វៀតណាម​សម្លាប់​ជ្រូក​កើត​ជំងឺ​ប៉េស្ត​រាប់​លាន​ក្បាល​ខណៈ​ការ​នាំ​ជ្រូក​ចូល​មក​កម្ពុជា​ដោយ​លួច​លាក់​នៅ​តែ​មាន​

អាជ្ញាធរ​វៀតណាម​បាន​សម្លាប់​ជ្រូក​ជាង​២​លាន​ក្បាល ​ដើម្បី​កុំ​ឱ្យ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ដែល​កំពុង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​នៅ​ប្រទេស​ខ្លួន​នោះ ​បន្ត​រីករាល​ដាល​ទៅ​តំបន់​ផ្សេង​ទៀត។​​

យោង​តាម​សារ​ព័ត៌មាន​សិង្ហ​បុរី​ដោយ​ដក​ស្រង់​ការ​លើក​ឡើង​របស់​ មន្រ្តី​ក្រសួង​កសិកម្ម​វៀតណាម​ម្នាក់​ថា​ ពេល​នេះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​វៀតណាម​ពោល​គឺ​នៅ​គ្រប់ខេត្ត​ទាំង​ ៦៣​របស់​វៀតណាម​តែ​ម្តង។​ ​

ប្រជាជន​វៀតណាម​ប្រហែល​៣០​លាន​នាក់​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​សម្រាប់​លក់​ និង​ទទួល​ទាន​ក្នុង​ស្រុក។​ សាច់ជ្រូក​ ជា​ប្រភេទ​សាច់​ដែល​ជនជាតិ​​វៀតណាម​ចូលចិត្ត​បរិភោគ​ជាង​គេ​ ដែល​មាន​ប្រហែល​ ៧៥​ភាគរយ​នៃ​ផលិត​ផល​សាច់​សរុប​ក្នុង​ប្រទេស​នេះ។​

ទោះបីជាមាន​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ទូទាំង​ប្រទេស​បែប​នេះ​ក្តី ​ប៉ុន្តែ​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ ​ការនាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ មក​ក្នុង​ទឹក​ដី​កម្ពុជា​នៅតែ​កើត​មាន។​

ជាក់ស្តែង​កាលពី​សប្តាហ៍​មុន​ មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ​បាន​ហាម​ឃាត់​ជ្រូក​ដឹក​ដោយ​ម៉ូតូ ​និង​ដឹក​ដោយ​ឡាន​ដែល​សរុប​ទៅ​ប្រមាណ​៥០​ក្បាល ​ត្រូវ​បាន​នាំចេញ​ពី​ច្រក​ព្រំដែន​ពី​វៀតណាម​ ចូល​មក​កម្ពុជា​នៅ​ក្នុង​ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ។​

កាលពី​ពេល​ថ្មីៗ​នេះ ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក​វ៉េង សាខុន​ ធ្លាប់​ព្រមាន​ថា​ លោក​នឹង​ដក​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ណា​ ដែល​បណ្តោយ​ឱ្យ​មាន​ជ្រូក​នាំចូល​ពី​វៀតណាម​មក​កាន់​កម្ពុជា​បន្ត​ទៀត​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ លោក​មិន​ទាន់​បាន​ដក​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ណាឡើយ​ រួម​ទាំង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូង​ឃ្មុំ​ផង។​

នៅ​កម្ពុជា​បច្ចុប្បន្ន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​ដំបូង​គេ​គឺ​ នៅ​ក្នុង​ខេត្តរតនៈ​គិរី។​​

ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ខ្លាំង​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០​ នៅ​អឺរ៉ុប ​និង​អាមេរិក។​ ដោយ​សារ​តែមាន​ប្រវត្តិ​នៃ​ការ​ផ្ទុះ​និង​ការ​សាយ​ភាយ​នៅ​តំបន់​ផ្សេងៗ​គ្នា​បែប​នេះ ​ទើប​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម ​យល់​ថា​ ជំងឺ​នេះ​អាច​រីករាល​ដាល​ដល់​ប្រទេស​ជិត​ខាង​ ជា​ពិសេស​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​ឧបទ្វីប​កូរ៉េ ​ព្រោះ​ប្រទេស​ក្នុង​តំបន់​ទាំង​នេះ​មាន​តម្រូវ​ការ​សាច់​ជ្រូក​ច្រើន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.