Opinion

តុលាការ​ខេត្ត​ព្រះ​សីហនុ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​៤នាក់​ករណី​បាក់​អគារ​ក្នុង​ខេត្ត​ព្រះ​សីហនុ​

តុលាការ​ខេត្ត​ព្រះ​សីហនុ​នៅ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ បាន​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ពាក់​ព័ន្ធ​ករណី​បាក់​អគារ​កម្ពស់​៧​ជាន់​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​២៨​នាក់​ស្លាប់​ ហើយ​២៦​នាក់​ទៀត​របួស។​

ជនជាតិ​ចិន​ទាំង​៤​នាក់​រួម​មាន​ឈ្មោះ ​Cheng Kun, Deng Xin Gul, Gao Yu​និង​Xie Ya Ping។​ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​​តាម​មាត្រ​២៩,២០៧, ២៣៦​និង​មាត្រា​៤១៤​នៃ​ក្រម​ព្រហ្មទណ្ឌ​ពីបទ​មនុស្ស​ឃាត​ដោយ​អចេតនា ​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា​ និង​ធ្វើ​ឲ្យខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយសារ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​បទ​សម​គំនិត​ក្នុង​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​ បទ​សម​គំនិត​បង្ក​ឱ្យមាន​របួស​ដោយ​អចេតនា​ និង​បទ​សម​គំនិត​ក្នុង​អំពើ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា។​

រហូត​មក​ទល់​ពេល​នេះ​ជនជាតិ​ចិន​ទាំង​បួន​នាក់​នោះ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន។​

ចំណែក​លោក​ហ៊ុន សែន វិញអះអាងថា សោកនាដកម្ម​នៃ​ការ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ​ជា​មេ​រៀន​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​វិធាន​ការ​ទប់ស្កាត់​សំណង់​អាណាធិបតេយ្យ​លើ​ទឹក​ដី​កម្ពុជា។​

លោក​ហ៊ុន សែន​អះអាង​ថា​ រដ្ឋាភិបាល​នឹង​បន្ត​ស្រាវ​ជ្រាវ​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ដួល​រលំ​បាក់​អគារ​នេះ​ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​បញ្ហា​ដូច្នេះ​ទៀត​ទៅ​ថ្ងៃ​អនាគត។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ សោក​នាដកម្ម ​នៅ​ខេត្ត​ព្រះសីហនុ​កើត​ចេញ​ពី​ផល​ជះ​នៃ​ឥទ្ធិពល​របស់​អ្នក​វិនិយោគ​ចិន​ ទាំង​នៅ​ខេត្ត​នេះ​ និង​ខេត្ត​ដទៃ​ទៀត​និង​ជា​ការ​បង្ហាញ​ពី​ភាព​អន់ថយ​នៃ​ការ​គ្រប់គ្រង​បច្ចេក​ទេស​សំណង់​ក្នុង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.