Opinion

រដ្ឋាភិបាល​ច្រាន​ចោល​របាយ​ការណ៍​របស់​មន្ត្រី​UN​ជុំវិញ​ការវាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

រដ្ឋាភិបាល​លោក​ហ៊ុន សែន​តាម​រយៈ​មន្ត្រី​តំណាង​បេសស​កម្ម​អចិន្ត្រៃយ៍​របស់​ខ្លួន​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស ​បាន​ច្រាន​ចោល​នូវ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​អ្នក​ស្រី​ រ៉ូណា​ ស្មីត ​និង​លោក​David​ Kaye​​ដោយ​និយាយ​ថា​ វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត និង​មិន​បាន​មើល​ឃើញ​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​អន្តរ​ជាតិ​កំពូល​មួយ​នេះ ​កាលពី​ថ្ងៃម្សិ​លមិញ​បាន​លើក​ឡើង​​ថា​ កម្ពុជា​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​លើក​ឡើង​របស់​អ្នក​រាយ​ការណ៍​ពិសេស​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ទាំង​ពីរ​រូប​នោះ​ទេ ​ដោយ​ថា ​ពួកគេ​តែង​តែ​មើល​មិន​ឃើញ​ពីការ​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស ​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ​ពិត​ប្រាកដ​នៅ​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​បាន​លើក​ឡើង​ថា ​អាណត្តិ​របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​UN​គឺ​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស​ មិនមែន​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ឱ្យ​គេ​មើល​ឃើញ​ពី​ទង្វើ​ជ្រៀត​ជ្រែក​ផ្ទះ​ក្នុង​ របស់​រដ្ឋ​អធិបតេយ្យ​ឡើយ។​

ការ​ច្រាន​ចោល​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ពីរ​រូប​គឺ​អ្នក​ស្រី​ រ៉ូណា​ ស្មីត ​និង​លោក​David​ Kaye​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពីថ្ងៃ​ពុធ​ ដោយ​លើក​ឡើង​ថា​ ពួកគេ​មាន​កង្វល់​ជាខ្លាំង ​ចំពោះ​សកម្ម​ភាព​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ក្នុង​ការ​បំបិទ​សំឡេង​មតិ​ផ្ទុយ​ពី​ខ្លួន។​

អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​​ស្តារ​និន្នាការ​ធ្លាក់​ចុះ​បច្ចុប្បន្ន​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពល​រដ្ឋ​ឡើង​វិញ។​

ពួកគេ​ក៏​បាន​បញ្ជាក់​ថា ​ដល់​ពេល​ហើយ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ត្រូវ​ដឹក​នាំឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ទៅ​ជា​កិច្ច​សន្ទនា​មួយ​ ដែល​ផ្តោត​ទៅលើ​បញ្ហា​ជាជាង​ផ្តោត​លើ​បុគ្គល​ដែល​វាជា​វិធី​មួយ​ឈាន​ទៅ​មុខ​ និង​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​សន្តិភាព​យូរ​អង្វែង​ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​ការ​ទទួល​បាន​សិទ្ធិ​មនុស្ស​ទាំងអស់។​

សមាជិក​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ជាង​១៤០​រូប​ហើយ​ ដែល​ត្រូវ​បាន​តុលាការ​ និង​អាជ្ញាធរ​ចោទ​សួរ​កោះ​ហៅ​ ឬ ​ឃុំ​ខ្លួន​ ពាក់​ព័ន្ធ​ការ​ចូល​រួម​ប្រមូល​ផ្តុំ ​និង​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​គាំទ្រ​អតីត​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​​គឺ​លោក​កឹម សុខា​និង​លោក​សម រង្ស៊ី​កាលពី​ពេល​កន្លង​មក។​

កាល​ពី​ខែ​កុម្ភៈ ​សហ​រដ្ឋ​អាមេរិក​ ធ្លាប់​បាន​ណែនាំ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ ​ព្រោះជា​ការ​ឃុំខ្លួន​ដោយ​គ្មាន​ភ័ស្តុតាង​ និង​អយុត្តិធម៌​ព្រមទាំង​ត្រូវ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ពិត​ប្រាកដ​ ដោយ​ថា​ ជា​វិធី​ដ៏ល្អ​សម្រាប់​កម្ពុជា​ ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​ មិន​ឱ្យ​បាត់បង់។​ អាមេរិក​ក៏​បាន​ បង្ហាញ​ផ្លូវ​ដល់​អ្នក​នយោបាយ​ខ្មែរ​ឱ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ ពោល​គឺ​ធំជាង​ផល​ប្រយោជន៍​បុគ្គល​ ឬ​បក្ស​នយោបាយ​របស់​ខ្លួន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.