Opinion

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ត្រូវ​បាន​ដក​តំណែង​ក្រោយ​បង្ហាញ​រឿង​អាស្រូវ​របស់​មនុស្ស​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន​

រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​លោក​ថៃ នរៈសត្យា​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​កម្ពុជា​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​តាម​រយៈ​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ដែល​ទើប​នឹង​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ។​

ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក​ថៃ នរៈសត្យា​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ ក្រោយ​ពេល​លោក​បាន​បង្ហាញ​ការ​ឈឺ​ចាប់​របស់​ខ្លួន​ ជាមួយ​នឹង​ភរិយា​ដើម​របស់​លោក​និង​បាន​បង្ហាញ​រឿង​អាស្រូវ​របស់​មនុស្ស​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន​គឺ​លោក​ដួង តារា។​

លោក​ថៃ នរៈសត្យា​បាន​លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​លោក​ដួង តារា ​ដែល​ជា​មនុស្ស​ពូកែ​ផ្នែក​ IT​នោះ​ហើយ​ជា​អ្នក​ចូល​រួម​ចំណែក​បំផ្លាញ​សុភមង្គល​គ្រួសារ​របស់​លោក​តាម​រយៈ​ការ​ចូល​រួម​បំផ្លាញ​វីឡា​របស់​កូនៗ​របស់​លោក​ឱ្យ​ក្លាយ​ទៅ​ជា​កន្លែង​ខារ៉ាអូខេ ​និង​បំផ្លាញ​បន្ថែម​ទៀត​ឱ្យ​ក្លាយ​ទៅ​ជា​ផ្ទះ​ល្វែង។​

លោក​ដួង តារា​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​បង្ហាញ​សកម្ម​ភាព​មនុស្ស​ធម៌​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ហើយ​លោក​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​សមាជិក​ម្នាក់​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​ផង​ដែរ។​ ក្រោយ​ការ​បញ្ចេញ​រឿង​អាស្រូវ​របស់​ភរិយា​និង​មនុស្ស​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​រូប​នេះ​ ក៏ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​មុខ​តំណែង​តែ​ម្តង។​

ដោយ​ឡែក​លោក​ដួង តារា​បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​មក​លើ​ខ្លួន ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ថា​ ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​មក​លើ​រូប​លោក​ពី​សំណាក់​លោក​ថៃ នរៈសត្យា​គឺ​ជា​រឿង​មិន​សមរម្យ​ ហើយ​មាន​ចេតនា​មួល​បង្កាច់​បង្ខូច​ឈោ្មះ​និង​កិត្តិយស​របស់​លោក​តែ​ប៉ុណ្ណោះ។​ លោក​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​រឿង​គ្រួសារ​របស់​លោក​ថៃ នរៈសត្យា ​ហើយ​ថា​ លោក​អនុគ្រោះ​ចំពោះ​ការ​ចោទ​ប្រកាន់​ខ្លួន​ពី​សំណាក់​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​រូប​នេះ​គ្រប់​ពេល។​

លោក​ថៃ នរៈសត្យា​បាន​ទទួល​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១១​មក​ម្ល៉េះ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.