Opinion

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្តល់​ឥណទាន​៦០លាន​ដុល្លារ​ ដើម្បី​ជួយ​បង្កើន​ជំនាញ​នៅ​កម្ពុជា​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​សម្រេច​ផ្តល់​ឥណទាន​ចំនួន​៦០​លាន​ដុល្លារ​ដើម្បី​ជួយ​បង្កើន​ជំនាញ​និង​ការ​ប្រកួត​ប្រជែង​នៃ​កម្លាំង​ការងារ​នៅ​កម្ពុជា​ពី​កម្រិត​ជំនាញ​ទាប​ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ ទៅ​ជា​កំណើន​សេដ្ឋកិច្ច​មួយ​ដែល​មាន​ការ​រុញច្រាន​ពី​ជំនាញ​ខ្ពស់​វិញ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចុះ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ឱ្យ​ដឹង​ថា​ ឥណទាន​នេះ​នឹង​ជួយ​ក្នុង​វិស័យ​អាទិភាព​ចំនួន​៤​ គឺ​កម្មន្ត​សាល ​សំណង់​ អគ្គិសនី​ និង​អេឡិចត្រូនិក។​

ការ​អភិវឌ្ឍ​ជំនាញ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ ​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា​ចំនួន​៥​ទូទាំង​ប្រទេស​កម្ពុជា​ រាប់​បញ្ចូល​ទាំង​ការ​កែ​លម្អ​បរិក្ខារ​នៅ​សាល​បណ្តុះ​បណ្តាល​ថ្មី​ចំនួន​១៦​ ដែល​មាន​ការ​គិត​គូរ​ពី​បញ្ហា​យេនឌ័រ​ដូចជា​ការ​សង់​បន្ទប់​ទឹក​ដោយ​ឡែក​ពី​គ្នា​សម្រាប់​ស្ត្រី និង​បុរស​​ការ​ផ្តល់​ឧបករណ៍ ​ការ​បណ្តុះ​បណ្តាល​កម្រិត​ខ្ពស់​និង​កម្រិត​ឧស្សាហ​កម្ម​ការ​បណ្តុះ​បណ្តាល​អភិវឌ្ឍ​​សមត្ថ​ភាព​សម្រាប់​គ្រូ​បង្គោល​និង​កម្ម​វិធី​មួយ​ចំនួន​ទៀត។​

គម្រោង​នេះ​នឹង​ផ្តល់​នូវ​កាលានុវត្ត​ភាព​សម្រាប់​ការ​បង្កើន​ជំនាញ​ និង​ ការ​រម្លឹក​ជំនាញ​ឡើង​វិញ​សម្រាប់​និយោជិត​ដែល​មាន​ស្រាប់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចន្លោះ​ប្រហោង​នៃ​ជំនាញ​និង​កង្វះ​ជំនាញ​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម ​តាម​រយៈ​កម្ម​វិធី​រៀនសូត្រ​ផ្អែក​លើ​ការងារ។ ​ADB​ប្តេជ្ញា​ថា ​នឹង​សម្រេច​ឱ្យ​បាន​នូវ​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​មួយ​ប្រកប​ដោយ​វិបុល​ភាព​ក្នុង​ការ​លុប​បំបាត់​ភាព​ទីទ័ល​ក្រ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.