លោកហ៊ុន សែន ថាមេដឹកនាំប្រទេសហុងគ្រី គាំទ្រកម្ពុជា ដើម្បីរក្សា EBA

លោក ហ៊ុន សែន បានអះអាងថា ប្រធានាធិបតីហុងគ្រី លោកយ៉ាណូស អាឌ័រ បានប្រកាសគាំទ្រកម្ពុជា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ លោក អាឌ័រ បានថ្លែងថា ប្រទេសហុងគ្រីនឹងប្រឹងប្រែងជួយការពារប្រព័ន្ធអនុគ្រោះពន្ធ (EBA) មិនឲ្យបាត់បង់។

ប្រធានាធិបតីនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយនេះ មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

លោក ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ លោក យ៉ាណូស អាឌ័រ (Janos Ader) មកកាន់កម្ពុជា នៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី រវាង កម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាព និងស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

លោក យ៉ាណូស អាឌ័រ (Janos Ader) បញ្ជាក់ថា ប្រទេសហុងគ្រី នឹងបញ្ជូនអ្នកជំនាញការរបស់ខ្លួន មកជួយកម្ពុជាក្នុងការសិក្សាអំពីបញ្ហាទឹកស្អាត បញ្ហាសំរាមទាំងសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុងជាដើម។

ការប្រកាសគាំទ្រ EBA នេះ ក្រោយពេលលោកហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសអតីតសម្ព័ន្ធប្លុកកុម្មុយនីស្តចំនួន៣នៅតំបន់អឺរ៉ុប រួមមានប្រទេសឆែក ប្រទេសប៊ុលហ្គារី និងប្រទេសហុងគ្រី កាលពីពេលថ្មីៗនេះ ដោយលោកបានស្នើសុំឱ្យថ្នាក់ដឹកនាំប្រទេសទាំងនេះជួយគាំទ្រកម្ពុជា ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ EBA មិនឱ្យបាត់បង់។

ការស្នើរបស់លោក ហ៊ុន សែន ស្របពេលដែលដំណើរការនីតិវិធីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ ពីសំណាក់សហភាពអឺរ៉ុបបានឆ្លងដល់ដំណាក់កាលទីពីរ ហើយនឹងសម្រេចក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលអឺរ៉ុបរកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន បានបំផ្លាញមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយចាប់តាំងពីការចាប់ឃុំខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងរំលាយគណបក្សមួយនេះ ចោលកាលពីចុងឆ្នាំ២០១៧។

រដ្ឋាភិបាលលោកហ៊ុន សែន បានស្វែងរកការគាំទ្រពីក្រៅប្រទេស ស្របពេលរដ្ឋាភិបាលឯកបក្សមួយនេះ បានបន្ថែមកម្លាំងធ្វើទុក្ខបុកម្នេញដល់អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិឥតស្រាកស្រាន្ត។

ក្នុងឆ្នាំ២០១៩នេះ ដោយគិតត្រឹមចុងខែតុលា មានអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងជាង៥០នាក់ ត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទរួមគំនិតក្បត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមការចង់បានរបស់លោកហ៊ុន សែន៕ 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.