មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​អ៊ឹម ឈុនលឹម​ជាប់​ឆ្នោត​ជាប្រធាន​ឧត្តម​ប្រឹក្សា​ធម្មនុញ្ញ​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​អ៊ឹម ឈុនលឹម​ជាប់​ឆ្នោត​​ជា​ប្រធាន​ឧត្តម​ប្រឹក្សា​ធម្មនុញ្ញ​ដដែល​សម្រាប់​អាណត្តិ​៩​ឆ្នាំ​២០១៩-២០២៨។​

នេះ​បើ​តាម​លទ្ធ​ផល​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​នេះ ​នៅ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ ដែល​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​វិមាន​រដ្ឋ​ចំការ​មន​ក្រុង​ភ្នំពេញ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បោះឆ្នោត​ជា​សម្ងាត់​ជ្រើស​តាំង​ប្រធាន​ដោយ​៩ សំឡេង​លើ​៩​សំឡេង។​

ក្រៅពី​ការ​ជ្រើស​រើស​ប្រធាន​ស្ថាប័ន​នេះ​ក៏​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​បី​រូប​ ដែល​ក្នុង​នោះ​រួម​មាន៖​ លោក​ហ៊ី សោភា​ដែល​ត្រូវ​បាន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​បោះឆ្នោត​ជ្រើស​តាំង​ជា​ថ្មីជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ​៩​ឆ្នាំ​ទី​២​លោក​ស្រី​លី វួចឡេង​ ដែល​ត្រូវ​រដ្ឋ​សភា​ជាតិ​បោះឆ្នោត​ជ្រើស​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ​៩​ឆ្នាំ​(២០១៩-២០២៨)​និង​ទី​៣​លោក​កែវ ពុធរស្មី​ដែល​បាន​តែង​តាំង​ដោយ​អង្គ​ព្រះ​មហា​ក្សត្រ​ ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រាប់​អាណត្តិ​៩​ឆ្នាំ​(២០១៩-២០២៨)។​

លោក​កែវ ពុធរស្មី​ជា​បុត្រ​សុណិសា​របស់​ព្រះ​បាទ​នរោត្តម​សីហនុ។​ បក្ស​ប្រឆាំង ​និង​អ្នក​ឃ្លាំ​មើល​សង្គម​ថា ​ស្ថាប័ន​កំពូល​របស់​ជាតិ​មួ​យនេះ​នឹង​នៅ​បន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ និង​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​ដដែល​ ខណៈ​ប្រធាន​ស្ថាប័ន​នៅ​តែ​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​នោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.