ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត១រយនាក់ នាឱកាសបុណ្យអ៊ុំទូក

ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៩០នាក់នាឱកាសបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខ ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃនេះ បានអះអាងថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនាថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខនេះ។

ប្រភពដដែលបន្តថា សំណើសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៥១២ នាក់ ក្នុងនោះមានស្រី៥៨ នាក់ ហើយជាលទ្ធផលអង្គប្រជុំបានសម្រេចធ្វើសំណើរជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រក្នុងការផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប ៩០នាក់ ក្នុងនោះស្រី ១៧នាក់។

ក្រសួងយុត្តិធម៌បញ្ជាក់ថា ក្នុងចំណោមទណ្ឌិត៩០នាក់ ដែលត្រូវបន្ធូរបន្ថយ និងលើកលែងទោសឱកាសបុណ្យអុំទូក ឆ្នាំនេះរួមមាន ទណ្ឌិតដែលត្រូវ បន្ថយទោសចំនួន៦ខែចំនួន៥៨នាក់ក្នុងនោះស្រី១៣នាក់។

ករណីបន្ថយទោស៩ខែ មានចំនួន ១៤នាក់ក្នុងនោះស្រី០១នាក់និងបន្ថយទោស១២ខែ ចំនួន៨នាក់ ក្នុងនោះស្រីម្នាក់ ព្រមទាំងករណីលើកលែងទោសទាំងស្រុងមាន ចំនួន ១០នាក់ ក្នុងនោះស្រី២នាក់ ។

សំណើសុំលើកលែង និងបន្ធូរបន្ថយទោសនេះ កន្លងមកមន្រ្តីសង្គមស៊ីវិលធ្លាប់លើកឡើងពីភាពមិនប្រក្រតីនៃការជ្រើសរើសទណ្ឌិត ដោយថាអាចមានពាក់ព័ន្ធករណីអំពើពុករលួយ និងរឿងនយោបាយផងដែរ។ ជាក់ស្តែងមន្ត្រីអតីតបក្សប្រឆាំង សកម្មជនព្រៃឈើ សកម្មជនដីធ្លី ជាដើម កម្រនឹងមានឈ្មោះក្នុងការបញ្ជីស្នើសុំបន្ធូរបន្ថយឬលើកលែងទោសណាស់ បើទោះបីជាពួកគាត់បានអនុវត្តខ្លួនល្អ និងអនុវត្តទោសបានពីរភាគបី ក្នុងការជាប់ឃុំក៏ដោយ។

កាលពីដើមឆ្នាំ២០១៩ លោកហ៊ុន សែន បានជំរុញដល់ស្ថាប័នពាក់ព័ន្ធពិនិត្យមើលលទ្ធភាពដោះបន្ធូរបន្ថយឬ លើកលែងទោសដល់អ្នកជាប់ឃុំជាស្ត្រី ដើម្បីឱ្យពួកគាត់បានមកជួបក្រុមគ្រួសារ ហើយមានឱកាសប្រកបមុខរបរចិញ្ចឹមគ្រួសារឡើងវិញ ដោយលោកចាត់ទុកថាស្ត្រីជាបង្គោលគ្រួសារដ៏សំខាន់ទៀតផង។ ប៉ុន្តែមកទល់ពេលនេះ ចំនួនស្ត្រីដែលត្រូវបន្ធូរបន្ថយឬ លើកលែងទោស នៅតែមានចំនួនតិចតួចនៅឡើយ។

រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកតែម្តង៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.