Opinion

អ្នកប្រើប្រាស់ហ្វេសប៊ុករិះគន់មន្ត្រីដែលថតរូប selfieសើចញញឹមនៅមុខគំនរទុក្ខជនរងគ្រោះដែលបាក់រលំអគារនៅខេត្តព្រះសីហនុ

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រិះ​គន់​មន្ត្រី​ដែល​ថត​រូប​ស៊ែលហ្វី​សើច​ញញឹម​នៅ​មុខ​គំនរ​អគារ​បាក់​រលំ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​កំពុង​មាន​សាកសព ​និង​ជន​រងគ្រោះ​ជាច្រើន​នាក់​ទៀត​កប់​បាត់​នៅ​ក្នុង​គំនរ​នោះ​មិន​ទាន់​ជួយ​សង្គ្រោះ​បាន​នៅ​ឡើយ។​

ម្ចាស់​ហ្វេកប៊ុក​ម្នាក់​ឈ្មោះ​ស្រី លាភ​បាន​បង្ហោះ​រូប​មន្ត្រី​ម្នាក់​ដែល​បង្ហាញ​ទឹក​មុខ​សើច​សប្បាយ​ដើរ​ថត​រូប​ស្ហែលហ្វី​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ថា ​មុខ​របស់​គាត់​នឹង​មិន​មែន​ទៅ​ជួយ​សង្គ្រោះ​ ឬ​រំលែក​ទុក្ខ​ទេ​គឺទៅ​អោយ​គ្រាន់​តែ​បាន​ឃើញ​មាន​មុខ​ និង​បាន​ថត​ស៊ែលហ្វី​ជាមួយ​អ្នក​ធំ​អួត​មិត្ត​ក្នុង​ហ្វេសប៊ុក​តែ​ប៉ុណ្ណឹង​ ចប់​ភារៈ​កិច្ច​ហើយ​ មុខ​គ្មាន​ឈឺ​ចាប់​អី​បន្ទិច​សោះ!​

អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្នោះ ​IMan-KH ​សរសេរ​នៅ​លើ​ហ្វេសប៊ុក​រិះគន់​មន្រ្តី​នោះ​ដែរ​ថា ​មិន​ដឹង​ថា​ ពួកនេះ​យក​អី​ទៅ​គិត?​ អាច​សើច​និង​ញញឹម​យ៉ាង​ស្រស់​ណាស់ ​នៅទី​ដែល​មាន​មនុស្ស​ស្លាប់​ដល់​២៨​នាក់​ និង​របួស​២៧​នាក់ ​បែប​នេះ?​

មតិ​មហាជន​មួយ​ចំនួន​ចាត់​ទុក​ទង្វើ​របស់​មន្រ្តី​ទាំងនេះ​ថា​ ហាក់​ដូច​ជា​ខ្វះ​សីលធម៌​ចំពោះ​ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ​មួយ​នេះ ​ជា​ពិសេស​មិន​គប្បី​ចំពោះ​ក្រុម​គ្រួសារ ​និង​ជន​រងគ្រោះ​ដែល​កំពុង​ទុក្ខ​សោក​រក​ទី​បំផុត​គ្មាន។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា​ មន្រ្តី​ដែល​បង្ហាញ​ទឹក​មុខ​សើច​សប្បាយ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​គឺ​ជា​អគ្គនាយក​កំពង់​ផែ​ស្វ័យ​ក្រុង​ព្រះ​សីហនុ ​លោក​លូ គឹមឈុន​ និង​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​នន្ទ សុខា៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.