទេស​ហ្វីលីពីន​វិញ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.