Opinion

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ទាមទារ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​លោក​រ៉ាត់ រត្នមុនី​

អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា ​អង្គ​ការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ ឬ​ Reporters Without Border​ទាមទារ​ឱ្យ​តុលាការ​កម្ពុជាទម្លាក់​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​ក្តី​របស់​ប្រធាន​សហជីព​គឺ​លោក​រ៉ាត់ រត្នមុនី។ ​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​កាលពី​ម្សលមញ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ដោយ​បាន​រិះគន់​ថា​ ចំណុច​មួយ​ចំនួន​ក្នុង​សវនាការ​របស់​តុលាការ​កម្ពុជា​មាន​​ការ​គាប​សង្កត់​ទៅ​ភាគី​ដើម​បណ្ដឹង​ទាំង​៥​រូប ​ហើយ​ពួក​គេ​បាន​ផ្ដល់​ចម្លើយ​ផ្ទុយ​ពី​ការណ៍​ពិត​ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​លោក​រ៉ាត់ រត្នមុនី​ទៅ​វិញ។​

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បាន​រិះគន់​ចំពោះ​ការ​ដាក់​តួនាទី​លោក​រ៉ាត់ រត្នមុនី​ថា​ ជា​អ្នក​ចូលរួម​ផលិត​ភាព​យន្ដ​ឯកសារ​ ខណៈ​លោក​ត្រឹមតែ​ជា​អ្នក​បកប្រែ ​និង​សម្រប​សម្រួល​ប៉ុណ្ណោះ ​ដោយ​ថា​ ករណី​នេះ​ ក៏ត្រូវ​បាន​បញ្ជាក់​ច្បាស់​ពី​នាយក​ទូរទស្សន៍​រុស្ស៊ី​RT។​បន្ថែម​ពី​នេះ​ អង្គការ​អន្តរ​ជាតិ​ដដែល​ក៏​បាន​លើក​ឡើង​ថា​ សវនាការ​លើ​សំណុំ​រឿង​នេះ​មាន​ភាព​លម្អៀង​ និង​អយុត្តិ​ធម៌​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​កូយ សៅ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​ប្រឆាំង​លោក​រ៉ាត់ រត្នមុនី​ដោយ​ក្នុង​នោះ​មាន​ទាំង​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៥​នាក់​ ដែល​សុទ្ធ​សឹង​ជា​តួ​សម្ដែង​នៅ​ក្នុង​ភាពយន្ដ​ឯកសារ​«ម្ដាយ​ខ្ញុំ ​លក់​ខ្ញុំ»​។​ពួុកគេ​បាន​ឆ្លើយ​ដាក់​បន្ទុក​និង​ចោទ​ប្រកាន់​លោក​រ៉ាត់ រត្នមុនី​ថា​ បាន​ផ្ដល់​លុយ​និង​សន្យា​ជួយ​អ្វី​មួយ​ដល់​ពួកគេ​ ជា​ថ្នូរ​នឹង​ការ​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ។​

បើ​តាម​ការ​គ្រោង​ទុក​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​គ្រោង​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​លោក​រ៉ាត់ រត្នមុនី ​នា​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ។ ​សេចក្ដី​ថ្លែង​ការណ៍​ដដែល​នោះ​បាន​ទាម​ទារ​ឱ្យ​ តុលាការ​កម្ពុជា​ដោះលែង​លោក​រ៉ាត់ រត្នមុនី​ឲ្យ​មាន​សេរីភាព​វិញ​ ដោយ​ថា ​លោក​រ៉ាត់ រត្នមុនី​គឺគ្រាន់​តែ​បាន​ចូល​រួម​បង្ហាញ​ពន្លឺ​នៅ​ក្នុង​បទ​ល្មើស​ជួញ​ដូរ​ផ្លូវ​ភេទ​ក្នុង​កម្ពុជា​តែ​ប៉ុណ្ណោះ។​

ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី ​គឺអ្នក​ស្រី​ឡុង គឹមហ៊ាង​បាន​លើក​ឡើង​នៅ​ថ្ងៃនេះ​ថា​ អ្នក​ស្រី​យល់ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ហើយ​អ្នកស្រី​ក៏​ស្នើ​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​បទ​ចោទ​ និង​ដោះលែង​ប្តី​របស់​គាត់​ផង​ដែរ។​

កាលពី​ថ្ងៃ​ទី​៧ ​ធ្នូ​ឆ្នាំ​មុន ​សមត្ថ​កិច្ច​ថៃ​បាន​ចាប់​បញ្ជូន​លោក​រ៉ាត់ រត្នមុនី ​មក​កម្ពុជា​តាម​ការ​ស្នើសុំ​របស់​កម្ពុជា ​ដោយ​រដ្ឋាភិបាល​បាន​អះអាង​ថា​ រឿង​«ម្តាយខ្ញុំ លក់ខ្ញុំ»​ជាការ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​ និង​ជា​ករណី​មិន​អាច​អត់​​ឱន​ឲ្យ​បាន។​  ​

ប្រធាន​សហព័ន្ធ​សហជីព​​សំណង់​កម្ពុជា ​លោក​រ៉ាត់ រត្នមុនីត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​ចោទ​ប្រកាន់​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើសអើង»​ ដែល​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៣​ឆ្នាំ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.